-ស្រូវប្រាំងកើនឡើងច្រើនម៉ឺនហិកតា នៅខេត្តស្វាយរៀង បន្ទាប់ពីគម្រោងវ៉ៃគោ បានបញ្ចប់នៅឆ្នាំនេះ
ដោយៈ ប.ខុន / ភ្នំពេញៈ ផ្ទៃដីស្រូវប្រាំង នៅក្នុងខេត្តស្វាយរៀង នឹងកើនឡើងច្រើនម៉ឺនហិកតាថែមទៀត បន្ទាប់ពីគម្រោងវ៉ៃគោ ជំហានទីពីរ បានបញ្ចប់ នៅក្នុងឆ្នាំ២០២១ និងការធ្វើអនុត្តរភាព ប្រព័ន្ធធាសាស្ត្រ បន្តពីគម្រោងនេះ បានរួចបន្តបន្ទាប់ នៅក្នុងឆ្នាំខាងមុខ។ គម្រោងវ៉ៃគោជំហានទី១ និងជំហានទី២ ក្រោយពេលសាងសង់រួច មានសក្តានុពល ទឹកស្រោចស្រព បានលើផ្ទៃដីស្រូវប្រាំង និងស្រូវវស្សា ប្រមាណ ២៥ ម៉ឺនហិកតា នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយពឹងផ្អែកលើការបញ្ជូនទឹក មកពីទន្លេមេគង្គ តាមប្រព័ន្ធនេះ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថាៈ គម្រោងវ៉ៃគោ ជំហានពីរ ដែលជាគម្រោងមេធំ បានបញ្ចប់ ហើយតភ្ជាប់ពីខេត្តព្រៃវែង សម្រាប់តភ្ជាប់ទៅនឹងគម្រោង មានស្រាប់នៅក្នុងខេត្ត ដែលកន្លែងខ្លះ ក្រសួងបានធ្វើរួច និងកន្លែងខ្លះ កំពុងអនុវត្តបន្ត។ គម្រោងវ៉ៃគោ បានប្រើប្រាស់ខ្លះ នៅស្រុកស្វាយជ្រុំ បន្តមកពីខេត្ត ព្រៃវែង និងនៅក្នុងឆ្នាំនេះ រៀបចំតភ្ជាប់ទៅនឹងប្រព័ន្ធ មានស្រាប់ ក្នុងខេត្តស្វាយរៀង និងការធ្វើអនុត្តរភាព ប្រព័ន្ធបន្ថែម។
នៅក្រោយពេល គម្រោងវ៉ៃគោបញ្ចប់ លោក គឹម សាវុធ បានបញ្ជាក់ថាៈ ផ្ទៃដីស្រូវប្រាំង នៅក្នុងខេត្តស្វាយរៀង អាចនឹងកើនដល់ បីម៉ឺនហិកតា នៅក្នុងឆ្នាំ២០២២ តែនៅក្នុងឆ្នាំ២០២០-២០២១នេះ មានផែនការធ្វើតែ ២០.៥០០ ហិកតាទេ ដោយមកដល់ពេលនេះ អនុវត្តបាន ៩៩ ភាគរយ នៃផែនការហើយ តែជាក់ស្តែង ប្រជាកសិករ ធ្វើបានច្រើនជាងនេះ។ នៅឆ្នាំខាងមុខ ដីស្រែក្នុងខេត្តស្វាយរៀង នឹងមានពណ៌បៃតងស្រងាត់ មិនចាញ់ប្រទេសជិតខាងទេ ក្រោយពីប្រព័ន្ធវ៉ៃគោ បានធ្វើរួច។
លោក គឹម សាវុធ បាននិយាយឱ្យដឹងទៀតថាៈ ស្រូវប្រាំង ដែលបានធ្វើមុនពេលនេះ បានចាប់ផ្តើមច្រូតកាត់ និងកន្លែងខ្លះ ភ្ជួររាស់សាបព្រោះ បន្តជាថ្មី។ ឯផ្ទៃដីស្រូវស្រូវវស្សា ដែលទុកចោល នៅរដូវប្រាំង កាលពីមុននោះ នៅឆ្នាំនេះ កសិករ ចាប់ផ្តើមធ្វើស្រូវប្រាំង បន្ទាប់ពីមានប្រភពទឹក ដែលក្រសួង ទើបបានធ្វើរួច។ ការធ្វើស្រែ ដោយប្រើទឹកអណ្តូង នៅពេលនេះ ស្ទើរតែលែងមានទៅហើយ ឯការទិញទឹកគេ ដាក់ស្រែ ក៏នៅមានមិនច្រើនដែរ និងអាចថា នៅឆ្នាំក្រោយ លែងមានការទិញទឹកគេ មកធ្វើស្រែទៀតហើយ បន្ទាប់ពីប្រព័ន្ធនាំ ទឹករបស់យើង បានទៅដល់គ្រប់កន្លែង ក្រោយពីគម្រោងវ៉ៃគោ បានបញ្ចប់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ មករា នេះថាៈ គម្រោងជំហានពីរ នៅខេត្តស្វាយរៀង បានរួចរាល់ តែស្ថិតនៅក្នុងក្រោមការ ទទួលខុសត្រូវ ថែទាំដោយ ក្រុមហ៊ុនសាងសង់ មួយរយៈទៀត ទើបប្រគល់ឱ្យមកក្រសួងធនធានទឹក និងឧតុនិយម គ្រប់គ្រងបន្ត ។ គម្រោងវ៉ៃគោ ដែលទើបនឹងបញ្ចប់នេះ នឹងធ្វើឱ្យផ្ទៃដី ស្រូវប្រាំង នៅក្នុងខេត្តស្វាយរៀង កើនឡើងថែមចំនួន ៦.