ដោយៈសុផល/ភ្នំពេញ៖ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងនិងក្រៅប្រទេសមានភាពងាយស្រួលក្នុងការផ្ទេរលុយនោះ ស្ថាប័នហិរញវត្ថុធំៗពីរបាន រួមគ្នាជំរុញការផ្ទេរប្រាក់ឆ្លងប្រទេស។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជាកំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT)ផងដែរ។
ឥឡូវនេះអតិថិជនទាំងឡាយអាចប្រើប្រាស់សេវាRiaដើម្បីផ្ញើប្រាក់មកកម្ពុជាហើយអ្នកទទួលអាចដកប្រាក់តាមរយៈភ្នាក់ងារវីងដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវាឡើយ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ពួកគេគួរតែអាចផ្ញើប្រាក់ដែលរកបានដោយលំបាកមកក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើតដោយមិនមានឧបសគ្គអ្វីទាំងអស់បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តីដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃក៏ដូចជាតម្រូវការនានាក្នុងគ្រាមានអាសន្នផងដែរ។សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត»។
លោកម៉ានូបានបន្តថា៖« ភាពជាដៃគូនេះបានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក។»
Riaជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោកដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ សព្វថ្ងៃRiaផ្តល់សេវាជាង៤៤៧០០០កន្លែងដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖សហរដ្ឋអាមេរិកកូរ៉េខាងត្បូងថៃហ្វីលីពីនចិនម៉ាឡេស៊ីអូស្ត្រាលីឥណ្ឌានិងវៀតណាមជាដើម។
Riaធ្វើឱ្យពិភពលោកកាន់តែរួមតូចដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេតាមរយៈការផ្ទេរប្រាក់កំរិតពិភពលោក។
លោក Espen Kristensen នាយកគ្រប់គ្រង APAC របស់ Ria មានប្រសាសន៍ថា៖« យើងពិតជារីករាយដែលបានសម្ពោធជាផ្លូវការនូវភាពជាដៃគូជាមួយវីង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្តល់សេវាផ្ទេប្រាក់កាន់តែល្អប្រសើរដល់អតិថិជនដែលកំពុងមានតំរូវការខ្លាំង និងទៅគ្រប់ទីកន្លែងដែលចាំបាច់ ដោយឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។»
អ្នកទទួលប្រាក់នៅកម្ពុជា គ្រាន់តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ជាមួយលេខកូដ១១ខ្ទង់ដែលទទួលបានពីអ្នកផ្ញើប្រាក់។ ជាមួយឯកសារណាមួយក្នុងចំណោមឯកសារទាំងនេះ ពួកគេអាចបំពេញព័ត៌មានជាមួយឯកសារដែលភ្នាក់ងារវីងចែកជូន ហើយពួកគេអាចដកប្រាក់ជាមួយភ្នាក់ងារវីងជាង៤០០០កន្លែងដែលមានស្លាកយីហោRia។
យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ប្រជាជនចំណាកស្រុកបានផ្ញើប្រាក់មកកម្ពុជាប្រមាណ ១, ៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយ៥៣លានដុល្លារបានផ្ញើមកពីប្រទេសកូរ៉េខាងត្បូង។Ph