ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា បានប្រកាសនូវ លទ្ធផលបឋមនៃការអង្កេតតាមដាននិងស្វែងរកសំបុកសត្វត្រយងចង្កំកសនៅដែនជម្រកសត្វព្រៃលំផាត់។
ប្រភពដដែលបានអះអាងថា សត្វត្រយងចង្កំកស គឺប្រភេទបក្សីជិតផុតពូជបំផុត។ បក្សីប្រភេទនេះបន្តពូជនៅក្នុងរដូវប្រាំងចាប់ពីខែ ធ្នូ រហូតដល់ខែមេសា។ សត្វនេះមាន វត្តមាននិងពងកូន ជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់។
ប្រភពដដែលបានបន្តថា នាដើមរដូវកាលពងកូនឆ្នាំ២០២០-២០២១នេះ ក្រុមការងារ យើងបានរកឃើញសំបុកសត្វត្រយងចង្កំកសបានចំនួន៥សំបុកហើយនៅដែនជម្រកសត្វព្រៃនេះ។ ការតាមដាននិងស្រាវជ្រាវរកសំបុកកំពុងបន្តយ៉ាងសកម្ម ជាលទ្ធផលសំបុក មួយត្រូវបានរកឃើញថាបរាជ័យដោយសារបក្សីផ្សេងទៀតស៊ីពងចំណែកបួនសំបុក ទៀតកំពុងក្រាបពង យើងសង្ឃឹមថានឹងមានសំបុកផ្សេងទៀតនឹងត្រូវបានរកឃើញ និងធ្វើការអង្កេតតាមដាន។
ការបាត់បង់ទីជម្រក (ទីតាំងពងកូននិងរកចំណី) និងការរំខានដោយសកម្មភាពមនុស្ស គឺជាកត្តាគំរាមកំហែងចំបងចំពោះបក្សីប្រភេទនេះ។ ដែនជម្រកសត្វព្រៃលំផាត់ជា ជម្រកនៃបក្សីជាតិកម្ពុជា៕/PC