ដោយ: ប.ជ័យ / កំពង់ធំ: កិច្ចប្រជុំជាមួយគណៈកម្មាធិការកាកបាទក្រហមកម្ពុជាតាមប្រព័ន្ធ Video online ជាមួយលទ្ធផលការងារនិងទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ បានធ្វើកាពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១។ លោកសុខ លូ ប្រធាន គណៈ កម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ និងជាអភិបាលខេត្ត បានអញ្ចើញចូលរួម។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ ១-ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមទាំង២៥រាជធានី ខេត្ត និងទិសដៅការងារឆ្នាំ២០២១។ ២-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងការងារអភិវឌ្ឍ ស្ថាប័នយុទ្ធសាស្ត្រ២០២១-២០៣០ និងការអភិវឌ្ឍ របស់សាខា។
លោកសុខ លូ បាននិយាយថា៖ ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ ក្រោមការចង្អុលបង្ហាញរបស់ កាកបាទក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សាខាខេត្តបានសម្រេចលទ្ធផលការងារគួរជាទីមោទនភាព ក្នុងវិស័យស្នូលនេះមួយមាន៖ ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន ។
លោកបន្តទៀតថា បណ្ដាសមិទ្ធិផល និងជោគជ័យដែលសម្រេចបានតាមរយៈសកម្មភាពចម្រុះវិស័យទាំងនេះ គឺជាក់ស្ដែងចេញពីការគាំទ្រប្រកបដោយបេះដូងមនុស្សធម៌ ពីសំណាក់ព្រះសង្ឃឯកឧត្តម លោកជំទាវ សប្បុរសជនគ្រប់មជ្ឈដ្ឋានចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ចុងក្រោយ លោកបានអំពាវនាវបន្ថែមសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