ដោយ: សុខុម / ស្ទឹងត្រែង: សត្វកម្រមួយប្រភេទ ដែលមន្ត្រីអភិរក្សលើកឡើងថា ស្ទើតែជិតផុតពូជទៅហើយនៅលើពិភពលោកនោះ ស្រាប់តែមានវត្តមានលើទឹកដីខេត្តស្ទឹងត្រែង។
ពេលនេះកំពុងតែយកចិត្តទុកដាក់អភិរក្សបំផុត តាមរយៈការចុះអង្កេតតាមដាន និងការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ហាមមិនឲ្យមានការបរបាញ់ប្រព្រឹកបទល្មើសនៅតំបន់នោះជាដាច់ខាត ពីព្រោះវាគឺជាសត្វដ៏កម្រនិងជិតផុតពូជ។
ឃុំកោះស្រឡាយស្រុកសៀមបូកខេត្តស្ទឹងត្រែង គឺជាតំបន់ដីកោះមួយមានព្រៃនៅខ្លះផ្ដល់ជម្រកដ៏សំខាន់ សម្រាប់សត្វព្រៃធម្មជាតិ ដែលកំពុងតែមានការអភិរក្សនៅបច្ចុប្បន្ននេះ។ បក្សីព្រៃដ៏កម្រដែលមន្ត្រីអភិរក្សកំពុងថែរក្សានោះ គឺជាសត្វត្រយ៉ងចង្កំកស។
លោក ឡេង ថុល អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វត្មាតរបស់អង្គការមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ ហៅកាត់ថា (ACCB) ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា ខាងអង្គការរបស់លោកមានគោលដៅអភិរក្សសត្វត្មាត សត្វត្រយ៉ង និងសត្វដែលផុតពូជដ៏ទៃទៀត។ មជ្ឈមណ្ឌលនេះមានគោលបំណងធំគឺសង្គ្រោះព្យាបាលសត្វព្រៃទាំងឡាយណាដែលមានរបួស មានជំងឺ និងស្តារនីតិសម្បទាសត្វព្រៃ។
លោក ឡេង ថុល រៀបរាប់បញ្ជាក់បន្ថែមទៀតថា ពីមុនគឺមិនមានពពួកសត្វត្រយ៉ងចង្កំកសនៅតំបន់នេះនោះទេ ហើយអ្វីដែលជាការទាក់ទាញឲ្យសត្វត្រយ៉ងចង្កំកស មករកស៊ី និងមានវត្តមាននៅលើកោះនេះ ដោយសារតែនៅលើទឹកដីក្នុងភូមិសាស្ត្រកោះស្រឡាយនេះ សម្បូរទៅដោយចំណីអាហារ និងជម្រកសម្រាប់ពួកវា។
លោកថា មូលហេតុដែលអង្គការ ACCB អភិរក្សជាចម្បងទៅលើពពួកសត្វត្រយ៉ងចង្កំកស ដោយសារចំនួនរបស់វា មានការធ្លាក់ចុះដល់កម្រិតដែលត្រូវអភិរក្ស ហើយសត្វនេះ ក៏ត្រូវបានចាត់ចូលទៅជាពពួកសត្វដែលកម្រ និងមានសារៈសំខាន់។
លោក ឡេង ថុល បន្តថា នៅលើពិភពលោកយើងនេះ សត្វត្រយ៉ងចង្កំកស ត្រូវគេសង្កេតឃើញថា នៅមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនិងសត្វកម្រដទៃទៀត។
តាមការសង្កេតមើលអំពីសត្វត្រយ៉ង នៅប្រទេសកម្ពុជាយើងនេះ មាន៤ប្រភេទគឺៈសត្វត្រយ៉ងខ្លួនស ត្រយ៉ងយក្ស ត្រយ៉ងខ្លួនរលោងនិងត្រយ៉ងចង្កំកសនេះតែម្តង ។ ហានិភ័យបំផុតចំពោះសុវត្ថិភាពសត្វត្រយ៉ងចង្កំកស គឺប្រឈមជាមួយនិងក្មេងៗ ក៏ដូចជាប្រជាពលរដ្ឋមានទម្លាប់បរបាញ់សត្វព្រៃធ្វើជាអាហារ ដែលពួកគាត់ពុំទាន់ជ្រៀប អំពីការអភិរក្សសត្វប្រភេទកម្រនោះទេ ។ ហេតុដូច្នេះហើយបានជាក្រុមអភិរក្សយកចិត្តទុកដាក់ផ្សព្វផ្សាយ អំពីផលប៉ះពាល់ទៅលើសត្វប្រភេទនេះ ដែលកំពុងតែរស់នៅលើដីកោះនៅភាគខាងលិចឆៀងខាងត្បូងខេត្តស្ទឹងត្រែង។
ជាចុងក្រោយនេះក្រុមអភិរក្សសូមធ្វើការអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងដែលរស់នៅក្នុងភូមិសាស្ត្រនេះក្តី និងនៅខាងក្រៅភូមិសាស្ត្រក្តី បើកាលណាបានស្គាល់សត្វត្រយ៉ង ចង្កំកសនេះហើយ សូមចូលរួមការពារ និងអភិរក្សទាំងអស់គ្នាដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ព្រោះវាស្ថិតនៅក្នុងកម្រិតដែលត្រូវអភិរក្សហើយ។
សូមបញ្ជាក់ថា ប្រភេទសត្វត្រយ៉ងចង្កំកសដ៏កម្រនេះ វាអាចពងកូនម្តងចាប់ពី២ទៅ៤ពង ប៉ុន្តែតាមការសង្កេត និងស្រាវជ្រាវពីជំនាញ ឃើញថា កម្រពងដល់ចំនួន៤នោះទេ ភាគច្រើនគឺពងតែ២ប៉ុណ្ណោះក្នុងមួយរដូវ៕