ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញតាមបណ្តាញសង្គមរបស់លោកថាខេត្តដែលត្រូវបាននាយកដ្ឋាន គ្រប់គ្រងធនធានដីកសិកម្មចុះទៅធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ដី និងផែនទីដីដាំដុះដំណាំ ស្រូវគឺខេត្តព្រៃវែង។
លោកបានបន្តថាទៀតថា ការកំណត់នេះគឺធ្វើកាលពីក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ប្រព័ន្ធ ធ្វើចំណាត់ថ្នាក់ដីតាមបែបក្សេត្រវិទ្យរបស់កម្ពុជា ហើយ លទ្ធផលនៃការសិក្សាស្រាវជ្រាវ លម្អិតបានបង្ហាញថា ខេត្តព្រៃ វែងមានដីចំនួន ០៧ក្រុម ដែលមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
១. ក្រុមដីព្រៃខ្មែរ៖ គឺជាដីកកើតឡើងនៅលើល្បាប់ចាស់មានលក្ខណៈជាប្រភេទដីខ្សាច់ ដែលមានជម្រៅជ្រៅជាង៥០ស.ម ពិបាកគ្រប់គ្រងដោយសារមានសារធាតុសរីរាង្គទាប និងខ្សាច់ច្រើន។ ក្រុមដីប្រភេទនេះមានកម្រិតជីជាតិទាប និងជាទូទៅ ខ្វះសារធាតុអាសូត ផូស្វ័រ (P) ប៉ូតា ស្យូម (K) ស្ពាន់ធ័រ (S) និងម៉ាញ៉េស្យូម (Mg) ហើយមានការពុលជាតិដែក សមត្ថភាពរក្សាទឹកទុកទាប និងកម្រិតហូរច្រោះខ្ពស់។ ក្រុមនេះមានផ្ទៃដីចំនួន ៧៩៦ហ.ត តិចជាង១% នៃផ្ទៃដីសរុបទូទាំងខេត្ត។ ដីប្រភេទនេះមានលក្ខណៈសមស្របកម្រិតទាប សម្រាប់ដំណាំស្រូវ និងស្វាយ ចន្ទី និងអាចដាំដុះដំណាំដូចជាសណ្តែកបាយ ឆៃថាវ ឪឡឹក និងអំពៅ។ ដោយសារគុណវិបត្តិរបស់វា ចាំបាច់ត្រូវប្រើសារធាតុសរីរាង្គឱ្យបានញឹកញាប់ ដូចជាជីស្រស់ (ស្នោរ) ជីកំប៉ុស្តិ៍លាមកសត្វ ភ្ជួរលុបចំបើង ឬគល់ជញ្ជ្រាំងទៅក្នុងដី ចំពោះជីអាសូត ត្រូវបាចដោយកប់លុបទៅក្នុងដី។
២. ក្រុមដីប្រទះឡាង៖ គឺជាដីកកើតឡើងនៅលើល្បាប់ចាស់ដែលមានដីខ្សាច់នៅស្រទាប់ លើមានកម្រាស់តិចជាង ៤០ស.ម ហើយដីស្រទាប់ក្រោមមានលក្ខណៈជាល្បាយ ឬឥដ្ឋ។ ប្រភេទដីនេះមានកម្រិតជីជាតិទាប និងជាទូទៅ ខ្វះសារធាតុអាសូត ផូស្វរ័ (P) ប៉ូតាស្យូម (K) ស្ពាន់ធ័រ (S) ម៉ាញ៉េស្យូម (Mg) និងប័រ (B) ហើយងាយក្តាំងស្រទាប់លើ ដីរាក់មានគ្រួសរវៀន មានការពុលជាតិដែក សមត្ថភាពរក្សាទឹកទុកទាប និងកម្រិតហូរច្រោះខ្ពស់។ ដីប្រភេទនេះ មានចំនួន ១៥៥ ៤៥៣ ហ.