Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងកសិកម្ម...

ក្រសួងកសិកម្ម​ចុះ​អនុស្សរណៈ​លើ​គម្រោង​បន្លែ​មួយ​ថ្មី​ទៀត​

ដោយ​: ជា សីហៈ / ភ្នំពេញ​: នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទី​២២ ខែមករា ឆ្នាំ​២០២១ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីអំពី “​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា ដើម្បី​បង្កើត​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣ (CHAIN Phase III)” រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) តំណាង​ដោយ​លោក Markus Burli​។​

​ពិធី​នេះ​រៀបចំឡើង​ស្ថិតក្រោម​អធិបតីភាព​ដោយ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន លោកស្រី Alexandra Mandelbaum នាយក​អង្គការ SNV ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Rik Overmars ប្រធាន​ក្រុម​គម្រោង CHAIN ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​មួយចំនួនទៀត​។​

​លោកស្រី Alexandra Mandelbau និង លោក Markus Burli បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតកម្ម​សាកវប្បកម្ម​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ ឃើញថា​ផលិតកម្ម​បន្លែ​ក្នុងស្រុក​បាន​ផ្គត់ផ្គង់​បាន​ជាង ៦៨% នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។

​លោក Markus Burli បន្ថែមថា ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) នឹង​បន្ត​ផ្តល់​កិច្ច​គាំទ្រ​ដល់​ក្រសួង រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​អាហារូបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​។

​មានមតិ​ទៅកាន់​អង្គពិធី លោក រដ្ឋមន្ត្រី​បាន​ស្វាគមន៍ ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ច​សហការគ្នា​បាន​យ៉ាង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ SDC ធ្វើ​ឲ្យ​គម្រោង CHAIN ដំណើរ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ឈានដល់​ការរៀបចំ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​គម្រោង CHAIN ដំណាក់កាល​ទី​៣ នាពេលនេះ​។ ទាក់ទង​នឹង​កម្មវត្ថុ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព កំណើនប្រជាជន ព្រម​គ្នា​នឹង​កំណើនសេដ្ឋកិច្ច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្រិតជីវភាព​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ ដែលជា​ហេតុ​ឈានទៅ​ធ្វើការ​កែប្រែ​ទម្លាប់​នៃ​ការបរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ផ្តោត​ភ្ជង់​ជាសំខាន់​លើ​គុណភាព និង​សុវត្ថិ​ភាពជា​ចំបង ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ការផលិត​រួមមាន​ការចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​បន្លែ ផ្លែឈើ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយ​យក​ឱកាស​នេះ​បង្កើតជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម ខណ​:​កម្ពុជា​កាត់បន្ថយ​ការនាំ​ចូល​ពី​ខាងក្រៅ​។ កន្លងមកនេះ រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ​បាន​ខិតខំ​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន សក្តានុពល​ដែលមាន​ស្រាប់ ព្រមទាំង​កៀងគរ​ជំនួយ​បន្ថែមទៀត សំដៅ​លើកកម្ពស់ ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ដោយ​បង្វែរ​ទិស​ពី​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម ទៅកាន់​ការអភិវឌ្ឍ​តាមបែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ពោលគឺ​ការពង្រីក​សមត្ថភាព​ដាំ​ដុះ​លើ​ផ្ទៃដី​ដែលមាន​ស្រាប់ តាមរយៈ​ការបង្កើន​រដូវ​ដាំ​ដុះ ដោយ​ប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប ប្រើប្រាស់​គ្រាប់ពូជ​មានគុណ​ភាពល្អ និង​ការបង្កើន​តម្លៃបន្ថែម​ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដា​។​

