ដោយៈ គាត ស្រីឡែន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង/ភ្នំពេញៈភូមិក្តុលលើ គឺជាតំបន់សង្គ្រាមក្តៅមួយដោយមានវត្តមានទាហានសហរដ្ឋអាម៉េរិក ទាហានវៀតណាមខាងត្បូង (ធីវ-គី) កងទ័ពវៀតកុង និងកងទ័ពខ្មែរក្រហមតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០។ប្រជាជនរស់នៅភូមិក្តុលលើនិងភូមិជិតខាងនេះសុទ្ធតែធ្លាប់ទទួលរងគ្រោះនៃការទម្លាក់គ្រាប់បែក ការរត់គេចពីគ្រាប់កាំភ្លើង និងត្រូវបានជម្លៀសចេញពីភូមិស្រុកឲ្យទៅរស់នៅតំបន់ និងខេត្តឆ្ងាយ។
ម៉ែន ម៉ូវ ជនជាតិស្ទៀង អាយុ៨២ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកយាយម្នាក់រស់ភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសម្បុរសណ្តែកបាយ មាឌតូចល្អិតនិងដំណើរមួយៗបានរៀបរាប់ ពីរៀបរាប់រឿងរ៉ាវជីវិតរបស់គាត់ដែលបានឆ្លងកាត់ក្នុងសង្គ្រាមដ៏កាចសាហាវដូចខាងក្រោម៖
ខ្ញុំឈ្មោះ ម៉ែន ម៉ូវ ជនជាតិដើមភាគតិចស្ទៀង មានអាយុ ៨២ឆ្នាំ ខ្ញុំមានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាមដែលបច្ចុប្បន្នគឺខេត្តត្បូងឃ្មុំ។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ខ្ញុំមានឪពុកឈ្មោះមែ (ស្លាប់) និងមានម្ដាយឈ្មោះខួច (ស្លាប់)។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះមានស្រី៥នាក់ និងប្រុស២នាក់។
ប្អូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារតែជំងឺគ្មានថ្នាំព្យាបាលនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំគឺជាកូនទី៥ នៅក្នុងគ្រួសារ។ ខ្ញុំមានប្តីឈ្មោះ ហាន យុន និងមានកូនប្រុស២នាក់។
កាលពីខ្ញុំនៅក្មេងខ្ញុំមិនបានរៀនសូត្រទេដោយសារតែសម័យនោះមិនមានសាលារៀន។ប្រសិនបើសិស្សចង់រៀនសូត្រត្រូវទៅរៀននៅតាមវត្ត ឬក្រោមម្លប់ឈើ។ នៅក្នុងភូមិរបស់ខ្ញុំមិនសូវមានមនុស្សរៀនសូត្របានច្រើនទេដោយសារមិនមានសាលារៀនហើយឪពុកម្តាយមានជីវភាពខ្វះខាត។ នៅសម័យក្មេងបានរៀនសូត្រចេះអាន និងចេះសរសេរតិចតួចណាស់។
ផ្លូវលំចូលទៅផ្ទះ ម៉ែន ម៉ូវ ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។
(គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយសារតែខ្ញុំមិនបានចូលរៀនដូច្នេះខ្ញុំត្រូវជួយឪពុកម្ដាយធ្វើស្រែចម្ការ ដាំបន្លែបង្ការ ហើយពេលទំនេរត្រូវជួយមើលប្អូនតូចៗ។
ខ្ញុំរៀបការនៅអាយុ២០ឆ្នាំ។បន្ទាប់ពីខ្ញុំសម្រាលបានកូនប្រុសមួយទើបរាជរដ្ឋាភិបាលសាងសង់សាលាបឋមសិក្សាមួយនៅក្នុងភូមិក្តុលលើ។សាលានោះបានបើកឲ្យសិស្សបានចូលរៀនរហូតមកដល់សព្វថ្ងៃ។ នៅពេលនោះ ខ្ញុំនិងប្តីបានប្រកបរបរធ្វើចម្ការដាំបន្លែបង្ការសម្រាប់ ហូបចុកប្រចាំថ្ងៃ។យើងមានជីវភាពមធ្យម ហូបគ្រប់គ្រាន់ និងមិនលំបាកទេ។