ត ស្មើនឹង ៣១% នៃផ្ទៃដីសរុបទូទាំងខេត្ត និងមានលក្ខណៈសម ស្របសម្រាប់ដំណាំស្រូវ។ ដីនេះក៏អាចដាំដុះដំណាំសណ្តែកបាយ ឆៃថាវ ឪឡឹក អំពៅ និងស្វាយចន្ទី។ ដើម្បីលើកកម្ពស់គុណភាពដី ចាំបាច់ត្រូវប្រើសារធាតុសរីរាង្គឱ្យបាន ញឹកញាប់ដូចជា ជីស្រស់ (ស្នោរ) ជីកំប៉ុស្តិ៍លាមកសត្វ ភ្ជួរលុបចំបើង ឬគល់ជញ្ជ្រាំងទៅក្នុងដី ចំពោះជីអាសូត ត្រូវបាចដោយកប់លុបទៅក្នុងដី។
៣. ក្រុមដីក្រគរ៖ គឺជាដីកកើតឡើងលើវាលទំនាបល្បាប់ថ្មីលិចទឹកសកម្មដែលមានលក្ខណៈ ជាដីល្បាយឥដ្ឋ ឬឥដ្ឋ មានពណ៌ប្រផេះទៅត្នោត និងបែកក្រហែងពីតូចទៅមធ្យមតែមិនជ្រៅ ជាង ៥ ស.ម នៅពេលដីស្ងួត។ ដីស្រទាប់លើជាប្រភេទដីល្បាយ ឬដីឥដ្ឋ ហើយកន្លែងខ្លះ ឆ្លើយតបតែនឹងការដាក់ជីអាសូត និងផូស្វរ័ (P)។ នៅកន្លែងខ្លះដីនេះអាចមានបញ្ហាអាស៊ីត ស៊ុលផាត និងមានភាពហើមនៅពេលសើម។ ដីប្រភេទនេះមានចំនួន ៦៣ ១៦៦ ហ.ត ស្មើនឹង ១៣% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវហើយបើមានប្រភព ទឹកអាចដាំដុះដំណាំរួមផ្សំក្នុងរដូវប្រាំងបាន។
៤. ក្រុមដីបាកាន៖ ដីនេះកកើតឡើងនៅលើវាលទំនាបល្បាប់ចាស់ដែលមានដីស្រទាប់ លើជាល្បាយ ឬជាដីឥដ្ឋ ហើយមិនបែកក្រហែងទេ។ វាមានពណ៌ប្រផេះ ឬត្នោត។ ដីនេះមាន កម្រិតជីជាតិពីទាបទៅមធ្យម ហើយជាទូទៅវាខ្វះសារធាតុអាសូត ផូស្វរ័ (P) និងប៉ូតាស្យូម (K) ហើយមានការពុលជាតិដែក និងស្ពាន់ធ័រ (S)។ ក្រុមដីបាកានមាន រចនាសម្ព័ន្ធខ្សោយ មានលក្ខណៈសសុះ និងផ្ទៃខាងលើងាយហាប់ណែន។ ក្រុមនេះមានចំនួនប្រមាណ ២៣០ ១៩១ហ.ត ស្មើនឹង ៤៧% នៃផ្ទៃដីសរុប វាអំណោយផលសម្រាប់ដំណាំស្រូវ បន្លែ និងដំណាំ ឈើហូបផ្លែ។
៥. ក្រុមដីគោកត្រប់៖ គឺជាដីដែលមានវាយនភាពដីល្បាយ ឬឥដ្ឋ មានពណ៌ប្រផេះក្រម៉ៅ ឬត្នោតក្រម៉ៅទៅខ្មៅ និងបែកក្រហែងពីតូចទៅមធ្យម រាក់ឬជ្រៅជាង ៤ ស.ម នៅពេល ដីស្ងួត។ ក្រុមនេះបានកកើតឡើងនៅលើវាលល្បាប់ជំនន់ចាស់ដែលមានទំនាក់ទនង នឹងជំនោរទឹកសមុទ្រ មានសក្តានុពលពីមធ្យមទៅខ្ពស់ និងងាយស្រួលក្នុងការគ្រប់គ្រង។ ជាទូទៅ ក្រុមនេ មានកម្រិតផូស្វ័រ (P) ទាបខ្លាំង ខ្វះសារធាតុអាសូត និងប៉ូតាស្យូម (K) មានភាពអាស៊ីតខ្លាំង ព្រមទាំងមានការពុលជាតិដែក។ ដីប្រភេទនេះមានចំនួន ៤០៥ ហ.ត គឺតិចជាង ១% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ និងអំពៅ។
