ប្រែសម្រួលៈវាសនា/ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាអោយធ្វើតេស្តិ៍រកវីរុសកូរ៉ូណាលើមនុស្សប្រមាណ២លាននាក់បន្ថែមទៀតនៅក្នុងចំកណ្តាលទីក្រុងបន្ទាប់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីនៅក្នុងរដ្ឋធានីចិន។
នាយកដ្ឋានសុខាភិបាលរបស់ទីក្រុងបាននិយាយថា អ្នករស់នៅក្នុងសង្កាត់ស៊ីឆេង និង ដុងឆេង ទាំងអស់តំរូវអោយធ្វើតេស្តិ៍រកវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី២៣មករា ហើយលទ្ធផលធ្វើតេស្តិ៍នឹងត្រូវបញ្ជូនចូលក្នុងកម្មវិធីក្នុងទូរស័ព្ទនៅប៉ុន្មានម៉ោងក្រោយ។
នៅសង្កាត់ដុងឆេង មនុស្សរាប់ពាន់នាក់បានឈរតម្រៀបជួរក្នុងសីតុណ្ហភាពត្រជាក់នៅជុំវិញកាច់ជ្រុងមួយនិងប្លុកអាគារជាច្រើនដើម្បីរង់ចាំចូលក្នុងអាគារធ្វើតេស្តិ៍រកវីរុស តែគ្រប់គ្នាបានពាក់ម៉ាស់។
ការធ្វើតេស្តិ៍បែបជាកាតព្វកិច្ចនេះ ជាទំរង់នៃវិធានការរបស់ចិនដើម្បីទប់ស្កាត់ការផ្ទុះកូវីដ១៩នៅរលកទី២ ដោយហាងទំនិញ អាគារការិយាល័យនិងអាគារស្នាក់នៅឥឡូវតំរូវអោយមានការបញ្ជាក់ភស្តុតាងថាបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩នៅលើកម្មវិធីក្នុងទូរស័ព្ទដៃ ដើម្បីអាចចូលក្នុងទីកន្លែងទាំងនោះបាន។
ទីក្រុងប៉េកាំងបានរកឃើញអ្នកឆ្លងថ្មីតែបួនដប់ករណីទេនៅមួយសប្តាហ៍មកនេះ តែការតាមស្វែងរកប្រភពឆ្លងដ៏ស្វិតស្វាញនាំដល់ការបញ្ជាអោយធ្វើតេស្តិ៍ជនទាំងឡាយណាដែលអាចប៉ះពាល់ទាក់ទងជាមួយអ្នកផ្ទុកវីរុស៕
ប្រជាជនក្នុងក្រុងប៉េកាំងពាក់ម៉ាស់ឈរក្នុងអាកាសធាតុត្រជាក់រង់ចាំការចូលធ្វើតេស្តិ៍រកវីរុសកាលពីថ្ងៃសុក្រ