Home ព័ត៌មានសំខាន់ៗ ទឹកឃ្មុំ​ព្រៃ...

ទឹកឃ្មុំ​ព្រៃ​នៃ​សហគមន៍​អ​បួន​លើ ខេត្តមណ្ឌលគិរី​ក្នុង​មួយឆ្នាំ​រកបាន​ចាប់ពី​២០​ទៅ​៣០​តោន​និង​កំពុង​រក​ទីផ្សារ​បន្ថែម​

​ដោយ​:​ដេប៉ូ​/​មណ្ឌលគិរី​: បច្ចុប្បន្ននេះ​របរ​រក​ទឹកឃ្មុំ​ព្រៃ ជា​របរ​ទី​២ របស់​ប្រជាកសិករ​។ បន្ទាប់ពី​ទំនេរ ពី​ការងារ​ធ្វើស្រែ​ចម្ការ ប្រជា​សហគមន៍​អ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បាននាំគ្នា​រក​ឃ្មុំ​គ្រាន់​បាន​ថវិការ​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​គួរ​បញ្ជាក់ថា​ទន្ទឹម​ជាមួយ​មុខរបរ​រក​ឃ្មុំ​នេះដែរ អាជ្ញាធរ និង​អង្គការ​ដៃគូ​ណែនាំ​ទៅដល់​ប្រជា​សហគមន៍​ឱ្យ​អនុវត្ត និង​ធ្វើតាម​លក្ខណៈ​បច្ចេកទេស ជៀសវាង​កុំ​សម្លាប់​ឃ្មុំ​ទាំង​សំបុក​។​

​លោក ចាន់ ឡា​លី មន្ត្រី​អង្គការ CIRD បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​សហគមន៍​អ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្មីៗ​មកនេះ​ថា បងប្អូន​ជនជាតិដើម​ភាគតិច នៅតាម​តំបន់​នីមួយៗ នៅតែ​បន្ត​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ ដើម្បី​លក់បាន​ប្រាក់ចំណូល សម្រាប់​ដោះស្រាយ​ជីវភាព​បន្ទាប់ពី​មុខរបរ​ធ្វើស្រែ​ចំការ និង​បាន​រួមគ្នា​ថែរក្សា​អត្តសញ្ញាណ​មុខរបរ​ពី​ដូនតា​មក​។​
​ ​
​ជាមួយនឹង​ទឹកឃ្មុំ​កាន់តែ​មានឈ្មោះ​និង​ធានាបាន​នូវ​គុណភាព​ល្អ​ផង​នោះ​លោក ចាន់ ឡា​លី មន្ត្រី​អង្គការ CIRD បានឱ្យដឹងថា សហគមន៍​របស់លោក​ត្រៀម​ចុះបញ្ជី​ការ​ទឹកឃ្មុំ​ព្រៃ មាន​កម្មសិទ្ធិបញ្ញា​ត្រឹមត្រូវ ដើម្បី​រួមគ្នា​ថែរក្សា កេរ្តិ៍ឈ្មោះ​របស់​សហគម​ន៍​។ នាពេលនេះ ក្រុម​សហគមន៍​កំពុង​ត្រៀម​ឯកសារ​រួចរាល់​ជិត ១០០​ភាគរយ​ហើយ ដើម្បី​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ នៅ​ក្រសួងពាណិជ្ជកម្ម​។


​ដោយឡែក ប្រធាន​ក្រុម​អ្នកប្រមូល​ឃ្មុំ​ព្រៃ​ជនជាតិដើម​ភាគតិច លោក កើ​ញ បូ​ផាត់ បានឱ្យដឹងថា​៖​របរ​រក​ទឹកឃ្មុំ​នេះ​ក្នុង​១​ឆ្នាំ ជាទូទៅ​ប្រមូល​ចូលក្នុង​សហគមន៍ ចាប់ពី​២០​តោន ទៅ​៣០​តោន បូក​រួមទាំង​ខាងក្រៅ​ផង​ពេលខ្លះ​ក៏​ច្រើនជាង​នេះ​។ លោក​ថាបើ​គេ​និយាយ​ពី​ទឹកឃ្មុំ​នៅ​ខេត្តមណ្ឌលគិរី គឺជា​ប្រភេទ​ទឹកឃ្មុំ​ចង្អេរ​ទាំងអស់​។ ទឹកឃ្មុំ​ទាំងនេះ ក្រៅពី​សុទ្ធ​ល្អ​ហើយ នៅមាន​គុណភាព​ឈ្ងុយឆ្ងាញ់​ថែមទៀត​។​