៦. ក្រុមដីកៀនស្វាយ៖ គឺជាដីមានជម្រៅជ្រៅក្នុងតំបន់លិចទឹកក្បែរទន្លេ មានលក្ខណៈជា ដីល្បាយ ឬជាដីឥដ្ឋ មានពណ៌ត្នោតភ្លឺទៅត្នោតដិត ហើយប្រេះក្រហែងធំៗនៅពេលស្ងួត។ ដីប្រភេទនេះកកើតនៅលើច្រាំងទន្លេ និងលើទំនាបជម្រាលពីច្រាំងទន្លេ។ ជាទូទៅ វាខ្វះសារធាតុអាសូត និងផូស្វរ័ (P)។ ដីប្រភេទនេះមានចំនួនប្រមាណជា ៣៧ ៥១០ហ.ត ស្មើនឹង ៨% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ និងសាកវប្បកម្ម និងមានសក្តានុពលខ្ពស់សម្រាប់ដំណាំរួមផ្សំក្នុងរដូវប្រាំង។
៧. ក្រុមដីកំពង់សៀម៖ ដីមានកំណើតពីកំណកនៃការពុកផុយរបស់ថ្មបាសាល់ ឬថ្មកំបោរ ហើយគេតែងតែសង្កេតឃើញមានវត្តមានដុំគ្រួស ថ្មបាសាល់ឬថ្មកំបោរនៅទាំងក្នុងស្រទាប់ លើ និងស្រទាប់ក្រោមនៃដីប្រភេទនេះ។ ដីនេះមានវាយនភាពជាដីឥដ្ឋដែលមានពណ៌ខ្មៅ ឬប្រផេះក្រម៉ៅ ហើយនៅពេលស្ងួតវាមានសភាពរឹងខ្លាំង និងបង្កើតបានជាក្រហែងធំៗ ជ្រៅៗនៅពីលើដីឥដ្ឋស្រទាប់ក្រោម។ ដីប្រភេទនេះមានជីជាតិល្អ ក៏ប៉ុន្តែជាទូទៅវាខ្វះ សារធាតុអាសូត ផូស្វ័រ (P) និងស័ង្គសី (Zn) មានការពុលជាតិដែក និងភាពស្អិតខ្លាំង នៅពេលសើម។ ដីប្រភេទនេះមានចំនួនប្រមាណជា ១ ១០៤ ហ.ត គឺតិចជាង ១% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ ហើយប្រសិនបើមានប្រភពទឹក អាចដាំដំណាំរួមផ្សំក្នុងរដូវប្រាំងបាន។
សូមជម្រាបជូនថា ខេត្តព្រៃវែងគ្របដណ្តប់ដោយវាលស្រែដ៏ធំល្វឹងល្វើយដែលជាតំបន់ ទំនាបដំណាំស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងមានដីដាំដំណាំរួមផ្សំ សាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្មផងដែរ។ ក្នុងឆ្នាំ២០២០ តាមរយៈរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឱ្យដឹងថាខេត្តព្រៃវែងមានផ្ទៃដីដាំដុះស្រូវសរុប ចំនួន ៣៣៧ .០០០ហ.ត ព្រមទាំងមានផ្ទៃដីដាំដំណាំរួមផ្សំសរុបចំនួន ១២ .០០០ហ.ត៕/PC