នៅកាលសម័យនោះមានប្រជាជនភាគច្រើនរស់នៅប្រកបរបរកសិកម្មធ្វើចម្ការដាំស្រូវតាមព្រៃ និងដាំបន្លែបង្ការនៅក្បែរផ្ទះរៀងៗខ្លួន។
នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ក៏កើតមានសង្គ្រាមទាហានអាមេរិកបានមកទម្លាក់គ្រាប់បែកនៅភូមិក្តុលលើនិងភូមិមួយចំនួននៅក្បែរ នោះ។ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ព្រោះមិនដឹងថានឹងមានអ្វីបានកើតឡើងនៅក្នុងភូមិរបស់ខ្ញុំឡើយ។ បន្ទាប់មកទាហានអាមេរិក និងរថក្រោះអាមេរិក បានចូលមកដល់ភូមិក្តុលលើ។
មានមនុស្សជាច្រើនបានត្រូវគ្រាប់រងរបួសនិងបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែកនិងការប្រយុទ្ធគ្នារវាងទាហានអាម៉េរិកសហការ ជាមួយទាហានវៀតណាមខាងត្បូង (ធីវ-គី)វាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតកុងដែលមានការគាំទ្រពីសំណាក់ខ្មែរក្រហម។ ដោយសារតែសង្គ្រាមបានបណ្តាលឲ្យប្រជាជនមួយចំនួនត្រូវពិការដៃពិការជើងនិងភ្នែករហូតមកដល់សព្វថ្ងៃ។ពិការភាពទាំងនេះបានធ្វើឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។
បន្ទាប់ពីសង្គ្រាមជាមួយទាហានអាមេរិកបានបញ្ចប់ នៅក្នុងស្រុកភូមិរបស់ខ្ញុំត្រូវធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនដែលរស់នៅក្នុងភូមិធ្វើស្រែចម្ការ និងហូបចុករួមគ្នានៅក្នុងសហករណ៍។នៅក្នុងសម័យ នោះខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីចំនួន៥គ្រួសារមកពីភ្នំពេញឲ្យមករស់នៅក្នុងភូមិក្តុលលើ។ក្នុងនោះមានប្រជាជនថ្មីមួយគ្រួសារ ត្រូវបានចាត់តាំងឲ្យស្នាក់នៅក្នុងផ្ទះជាមួយគ្រួសារខ្ញុំ។
ផ្ទះរបស់ ម៉ែន ម៉ូវ ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។
(គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ខ្មែរក្រហមបានចាត់តាំងឲ្យប្រជាជនថ្មីធ្វើការងារដូចប្រជាជនមូលដ្ឋានដែរគឺត្រូវទៅធ្វើស្រែចម្ការដកស្ទូងនិងធ្វើការងារកសិកម្មផ្សេងៗទៀត។ ប្រជាជនថ្មីក៏ត្រូវរស់នៅ និងហូបចុករួមនៅក្នុងសហករណ៍ដូចគ្នា។
នៅក្នុងរបបខ្មែរក្រហមប្រជាជននៅភូមិក្តុលលើត្រូវបានកម្មាភិបាលឲ្យហូបបបរនៅពេលថ្ងៃត្រង់និងហូបបាយនៅពេលល្ងាច។ ប្រជាជនបានចាញ់ឃោសនាខ្មែរក្រហម ដោយជឿថា ពេលខ្មែរក្រហមបានឡើងកាន់អំណាចនឹងមានបាយហូបគ្រប់គ្រាន់ ប៉ុន្តែជាក់ស្ដែងមិនដូចការគិតរបស់ប្រជាជនឡើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនជួបការលំបាកនិងវេទនាខ្លាំងគឺផ្ទុយស្រឡះ ពីការរស់នៅជាឯកជនតាមគ្រួសារ ប្រកបរបររកស៊ីដោយខ្លួនឯងគឺប្រជាជនបានហូបចុកគ្រប់គ្រាន់និងមិនធ្វើការងាររួមគ្នានៅក្នុង សហករណ៍ឡើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើការងារពលកម្មច្រើនម៉ោង និងធ្ងន់ធ្ងរ ហើយហូបចុកមិនគ្រប់គ្រាន់។ ប្រជាជនមួយចំនួនមានជំងឺ និងស្លាប់ដោយសារខ្វះចំណីអាហារ។
