ដោយ: បូកគោ / កំពត: ក្នុងមួយឆ្នាំៗ មនុស្សជាង៣លាននាក់ នៅលើពិភពលោកបានបាត់បង់ជីវិត ដោយសារគ្រឿងស្រវឹង។ ផ្តើមចេញពីវិបត្តិនេះ អង្គការសុខភាពពិភពលោកបានរកឃើញវិធានការ៤យ៉ាង ដែលត្រូវយកមមកប្រើប្រាស់ ដើម្បីប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់ពីគ្រឿងស្រវឹងនោះ។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដល់អ្នកសារព័ត៌មាន មកពី១៦អង្គភាព ស្តីពីផលប៉ះពាល់ដោយគ្រឿងស្រវឹង កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកសុង ឌៀរ៉ាក់ មន្ត្រីគម្រោងអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានអធិប្បាយអំពីខ្លឹមសារសំខាន់មួយចំនួន ជាការបញ្ជ្រាបបន្ថែម។ លោកបានបញ្ជាក់ថា គ្រឿងស្រវឹងជាមូលហេតុទី៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនជិត៣លាននាក់ នៅលើពិភពលោកតាមរយៈជំងឺជាង២០០ប្រភេទ។ ជំងឺធំៗ ដូចជាមហារីកបំពង់អាហារ មហារីកថ្លើម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ សម្រាប់កម្ពុជា គ្រឿងស្រវឹងជាដើមហេតុចម្បងទី២ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរដោយក្នុងឆ្នាំ២០១៤ ជនរងគ្រោះជាង២.០០០នាក់បានស្លាប់ និងរបួស ព្រមទាំងខាតបង់ទ្រព្យសម្បត្តិមានតម្លៃប្រមាណ៤៤លានដុល្លារ។
លោក សុង ឌៀរ៉ាក់ បានបន្តថា ជាកិច្ចឆ្លើយតបចំពោះហានិភ័យទាំងនេះ អង្គការសុខភាពពិភពលោកបានរកឃើញនូវវិធានការ៤ចំណុច ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយគ្រឿងស្រវឹង។ ក្នុងនោះ រួមមាន ១. ហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់, ២. កំណត់អាយុអ្នកទិញ និងអ្នកប្រើប្រាស់គ្រឿងស្រវឹង, ៣. ផ្តល់អាជ្ញាប័ណ្ណដោយកំណត់ទីតាំងលក់ និងទីតាំងប្រើប្រាស់គ្រឿងស្រវឹង, ៤. ដំឡើងពន្ធដែលជាវិធានការឈ្នះឈ្នះ ដោយអ្នកប្រើប្រាស់កាត់បន្ថយបរិមាណ នៃការសេព ហើយរដ្ឋបានប្រាក់ចំណូលច្រើន។ វិធានការទាំងនេះមានប្រសិទ្ធភាពទាមទារឱ្យមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាចម្បង៕