០០០ ហិកតាទៀត នៅក្នុងឆ្នាំខាងមុខ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ គម្រោងវ៉ៃគោ ជំហានពីរ បានបញ្ចប់ហើយ តែទឹកនៅមិនទាន់បាន ទៅដល់ស្រែនៅឡើយទេ ដោយសារយើង មិនទាន់មានប្រឡាយរង និងប្រឡាយស្រោចស្រព ដែលពេលនេះ ក្រសួង បាននឹងកំពុងខិតខំរៀបចំ ធ្វើអនុត្តរភាព លើប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីធ្វើយ៉ាងណា ឱ្យទឹកបានទៅដល់ដីស្រែ របស់ប្រជាកសិករ។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ការធ្វើស្រូវប្រាំង នៅក្នុងខេត្តស្វាយរៀងនេះ ពីមុន មានចំនួនមិនច្រើនទេ ដោយសារការធ្វើស្រែ ពឹងទៅលើរបបទឹកជោរ នាច ទឹកអណ្តូង និងនៅកន្លែងខ្លះ ត្រូវទិញទឹក មកពីប្រទេសជិតខាង តែឥឡូវ ការទិញទឹកមកធ្វើស្រែនោះ ស្ទើរតែលែងមានទៅហើយ ដោយសារក្រសួង បានធ្វើការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធាសាស្ត្រតូចធំ ជាបន្តបន្ទាប់ និងនៅពេលចុងក្រោយនេះ គឺប្រព័ន្ធវ៉ៃគោ ដែលជាប្រព័ន្ធ មានសក្តានុពលបំផុត។
គួរនិយាយឱ្យដឹងថា គម្រោងវ៉ែកូជំហានទី១ បានបញ្ចប់នៅក្នុងឆ្នាំ២០១៧ និងគម្រោងជំហានទី២ បានអនុវត្តបន្ត និងចាប់ឆ្នាំ២០២១នេះ។ គម្រោងទាំងពីរនេះ ចំណាយថវិកា អស់ប្រមាណជា ២០០ លានដុល្លារ ក្រោយពេលធ្វើរួច ធានាទឹកស្រោចស្រព ដល់ផ្ទៃដីដំណាំស្រូវប្រាំង និងវស្សាប្រមាណ ២៥ ម៉ឺនហិកតា នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង។
យោងតាមឯកសារ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឲ្យឃើញថា គម្រោងជំហានទី២ មានការងារសំខាន់ធំៗ ដូចជា ជីកព្រែក ២ ខ្សែ សរុប ប្រវែង ១៤,៦ គីឡូម៉ែត្រ ដោយព្រែកលេខ១ មានប្រវែង ៦,៣ ជម្រៅ ១០,១០ ម៉ែត្រ និងព្រែកលេខ២ ប្រវែង ៨,៣ គីឡូម៉ែត្រ ជម្រៅ ១០,៨០ ម៉ែត្រ។
ក្នុងគម្រោង បានបង្ហាញទៀតថា ជីកប្រឡាយមេ ចំនួន ៤ ខ្សែ ប្រវែងសរុប ៥៩,៥ គីឡូម៉ែត្រ ដោយរួមមានប្រឡា យមេលេខ១ ប្រវែង ១៩,៦ គីឡូម៉ែត្រ ទទឹងមាត់លើពី ៦,៩២ ម៉ែត្រ ដល់ ១០,៥៤ ម៉ែត្រ និងទទឹងបាតក្រោមពី ២ ដល់ ៤ ម៉ែត្រ ជម្រៅពី ២,៤៦ ម៉ែត្រ ដល់ ៣,២៧ ម៉ែត្រ។ ប្រឡាយលេខ២ ប្រវែង ១២,៦ គីឡូម៉ែត្រ ទទឹងមាត់លើពី ១១,៣៤ ម៉ែត្រ ដល់ ១០,៥៤ម៉ែត្រ និង ទទឹងបាតក្រោម ៥ ម៉ែត្រ ជម្រៅ ៣,១៧ ម៉ែត្រ ។ ប្រឡាយលេខ៣ ប្រវែង ៧,៤ គីឡូម៉ែត្រ ទទឹងមាត់លើ ១១,០៦ ម៉ែត្រ ដល់ ១០,៥៤ ម៉ែត្រ និងទទឹងបាតក្រោម ៤ ម៉ែត្រ ជម្រៅ ៣,៥៣ ម៉ែត្រ ។ ប្រឡាយលេខ ៤ ប្រវែង ១៩,៨៧ គីឡូម៉ែត្រ ទទឹងមាត់លើ ១១,០៦ ម៉ែត្រដល់ ១០,៥៤ ម៉ែត្រ និងទទឹង បាតក្រោម ៤ ម៉ែត្រ ជម្រៅ ៣,៥៣ ម៉ែត្រ។ នៅគម្រោងជំហានទី២នេះ ក៏មានសាងសង់ទំនប់សណ្តរ ប្រវែង ៤១,៥ គីឡូម៉ែត្រ។ សំណង់បង្ហៀរទឹក ១ កន្លែង សំណង់ស្ទាក់ទឹក ៦ កន្លែង និងសំណង់សម្រួល ចរន្តទឹក ៨ កន្លែង។ ស្ថានីយបូមទឹក ៤ កន្លែង និងសំណង់លូទឹក ចំនួន ៣២ កន្លែង។
