ដោយៈ ជា សីហៈ/ភ្នំពេញៈ សៀវភៅមួយក្បាលក្រោមចំណងជើងថា «Norodom Sihanouk & Zhou EnLai AnExtraordinaryFriendship On The Fringes Of The Cold War» នឹងចេញផ្សាយជាផ្លូវការនាខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
បណ្តាញសង្គមដែលគេដឹងថា ស្និទ្ធនឹងព្រះមហាក្សត្របានឲ្យដឹងថា សៀវភៅនេះនិពន្ធឡើងដោយ លោកបណ្ឌិត ជូលីអូ ជេដ្រេស ( Julio A.Jdres)អតីតលេខាផ្ទាល់និងអ្នកនិពន្ធព្រះរាជជីវប្រវត្តិរូបផ្លូវការនៃព្រះករុណាព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុបច្ចុប្បន្នជាទីប្រឹក្សាអមព្រះរាជឧុទ្ទកាល័យព្រះមហាក្សត្រ ឋានៈស្មើទេសរដ្ឋមន្ត្រី។
សៀវភៅនេះរៀបរាប់អំពីដំណើរនៃចំណងមិត្តភាពរវាងសហស្ថាបនិកចំណងការទូត កម្ពុជា-ចិន គឺព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ និង លោក ជូរ អេនឡាយ នាយករដ្ឋមន្ត្រីចិន។
សៀវភៅដ៏មានតម្លៃដ៏វិសេសវិសាលនេះហើយជាសៀវភៅមួយក្បាលដែលប្រមូលផ្តុំទៅដោយភាពជាក់ប្រាកដនៃរឿងរ៉ាវទាំងឡាយទាក់ទងទៅនឹងចំណងមិត្តភាពនៃសហស្ថាបនិកទាំងពីរដែលបានផ្តល់ជូនប្រជាជននិងប្រជាជាតិនៃប្រទេសទាំងពីរនូវចំណងមេត្រីភាពដ៏មានតម្លៃឧត្តុង្គឧត្តមបន្តមករាប់សិបជំនាន់ ។
លោកជូលីអូជេដ្រេសគឺជាឥស្សរជនឆ្នើមមួយរូបដែលបានគាល់បម្រើព្រះករុណាព្រះបរមរតនកោដ្ឋយ៉ាងស្មោះស្ម័គ្រនិងមានភក្តីភាពចំពោះរបបរាជានិយមកម្ពុជាហើយលោកបណ្ឌិតក៏ជាសាក្សីដ៏សំខាន់មួយរូបចំពោះទំនាក់ទំនងនយោបាយអន្តរជាតិនិងការទូតព្រមទាំងដំណើរការនៃការចរចារផ្សះផ្សារបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាពនៅកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ ៕.mara/សរន