ដោយ:ស៊ាថាំង/ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលោក អាសាដ យ៉ាគូប ( Asad Yaqub) ប្រធាន សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ប្រចាំប្រទេសកម្ពុជានាថ្ងៃទី២២មករានៅទីស្តីការក្រសួងឱ្យបង្កើនការផ្តល់ ហិរញ្ញប្បទានដល់វិស័យ ឯកជនកម្ពុជា។
លោក វង្សី វិស្សុត មានប្រសាសន៍ថា ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួម ចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ក្នុងពេលកន្លងមក ទាំងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងទាំងតាមរយៈការផ្តល់ប្រឹក្សា និងជំនួយបច្ចេក ទេស។ លោកក៏បានជម្រាបជូនដល់លោក អាសាដ យ៉ាគូប បានជ្រាបផងដែរអំពីស្ថានភាព នៃសេដ្ឋកិច្ចកម្ពុជា ដោយបានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ជារួមកំណើន សេដ្ឋកិច្ច កម្ពុជា ឆ្នាំ ២០២០ មានស្ថានភាពល្អប្រសើរជាងការរំពឹងទុក ទោះបីមានការថមថយក្តី។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ នេះ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ ដោយសារ ការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួននិងប្រសិទ្ធភាព នៃការអនុវត្ត វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកំណើននៃការ នាំចេញ តាមរយៈការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទីផ្សារ អង់គ្លេស ព្រមទាំងការប្រកាស អំពីកញ្ចប់ជំរុញកំណើនសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ រដ្ឋបាលថ្មីអាមេរិក ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា។ កំណើននេះក៏ផ្អែកលើការរំពឹង ទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ២០២១ នេះ ផងដែរ។
លោកបានបន្តថា ការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺមិនល្អនោះទេ ទាំងសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ ពិភពលោក ទាំងមូល ព្រោះវាបានបង្អាក់ និងដាក់ សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ពិសេសសកម្មភាពផលិតកម្ម។ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសជាច្រើន ពិសេសបណ្តាប្រទេសអភិវឌ្ឍន៍បានប្រើប្រាស់នូវឧបករណ៍ គោលនយោបាយទាំងផ្នែកសារពើពន្ធ និងរូបិយវត្ថុមិនធ្លាប់មានពីមុនមក ពិសេសការ បោះ ពុម្ភក្រដាស ប្រាក់ដ៏ច្រើន សន្ធឹក សន្ធាប់ សម្រាប់រ៉ាប់រងដល់អ្នកបាត់បង់ការងារ ឬមិនអាច ទៅធ្វើការងារបាន ដោយសារវិធានការ ទប់ស្កាត់ការរីករាល ដាល នៃជំងឺកូវីដ-១៩។ ប្រការនេះ អាចនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ថែមទៀតនៅក្នុង រយៈពេលមធ្យមខាងមុខ។ ដូច្នេះ ការចែកចាយ និងការទទួលបាននូវវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយគុណភាព និងសមធម៌ សម្រាប់គ្រប់ប្រទេសទាំងអស់ពិសេសបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ គឺមានភាពចាំបាច់ណាស់សម្រាប់ពិភពលោកទាំងមូល។ លោកក៏បាន ជម្រាបផងដែរ អំពីផែនការចែកចាយ និងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងនេះ ដើម្បីអាចទប់ស្កាត់ការរីករាល ដាលជំងឺផង និងដើម្បីអាចដំណើរការសេដ្ឋកិច្ចបានពេញលេញឡើងវិញផងព្រមទាំង ក៏ដូចជាដើម្បីបង្កើនទំនុកចិត្តក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍។
បន្ថែមលើនេះលោក វង្សី វិស្សុត បានស្នើដល់ IFC ឱ្យពង្រីកប្រតិបត្តិការ និងផ្តល់ឥណទាន ឱ្យបានកាន់តែច្រើនថែមទៀតដល់វិស័យឯកជនរបស់កម្ពុជា ពិសេសនៅក្នុងដំណាក់ កាលនៃការជំរុញ និង ស្តារ សេដ្ឋកិច្ច កម្ពុជា នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដោយបន្ត ផ្តោតលើវិស័យមួយចំនួនបន្ថែមទៀត ដូចជា កសិកម្ម, ឡូជីស្ទីក និងឌីជីថលជាដើម។ ជាមួយគ្នានេះក៏បានស្នើដល់ IFC ឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់ តែ ជិតស្និទ្ធ ថែ មទៀត ជាមួយ ក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការរៀបចំគោល នយោបាយសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ឌីជីថល និងវិនិយោគព្រមទាំងកសាង ប្រព័ន្ធអេកូឡូស៊ី សម្រាប់ការលើក កម្ពស់ សហគ្រិនភាព នៅ កម្ពុជា។
គួរបញ្ជាក់ដែរថា IFC គឺជាស្ថាប័នមួយ នៃធនាគារពិភពលោក (World Bank Group) ដែលផ្តោតលើវិស័យឯកជននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថាប័ននេះត្រូវបាន បង្កើតឡើងនៅក្នុងឆ្នាំ១៩៥៦។ គិតចាប់ពីឆ្នាំ២០០០ មក IFC បានវិនិយោគ និងកៀរគរ ទឹកប្រាក់ប្រមាណជាង ១ ប៊ីលានដុល្លារអាមេរិក នៅកម្ពុជាដោយផ្តោតសំខាន់លើ វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, កសិពាណិជ្ជកម្ម និងវិស័យអប់រំនៅកម្ពុជា៕/PC