ដោយៈ បូកគោ / កំពតៈ វត្តមានសត្វក្រៀល នៅតំបន់ការពារធម្មជាតិ អន្លង់ព្រីង មានភាពយឺតយ៉ាវ និងថយចុះ ជាងបណ្តាឆ្នាំមុនៗ បានបង្កក្តីព្រួយ សម្រាប់សហគមន៍ ដែលធ្លាប់ទទួលចំណូល តាមរយៈភ្ញៀវទេសចរ មកកម្សាន្ត។ កន្លែងសត្វក្រៀល មករកចំណី និងស្នាក់នៅនេះ ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រ ភាគខាងកើតទីរួមខេត្តកំពត។
លោក ម៉ម រិន ប្រធានសហគមន៍ ខាងលើ បានប្រាប់ឱ្យដឹងថាៈ ឆ្នាំនេះ សត្វក្រៀល ចាប់ផ្តើមចុះ ក្នុងតំបន់អន្លង់ព្រីង នៅថ្ងៃទី៦ ខែមករា ដោយវត្តមាន ប្រភេទសត្វកម្រនោះ បីក្បាល ដែលជាអ្នកនាំមុខ។ ជាបន្តបន្ទាប់ ពោលគឺដល់ព្រឹកថ្ងៃទី២២ ខែមករា ទើបតែមានសត្វក្រៀល ជាង ៣០ ក្បាល ដែលចុះរកចំណី និងស្នាក់នៅទី ដែលភ្ញៀវជិតឆ្ងាយ ពិសេសទេសចរបរទេស និយមចូលចិត្ត មកទស្សនាកម្សាន្តនោះ។ បើតាមការប៉ាន់ប្រមាណ សម្រាប់ឆ្នាំនេះ វត្តមានសត្វក្រៀល នឹងមិនអាចលើសពីចំនួន ៦០ ក្បាលទេ។
លោកប្រធានសហគមន៍ បានបញ្ជាក់ថាៈ កាលពី ៦ ទៅ ៧ ឆ្នាំមុន សត្វក្រៀល ចាប់ផ្តើមបង្ហាញខ្លួន នាចុងខែវិច្ឆិកា និងត្រឡប់ចេញវិញ នៅខែឧសភា ជាទៀងទាត់។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយ ការមកដល់ មានភាពយឺតយ៉ាវ ហើយឆាប់ត្រឡប់ទៅវិញ ពោលគឺវត្តមានសត្វកម្រ ក្នុងតំបន់ការពារអន្លង់ព្រីង កាន់តែមានរយៈពេលខ្លីទៅៗ។ នេះអាចបណ្តាលមកពី ការហោចចំណី និងកត្តាប្រែប្រួលអាកាសធាតុ។ បើនិយាយពីការរំខាន ដោយមនុស្ស លែងមានទៀតហើយ ព្រោះអ្នកស្រុក បានយល់ដឹងគ្រប់គ្នា ចំពោះប្រភេទសត្វកម្រនេះ។
លោក ម៉ម រិន បានប្រាប់ឱ្យដឹងទៀតថាៈ កាលពីឆ្នាំ២០១៤ សត្វក្រៀល ក្នុងតំបន់ការពារធម្មជាតិ អន្លង់ព្រីង មានជាង ៣០០ ក្បាល ឯឆ្នាំ ២០២០ នៅតែ ៨០ ក្បាលប៉ុណ្ណោះ។ ជាការឆ្លើយតបចំពោះវិបត្តិនេះ គណៈកម្មការ បានរិះរកវិធី ជួយដល់សមាជិក ក៏ដូចជា ប្រជាពលរដ្ឋ ក្នុងសហគមន៍ ដែលធ្លាប់រកប្រាក់ ចំណូលបន្ថែម តាមរយៈវិស័យទេសចរណ៍។ មធ្យោបាយទាំងនោះ រួមមាន បំផុសពលរដ្ឋ ឱ្យបន្តរក្សាស្នាដៃ កេរដូនតា ដូចជា ការធ្វើនំបញ្ចុក សិប្បកម្មត្បាញចចូត ជាប្រដាប់ប្រើប្រាស់ផ្សេងៗ សកម្មភាពបិតស្រា បង្កើនកិច្ចថែរក្សា តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ជាដើម។ អ្វីដែលសហគមន៍ អាចជួយពួកគាត់បាន គឺការនាំភ្ញៀវទេសចរ ទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលទាំងនោះ តាមរយៈគោយន្ត និងកង់ ជាច្រើនគ្រឿង ដែលកំពុងបម្រុងទុកស្រាប់៕/V.mara/សរន