ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ដល់អ្នកដែល មានភស្តុតាងថ្មី ពាក់ព័ន្ធករណី នៃការស្លាប់របស់លោក ជា វិជ្ជា ដាក់ជូនតុលាការ ដើម្បីចាត់ វិធានការបន្ត និងស្វាគមន៍ ចំពោះការអំពាវនាវ និងសំណូមពរ របស់សហព័ន្ធសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដល់រាជរដ្ឋាភិបាល ចាត់ការស៊ើបអង្កេត តាមនីតិវិធី ស្វែងរកមុខឃាតក ពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នង ដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោស តាមច្បាប់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ រាជរដ្ឋាភិបាល ស្វាគមន៍ និងតែងតែលើកទឹកចិត្ត ដល់អ្នកដែលមានព័ត៌មានឬក៏ភស្តុតាង ណាថ្មី អាចដាក់បង្ហាញ ជូនទៅតុលាការ មិនមែនបានសេចក្តីថា យើងទាត់ចោល មិនសើរើ គឺបើកជំហរ នៅក្នុងសាច់រឿងនេះ។
អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថាៈ “រដ្ឋាភិបាលមិនមានជំហរ ការពារ ពួកឃាតកទេ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ បើសិនជាមានភស្តុតាងថ្មី សូមមេត្តាយកមកបង្ហាញ ព្រះរាជអាជ្ញា តុលាការ នឹងចាត់វិធានការ បន្តទៅទៀត”។
ការបញ្ជាក់របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើង បន្ទាប់ពីសហព័ន្ធសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីរម្លឹកខួប ១៧ ឆ្នាំ នៃមរណភាព លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ នៅក្នុងពិធីរម្លឹកខួបនេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា បានអំពាវនាវ និងសំណូមពរ យ៉ាងទទូចឲ្យសមត្ថកិច្ច នគរបាលយុត្តិធម៌ គ្រប់ថ្នាក់ និងគ្រប់ផ្នែក ជាពិសេសស្ថាប័នរដ្ឋាភិបាល ចាត់ការស៊ើបអង្កេត តាមនីតិវិធី ស្វែងរកមុខឃាតក ពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នង ដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោស តាមច្បាប់។
សូមរម្លឹកថា លោកជា វិជ្ជា អតីតមេដឹកនាំ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅមុខតូបលក់កាសែត ក្បែររបងខាងលិចវត្តលង្ការ ខណៈពេលដែលលោក កំពុងតែអានកាសែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ៕/V-PC