​គោលបំណង​សំខាន់​របស់​អនុស្សារណៈ​យោគយល់​គ្នា​នេះ គឺ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​ក្នុងការ​អនុវត្ត​គម្រោង​ខាងលើ ដើម្បី​បង្កើន​ផលិតកម្ម​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព ធានាបាន​និរន្តរភាព​នៃ​ប្រាក់ចំណូល និង​អាជីព​ប្រចាំ​គ្រួសារ បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ជនបទ សមស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩- ២០២៣ ដែល​បានកំណត់​ច្បាស់​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កសិកម្ម​កម្ពុជា ទៅជា​កសិកម្ម​ទំនើប​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​គម្រោង​សម្រេចបាន ព្រមជាមួយ​បទពិសោធន៍ និង​យុទ្ធសាស្ត្រ​អនុវត្ត​គម្រោង​ថ្មីៗ ដែល​អាច​យកមក​ធ្វើជា​គំរូ​សម្រាប់​ថ្នាក់ជាតិ​ក្នុងការ​ពង្រីក​ទៅ​តំបន់​ដាច់ស្រយាល​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​អនុវិស័យ​សាកវប្បកម្ម​នេះ​ឲ្យ​បាន​រីកចម្រើន​ធានាបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ ជាថ្មី​ម្តងទៀត តាងនាម​ឲ្យ​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​រដ្ឋមន្ត្រី​ជឿជាក់ថា តាមរយៈ​គម្រោង​នេះ សាកវប្បករ​នឹង​ទទួលបាន​បច្ចេកទេស​ទំ​នើ​ប​លើ​ការដាំដុះ​ដំណាំ និង​ទីផ្សារ​បន្លែ ផ្លែឈើ​សុវត្ថិភាព ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​នៅតាម​ជនបទ និង​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​គោលដៅ ដៃគូ​អភិវឌ្ឍន៍ និង​ជា ពិសេស​ទីភ្នាក់ងារ SDC ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ថវិកា សម្រាប់​អនុវត្ត​គម្រោង​ដោយបាន​ប្រែក្លាយ​ពី​តំបន់​គ្មាន​ផលិត​បន្លែ​មកជា​តំបន់​ផលិត​បន្លែ​សុវត្ថិភាព​គំរូ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។ ភ្ជាប់​ជាមួយ​សមិទ្ធផល​ដ៏​ធំធេង​នេះ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទីភ្នាក់ងារ SDC ដែល​បាន​បញ្ជាក់ថា នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​រីកចម្រើន​ថែមទៀត​។​

​សូម​ជម្រាបជូន​ថា តាម​របាយការណ៍​រប​ស់ លោក​ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា​គម្រោង CHAIN មាន​រយះពេល ៨​ឆ្នាំ (២០១៤ – ២០២២) ដែលមាន​ថវិកា​សរុប ១០​លាន​ដុល្លារ កំពុង​ប្រតិបត្តិ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ ដោយ​ជ្រើសរើស​តំបន់​ដាច់ស្រយាល និង​ខ្ពង់រាប​ជាប់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម ដែល​តំបន់​នោះ​ភាគច្រើន​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ដឹកជញ្ជូន​មាន​តំលៃ​ថ្លៃ ខ្វះ​ប្រភពទឹក​នៅ​រដូវប្រាំង និង​កម្រិតវប្បធម៌រ​បស់​ប្រជាជនមាន​កម្រិត​ទាប​។ ក្នុង​រយ​:​ពេល ៦​ឆ្នាំ​កន្លងមកនេះ គម្រោង​បាន​កែប្រែ​កសិករ​ជិត ១០ ០០០​គ្រួសារ​ពី​ការធ្វើ​ស្រែ តែមួយ​មុខមក​ប្រកប​របរ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​អាហារូបត្ថម្ភ ពាក់កណ្តាល​អាជីវកម្ម និង​អាជីវកម្ម​ពេញលេញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ជ្រើសរើស​ស្ត្រី​ជា​គោល​។ គម្រោង​បាន​ផ្តោតជាសំខាន់​លើ​ខ្សែសង្វាក់​តម្លៃ​នៃ​សាកវប្បកម្ម​ក្នុង​ខេត្ត​គោលដៅ​ទាំងអស់ និង​ជំរុញ​កំណើន​ចំណូល​គ្រួសារ​ប្រកបដោយ​ចីរភាព និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង​គ្រួសារ និង​ភាព​ធន់​ទ្រាំ​ការប្រែប្រួល​អាកាសធាតុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular