Home ព័ត៌មានសំខាន់ៗ ទេសរដ្ឋមន្ត្រ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល : ក្រសួង​សាធារណ​ការរៀបចំ​កែទម្រង់​រចនាសម្ព័ន្ធ​ធនធានមនុស្ស​ឡើងវិញ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប

​ដោយៈ​សុផល​/​ភ្នំពេញ​: ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ អគារ​ទីស្តីការក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃនេះ​លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ដោយ​ផ្អែកលើ​ការអភិវឌ្ឍ និង ការរីកចម្រើន​របស់​ប្រទេសជាតិ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានរៀបចំ​កែទម្រង់​រចនាសម្ព័ន្ធរ​បស់​ខ្លួន ក្នុងនោះ​រួមមាន​៖ បានរៀបចំ​ធនធានមនុស្ស​ឡើងវិញ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​បានគិត​គូរ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ និង​បេសកកម្ម​ចម្បង​របស់​ក្រសួង ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ និង​ការផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ការផ្លាស់ប្តូរ​ទីតាំង​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មក​ទីតាំង​ថ្មី និង​ការដាក់ឱ្យ​ដំណើរការ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នេះ គឺជា​ការបញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​បង្ហាញឱ្យឃើញ​ពី​ការផ្លាស់ប្តូរ និង​ការរីកចម្រើន​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុងសម័យ​តេ​ជោ ដ៏​រុងរឿង​ពោរពេញ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ ថ្លៃ បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ មន្ដ្រី​ដែលជា​អគ្គម​គ្គុ​ទេ្ទ​សក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ពុះពារ​កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស បាន​ដឹកនាំ​នាវា កម្ពុជា​ឆ្ពោះទៅរក ភាពជោគជ័យ​ថ្មីៗ​ជា​បន្តបន្ទាប់​ជាច្រើន សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត​ជាមួយ​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង​របស់​កម្ពុជា ចំ​ថ្ងៃ​ខួប​លើក​ទី​២២​នៃ​ការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា និង​បាន​នាំមក​នូវ​ការឯកភាព​ជាតិ និង​បូរណភាព ទឹកដី ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ “​សន្តិភាព​” ដែលជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុះ​មុត​ថា នឹង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ ខ្លាំងក្លា និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានាបាន​គុណភាព និង​ប្រសិទ្ធភាព​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជាមួយនឹង​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង វិទ្យាស្ថាន​តេ​ជោ​សែន មណ្ឌល​ផ្តល់​សេវាសាធារណៈ​ថ្មី និង​គ្រឿងចក្រ​ជាច្រើន​ដែល​ក្រសួង​មាននៅ​ពេលនេះ​។

​លោក ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ទីភ្នាក់ងារ​JICA​ជប៉ុន ដៃគូ​អភិវឌ្ឍន៍​នានា រួមទាំង​ក្រុមហ៊ុន គមនាគមន៍ និង​សំណង់​ចិន (CCCC)/(CRBC) និង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) ដែល​បាន​ចូល រួមចំណែក​ក្នុងការ​សម្រេចបាន​ជោគជ័យ និង​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​ស្របតាម​ចក្ខុវិស័យ និង​បេស​ក កម្ម​របស់​ក្រសួង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular