ដោយៈ អង្គរតូច/សៀមរាបៈ បុគ្គលិកក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS ប្រមាណ ៧៥ នាក់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ បានលើកគ្នា មកកាន់មន្ទីរការងារ ដើម្បីអោយខាងមន្ទីរ ជួយដោះស្រាយ ការកាត់បន្ថយ បុគ្គលិក ១៦១ នាក់។ ប៉ុន្តែក្រុមបុគ្គលិកទាំងនោះ ក៍បានវិលត្រឡប់ ទៅវិញនៅប៉ុន្មានម៉ោង ក្រោយ បន្ទាប់ពីមន្ទីរការងារ សន្យាថា នឹងរកដំណោះស្រាយ ដល់ពួកគាត់ នៅថ្ងៃបន្ទាប់។
ក្នុងការលើកគ្នា មកតវ៉ានេះ ដំបូងឡើយ ត្រឹមតែមកអោយខាងមន្ទីរ ជួយរកដំណោះស្រាយ តែប៉ុណ្ណោះ លុះពេលខាងមន្ទីរ ពន្យល់អំពីគោលការណ៍ របស់ក្រុមហ៊ុន ក៍ផ្ទុះការតវ៉ា ហើយនាំគ្នាលើកបដាទៅវិញ។
ក្រុមអ្នកតវ៉ា បានលើកឡើងថាៈ ពួកគាត់ទាំងអស់គ្នា បានបំរើការនៅទីនោះច្រើនឆ្នាំ មកហើយ។ តែពេលនេះ ក្រុម ហ៊ុនបែជា បញ្ឍប់បុគ្គលិកតែ១៦១នាក់ទៅវិញ មាន ន័យថា ក្រុមហ៊ុនប្រកាន់បក្ខពួក។ ពួកគេមិនព្រមឡើយ ចាំបាច់ត្រូវរកដំណោះស្រាយអោយ សមរម្យ ដោយរក្សាពួកគេទាំងអស់ នៅបំរើការដដែល។ ជាមួយការវិលត្រឡប់របស់ក្រុម អ្នកតវ៉ា លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ ខេត្តសៀមរាប បានថ្លែងថាៈ ករណីនេះ ខាងបុគ្គលិក បានដាក់លិខិត ទៅក្រសួង ដើម្បីសុំអន្តរាគមន៍ហើយតែក្រសួងសម្រេច អោយខេត្ត ដោះស្រាយ។ លោកបានបន្តថាៈ នៅថ្ងៃទី២២ ខែមករា នេះ មន្ទីរហៅពួកគាត់ មកសម្រួល រកដំណោះស្រាយ តាមផ្លូវច្បាប់ តែពួកគាត់មិនស្តាប់ បែរជាចោទថា ជារឿងវិវាទ ហើយនាំគ្នាលើកបដា តវ៉ាទៅវិញ។
លោកប្រធានមន្ទីរ បានបន្ថែមថាៈ តាមពិត ការកាត់បន្ថយបុគ្គលិក ១៦១ របស់ក្រុមហ៊ុន អាកាសយានដ្ឋាននេះ គឺដោយសារវិបត្តិកូវីដ១៩។ បើភ្ញៀវបរទេស មិនហ៊ានមកលេង ហើយបុគ្គលិក គ្មានការងារធ្វើផង តើបានប្រាក់ឯណា ផ្តល់ជូនពួកគាត់ ចឹងហើយ ទើបក្រុមហ៊ុន សម្រេចកាត់បន្ថយបែបនឹង។ លោកបានបញ្ជាក់ថាៈ តាមពិត បុគ្គលិកចំនួន ១៣០ នាក់ បានយល់ព្រមទទួលយក ប្រាក់ដំណោះស្រាយ របស់ក្រុមហ៊ុនរួចហើយ តែពួកគេ នៅតែប្រមូលគ្នា មកតវ៉ាបន្ថែម។ ប៉ុន្តែទោះជាបែបនេះ ក៍ខាងមន្ទីរ នៅតែព្យាយាម រកដំណោះស្រាយ ដល់ពួកគាត់ដែរ ប៉ុន្តែតាមគោលការច្បាប់។
ទោះជាបែបនេះ អ្នកយកព័ត៌មាន នៅមិនទាន់ទទួលបាន ការឆ្លើយតប ពីក្រុមហ៊ុនអាកាស យានដ្ឋានកម្ពុជា VINCI/SCA/CAMS នៅឡើយទេ ចំពោះការលើកឡើង របស់ក្រុមអ្នកតវ៉ា ៕/V-PC