ក្រសួងធនធានទឹក និងឧតុនិយម បានរំពឹងទុកថាៈ នៅពេលបញ្ចប់ការងារសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូជំហាន២ ធ្វើឲ្យរាជរដ្ឋាភិ បាល សម្រេចបាននូវប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ពេញលេញ ដែលអាចធ្វើជាម្ចាស់លើការ ដោះស្រាយលើបញ្ហាទឹកមួយកម្រិតនៅក្នុងខេត្តព្រៃវែងនិងខេត្តស្វាយរៀង ដែ ល ពីមុនមកពឹងផ្អែកភាគច្រើនទៅលើប្រភពទឹកពីប្រទេសវៀតណាម។ ព្រមទាំងអាចមានលទ្ធភាព ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម បានទំហំ ៩៣.១០០ហិកតានៅក្នុងរដូវវស្សានិង២៣.៣០០ហិកតានៅរដូវប្រាំងការ ផ្គត់ ផ្គង់ទឹកស្អាតនិង កាត់បន្ថយទឹកជំនន់តាមតំបន់ផ្នែកខាងក្រោមផងដែរ។
ចំណែកឯគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ជំហានទី១វិញ បើយោងតាមឯកសាររបស់ ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញ ឲ្យឃើញថា ចំណាយ ថវិកាអស់ប្រមាណ ១០០ លានដុល្លារ សម្រាប់ជីកស្តារព្រែក មួយខ្សែ មានប្រវែងជាង ៤០ គីឡូម៉ែត្រ ដោយនៅក្នុងផ្នែក ទីមួយ មានប្រឡាយប្រវែង ១៣ គីឡូម៉ែត្រ ទទឹងមាត់លើ ៥៥ ម៉ែត្រ និង ទទឹង បាតក្រោម២៥ ម៉ែត្រ ចាប់ពីឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដល់ឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ផ្នែកទីពីរមាន ប្រវែង២៧គីឡូម៉ែត្រទទឹង មាត់ លើ៤៤ម៉ែត្រ និង ទទឹងបាត ក្រោ ម១៨ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ដល់ឃុំតាដោក ស្រុកកំចាយមា ខេត្តព្រៃវែង។
ក្រៅពីគម្រោងជីកស្តាព្រែកខាងលើនៅមានគម្រោងជីកប្រឡាយមេពីរខ្សែប្រវែង៧៨គីឡូម៉ែត្រ។ប្រឡាយទីមួយ មានប្រវែង២៨.៥គីឡូម៉ែត្រ ទទឹង មាត់ លើ ២៥.៥ម៉ែត្រ ទទឹងបាតក្រោម៨.៥ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ដល់ឃុំដំរីពួន ស្រុកព្រៃវែង។ ប្រឡាយទីពីរប្រវែង៤៣គីឡូម៉ែត្រទទឹង មាត់លើ២៣ម៉ែត្រទទឹងបាតក្រោម១១ម៉ែត្រ ចាប់ពីឃុំតាដោកដល់ឃុំកំចាយមារឃុំប្រាហួត ស្រុកមេសាង ខេត្តព្រៃវែង។សាងសង់សំណង់មេយកទឹកពីរកន្លែង សំណង់បញ្ចាល់ទឹក១៦កន្លែង និង សំណង់បែងចែកទឹក២២កន្លែង។
គម្រោងជំហានទីមួយនេះ ធានាការស្រោចស្រពលើដីស្រូវវស្សា បាន ចំនួន ១០៨.៣០០ហិកតា និង ផ្ទៃដីស្រូវប្រាំង២៧.១០០ហិកតា នៅក្នុងស្រុក អូររាំងឪ ស្រុកកោះសូទិនក្នុងខេត្តត្បូងឃ្មុំ(កំពង់ចាម) និង ស្រុកមេសាង ស្រុកស៊ីធរ កណ្តា លស្រុក កំចាយមារ ស្រុកព្រៃវែង ខេត្តព្រៃវែង ។/V