នៅអំឡុងចុងឆ្នាំ១៩៧៧និងដើមឆ្នាំ១៩៧៨ខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិក្តុលលើនិងភូមិមួយចំនួនទៀតឲ្យទៅរស់នៅភូមិស្រែតាពិច និងភូមិកូនក្រពើ ក្នុងឃុំជាំតាម៉ៅ។ខ្ញុំនិងក្រុមគ្រួសារបានរស់នៅភូមិស្រែតាពិចបានជិតមួយវស្សា។នៅទីនោះ គ្រួសារខ្ញុំ និងអ្នកភូមិទាំងអស់កាន់តែមានជីវភាពខ្វះខាត និងវេទនាជាងមុនទៅទៀត។ ប្រជាជនបានស្លាប់កាន់តែច្រើនដោយសារអស់កម្លាំង នឿយហត់ ខ្វះចំណីអាហារ ឈឺថ្កាត់គ្មានថ្នាំសង្កូវព្យាបាល។ ចំណែកការងារពលកម្មវិញគឺមិនខុសគ្នាពីការងារដែលខ្ញុំនិងអ្នកភូមិដទៃ ទៀតធ្លាប់បានធ្វើកាលនៅភូមិក្តុលលើទេគឺខ្មែរក្រហមបានបង្ខំឲ្យយើងធ្វើការងារពលកម្មគ្រប់បែបយ៉ាងដូចជា ដកស្ទូង កាប់ដី ធ្វើស្រែចម្ការស្ទើរគ្មានពេលសម្រាក។ភូមិស្រែតាពិចគឺជាទីកន្លែងដែលប្អូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់បាត់បង់ជីវិតដោយជំងឺគ្មានថ្នាំព្យាបាល។ ចំណែកខ្ញុំមិនបានរស់នៅជួបជុំប្ដី និងកូនទេ ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យចេញទៅធ្វើការងារនៅឃុំចាន់មូល ស្រុកត្រមូង តំបន់២១ ភូមិភាគបូព៌ា។
ខ្ញុំបានជួបជុំប្តីខ្ញុំវិញនៅពេលដែលខ្មែរក្រហមបន្តជម្លៀសប្រជាជនពីស្រែពិជទៅស្រុកស្នួលខេត្តក្រចេះ។គ្រួសារខ្ញុំនិងអ្នកភូមិដទៃទៀតបាន មករស់នៅ និងធ្វើការងារពលកម្មនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះមួយរយៈទើបខ្មែរក្រហមបន្តជម្លៀសទៅទីរួមខេត្តក្រចេះ ទៀត។ខ្ញុំនិងប្តីបានស្នាក់នៅម្តុំថ្មគ្រែមិនបានប៉ុន្មានថ្ងៃផងក៏ត្រូវបានខ្មែរក្រហមបញ្ជូនឡើងកាណូតធ្វើដំណើរមកកាន់ស្រុកស្ទឹងត្រង់ភូមិភាគកណ្តាលវិញ។ បន្ទាប់មកខ្មែរក្រហមបានយករថយន្តដឹកខ្ញុំនិងគ្រួសារឲ្យមករស់នៅក្នុងស្រុកចម្ការលើ។
នៅខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយចូលមកដល់ស្រុកចម្ការលើខ្មែរក្រហម ក៏បានរត់ចេញទៅបាត់អស់។នៅខណៈពេលនោះខ្ញុំរួមជាមួយក្រុមគ្រួសារនិងអ្នកភូមិផ្សេងដទៃទៀតបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ពេលត្រឡប់មកដល់ផ្ទះវិញគឺមានភាពស្ងប់ស្ងាត់និងគ្មានមនុស្សរស់នៅឡើយ។ចំណែកឯផ្ទះសម្បែងវិញគឺព្រៃដុះព័ទ្ធជុំវិញពីព្រោះ
គ្មានមនុស្សរស់នៅយូរឆ្នាំមកហើយ។
ខ្ញុំនិងក្រុមគ្រួសារបានកាប់ឆ្ការព្រៃនិងរៀបចំផ្ទះឡើងវិញ។គ្រួសារខ្ញុំបានចាប់ផ្តើមកសាងជីវភាពពីបាត់ដៃទទេដោយធ្វើស្រែចម្ការដាំដុះដំណាំ ផ្សេងៗដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ៕សរន