​លោក បន្ថែមថា​ក្នុង​១​ថ្ងៃ សហគមន៍​របស់លោក​លក់​ទឹកឃ្មុំ​បាន​ចាប់ពី​៥០ ទៅ​១០០​លីត្រ​។ សម្រាប​ទឹកឃ្មុំ​ព្រៃ ដែល​ប្រជា​សហគមន៍​ប្រមូល គឺ​ចាប់ផ្តើម​ពី​ខែ​៣ ដល់​ខែ​៦ ខណៈ​នៅ​ឆ្នាំ​២០២០ សហគមន៍​របស់លោក​បាន​បង្កើត​ឱ្យ​ក្រុម​ប្រមូល​ឃ្មុំ​ព្រៃ​ចំនួន ១១​ក្រុម និង​មាន​សមាជិក ៥១៦​នាក់ ទូទាំង​ខេត្តមណ្ឌលគិរី​។ ហើយ បច្ចុប្បន្ន​ទីផ្សារ​ទឹកឃ្មុំ​សហគមន៍​របស់លោក ក្រៅពី​ខេត្តមណ្ឌលគិរី គឺ​នៅមាន​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​មួយផ្នែក​បាន​លក់​តាម​អន​ឡាញ​ផងដែរ​។​


​លោក កើ​ញ បូ​ផាត់ បានឱ្យដឹង​ដែរ​ថា ឃ្មុំ​ព្រៃ​បច្ចុប្បន្ន មិនសូវ​សម្បូរ​ទេ ដោយសារ​ខ្វះ​ជម្រក​ហើយ​សកម្មភាព​យក​ឃ្មុំ​នេះ ក៏មាន​អ្នកខ្លះ​បាន​ប្រើ​ភ្លើង​ដុត​សម្លាប់​វា​ទាំង​សំបុក​។ របៀប​យក​ឃ្មុំ​ព្រៃ​បែបនេះ ពួកគាត់​បាន​ប្រើ​ភ្លើង​គុប ដើម្បី​បន្លាច​ឱ្យ​សត្វ​ឃ្មុំ​ហើរ​ចេញពី​សំបុក ទើប​យើង​ខ្វារ​យក ទឹក​របស់​វា ក្នុង​ឃ្មុំ​មួយ​អាច​បាន​ទឹក​ពីមួយ​លីត្រ ឬ​ទៅដល់ ៥​លីត្រ​ក៏មាន ទៅតាម​ឃ្មុំ​តូចធំ​។​

​ជាមួយគ្នានេះ​លោក​បានឱ្យដឹង​ដែរ​ថា​មុខរបរ​បន្ទាប់បន្សំ​និង​ផ្គួប​ផ្សំ​ការដាំ​បន្លែបង្កា​ផង​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ជីវភាព​ប្រសើរឡើង​។​កាលពីមុន​ពួកគាត់​ធ្លាប់តែ​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ​តែ​ពេលនេះ​ពួកគាត់​បាន​ផ្លាស់ប្តូរ​មុខរបរ​ទាំងនេះ​វិញ​ហើយ​។​សម្រាប់​មុខរបរ​រក​ឃ្មុំ​នាពេល​នេះដែរ​បងប្អូន​ជនជាតិភាគតិច​បាន​ចងក្រង​ជា​សហគមន៍​ដើម្បី​ងាយ​រក​ទីផ្សារ​៕srn


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular