ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃសុក្រ រុស្ស៊ីនិងសហរដ្ឋអាម៉េរិកបានខិតជិតដល់ការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅមុនកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធចុងក្រោយរវាងអតីតគូប្រជែងសង្គ្រាមត្រជាក់ទាំងពីរនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ។
សន្ធិសញ្ញា New START ដែលត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈត្រូវគេមើលឃើញថាជាឱកាសដ៏កម្រមួយសម្រាប់ការសម្របសម្រួលរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនដែលទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនថែមទៀតជុំវិញការលួចតាមអនឡាញនិងការចោទប្រកាន់អំពីការជ្រៀតជ្រែកការបោះឆ្នោតនាពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនេះកំហិតទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គក្នុងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរជាអតិបរមាត្រឹម ១.៥៥០ គ្រាប់ដែលជាការកាត់បន្ថយប្រហែល ៣០ភាគរយពីដែនកំណត់ដែលបានកំណត់ក្នុងឆ្នាំ ២០០២ និង ជើងទម្រនិងយន្តហោះទម្លាក់គ្រាប់បែកមកនៅត្រឹម ៨០០ គ្រឿង ដែលល្មមអាចបំផ្ទុះពិភពលោកជាច្រើនដង។
វិមានក្រឹមឡាំងកាលពីថ្ងៃសុក្របានស្វាគមន៍សំណើរបស់សហរដ្ឋអាម៉េរិកដើម្បីពន្យារកិច្ចព្រមព្រៀងនេះ៥ ឆ្នាំទៀត ប៉ុន្តែបានដាស់តឿនថាការពន្យារពេលណាមួយនឹងអាស្រ័យលើភាពជាក់លាក់នៃសំណើនោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមេទី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មានថា “យើងអាចស្វាគមន៍តែឆន្ទៈនយោបាយដើម្បីបន្តឯកសារនេះប៉ុណ្ណោះ។” ប៉ុន្តែបានព្រមានថា”អ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើព័ត៌មានលម្អិតនៃសំណើនេះ”។
ការលើកឡើងរបស់អ្នកនាំពាក្យរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនធ្វើឡើងមួយថ្ងៃបន្ទាប់ពីសេតវិមានបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការឆ្ពោះទៅរកការបន្តកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។
រដ្ឋមន្ត្រីសារព័ត៌មានរបស់សេតវិមានលោកស្រី ជេន ភីសាគី និយាយថា កិច្ចប្រឹងប្រែងដើម្បីស្វែងរកកិច្ចព្រមព្រៀងគឺមានលក្ខណៈសំខាន់កាន់តែខ្លាំង នៅពេលដែល”ទំនាក់ទំនងជាមួយរុស្ស៊ីមានភាពមិនអំណោយផលដូចឃើញជាក់ស្តែងបច្ចុប្បន្ន”៕
សន្ធិសញ្ញា New START ដែលកំហិតការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនឹងត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១