ដោយៈមុនីរ័ត្ន/ភ្នំពេញៈករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនកក្រើកខេត្តព្រះសីហនុកាលពីម្សិលមិញកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានទៅដល់ការចាប់ឃាត់ខ្លួនមនុស្សមួយចំនួនជាបន្តបន្ទាប់និងបក្ខតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់មួយចំនួនទៀត។ ក្រៅពីការឃាត់ខ្លួនមនុស្សបីនាក់សមត្ថកិច្ចបានរកឃើញរថយន្តដែលជិះធ្វើសកម្មភាពចំនួនពីរគ្រឿងនិងថ្នាំញៀនមួយចំនួនថែមទៀត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២២ ខែមករានេះថា ពិតជាមានការឃាត់ខ្លួនមនុស្សមួយចំនួនប្រាកដមែនប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ។លោកបញ្ជាក់ថា “មកដល់ថ្ងៃនេះ យើងឃាត់ខ្លួនបានប៉ុន្មាននាក់”។
យោងតាមប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២២ ខែមករា នេះថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួនបីនាក់និងបន្តតាមចាប់ខ្លួនបក្ខពួកមួយចំនួនដែលពាក់ព័ន្ធក្នុងអំពើបាញ់សម្លាប់ជនជាតិចិននៅក្នុងរថយន្តកាលពីព្រឹកថ្ងៃទី២១ ខែមករា។ ក្រៅពីនេះសមត្ថកិច្ចបានរកឃើញរថយន្តចំនួនពីរដែលធ្វើសកម្មភាពជិះដេញបាញ់ជនរងគ្រោះ និងជិះបិទគូថពីក្រោយ រួមទាំងគ្រឿងញៀនមួយចំនួនផងដែរ។
ជនរងគ្រោះឈ្មោះផេងស៊ូភេទប្រុសជនជាតិចិនអាយុ២៨ឆ្នាំត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំលើដោះខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។
គួររំលឹកថាកាលពីព្រឹកថ្ងៃទី ២១ ខែមករា មានករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន នៅចំណុចតាមបណ្តោយផ្លូវសណ្ឋារគារឯករាជ្យ ស្ថិតនៅភូមិ១សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ។ឃាតកម្មនេះបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណជិះរថយន្តពីរគ្រឿង។ក្នុងនោះ ជនល្មើសជិះរថយន្តម៉ាក Ford Raptors ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BI-1413 បានធ្វើសកម្មភាពបើកដេញតាមរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ផ្លាកលេខ 2AL-9459 (រថយន្តជនរងគ្រោះ)។ លុះដល់ចំណុចកើតហេតុជនល្មើសបានបើករថយន្តទៅអែបនឹងរថយន្តរបស់ជនរងគ្រោះរួចបានបាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង៕សរន