ដោយ៖ដេប៉ូ/ភ្នំពេញ៖បញ្ហាភ្លើងឆេះព្រៃនៅកម្ពុជាគេឃើញតែងតែកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនានា ដែលពេលខ្លះមិនត្រឹមតែបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃទេ ប៉ុន្តែវានៅបង្កឱ្យកើតការបំពុលបរិស្ថានថែមទៀត។
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាកត្តាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតក្នុងរដូវប្រាំង បណ្តាលមកពីកត្តាសកម្មភាពមនុស្សភាគច្រើននិងមួយចំនួនទៀតកើតចេញ បណ្តាលមកពីការទទួលរងឥទ្ធិពលបាតុភូតកំដៅធម្មជាតិដោយប្រយោលតែម្តង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពលនៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្មីៗមកនេះបានគូសបញ្ជាក់ថា”ភ្លើងឆេះព្រៃកើតមកពីកត្តា២យ៉ាងគឺទី១កើតឡើងពីធម្មជាតិនិងទី២កើតចេញពីសកម្មភាពមនុស្ស ។ក្នុងចំណោមនេះការឆេះព្រៃកើតចេញពីកត្តាមនុស្សច្រើនជាងក្នុងនេះដូចជាគាត់ដុតព្រៃដើម្បីចាប់សត្វ។ដោយគាត់ដុតជិតមាត់ត្រពាំងដើម្បីចាប់សត្វអណ្តើក ទន្សាយ ឬសត្វផ្សេងៗទៀត។ជួនកាលគាត់មិនអាចគ្រប់គ្រងភ្លើងបានទេ និងជួនកាលទៀតគាត់ដុតដោយភាពរពិសដៃតែម្តង”។
លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា កន្លងមកក្រសួងបរិស្ថានបាន មានវិធានការមួយចំនួន ក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ដោយតម្រូវឱ្យអង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច ណែនាំប្រជាពលរដ្ឋ និងអនុវត្តន៍វិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាព ចំពោះភ្លើងព្រៃ ដែលពលរដ្ឋក្នុងតំបន់បង្កើតឡើងក្នុងគោលបំណងប្រយោជន៍ផ្ទាល់ខ្លួន ឬសាធារណៈជាដើម។
យ៉ាងណាក្តីលោករដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាការឆេះព្រៃពេលខ្លះក៏ផ្តល់ផលប្រយោជន៍មួយចំនួនដល់សត្វដែរព្រោះដោយសារថាសត្វព្រៃប្រភេទខ្លះវាត្រូវការលិឍដីដែលមានសារជាតិអំបិលដើម្បីជីវិតរស់របស់វា។
ពាក់ព័ន្ធក្នុងរៀងនេះដែរ លោក សេង ទៀក នាយកអង្កការWWFបានគូសបញ្ជាក់ថា កន្លងមកអង្គការរបស់លោកបានធ្វើការទប់ស្កាត់ការឆេះព្រៃដោយធ្វើការកាត់ផ្តាច់តំបន់ទីវាលស្មៅងាប់មួយចំនួនចេញពីគ្នាពោលគឺនៅពេលភ្លើងឆេះព្រៃឡើងមិនឱ្យឆាបឆេះទាំងមូលបានទេគឺវានឹងឆេះតែតំបន់ខ្លះប៉ុណ្ណោះ។
ជាមួយគ្នានេះលោកសំណូមពរឱ្យពលរដ្ឋនារដូវក្តៅនេះមិនត្រូវដុតព្រៃឡើយដែលនាំឱ្យខូចខាតធ្ងន់ធ្ងរដល់ព្រៃឈើនិងសត្វព្រៃរបស់យើង។
ទាក់ទិនក្នុងការដុតព្រៃនេះដែរ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានធ្វើការអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការដុតព្រៃដោយលោកបញ្ជាក់ថាទង្វើនេះវាមិនត្រឹមបង្កការខូចខាតព្រៃឈើទេប៉ុន្តែវានៅនាំឱ្យសត្វមួយចំនួនត្រូវបាត់បត់ជីវិតនិងពិសេសវានឹងបំផ្លាញបរិស្ថានដោយសារផ្សែងពុលថែមទៀត៕