លោក​ប៉េប ហ្គាឌី​អូ​ឡា រិះគន់​កាលវិភាគ​ប្រកួត​សាជាថ្មី ខណៈ City ត្រូវ​បាត់បង់ ខេ​វិន ដេ​ប្រូន រយៈពេល ៦ សប្តាហ៍​ដោយ​សារ​របួស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​មេឃ​ខៀវ Manchester City លោក ប៉េប ហ្គាឌី​អូ​ឡា បាន​រអ៊ូរទាំ​សាជាថ្មី​ម្តង​ទៀត​ចំពោះ​ភាព​តានតឹង​បន្ថែម​ទៀត​ដែល​បាន​ដាក់​លើ​កីឡាករ​ដោយ​បរិមាណ​ប្រកួត​បាល់ទាត់​ដ៏​ច្រើន​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​លាតត្រដាង​ថា កីឡាករ ខេ​វិន ដេ​ប្រូន នឹង​ត្រូវ​អវត្តមាន ៦ សប្តាហ៍​។​

​ដេ​ប្រូនបាន​ដើរ​ប៉ាំង​ខ្ញើក​ពេល​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​លើ​ក្រុម Aston Villa ដែល​ធ្វើឱ្យ​ក្រុម Man City ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League មួយ​ភ្លែត ហើយ​ការស្កែន​នាពេលបន្ត​បន្ទាប់បាន​បង្ហាញថា កីឡាករ​ឆ្នើម​បែលហ្ស៊ិក​រូប​នេះ​ត្រូវ​នៅក្រៅ​ការប្រកួត​រយៈពេល​យូរ​។​

​ការរង​របួស​សាច់ដុំ​មានន័យថា ដេប្រូ​ននឹង​ខកខាន​ការប្រកួត FA Cup ជុំ​ទី ៤ របស់ City នៅឯ​ទឹកដី​របស់ Cheltenham នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​រូបគេ​ក៏​ទំនង​ជា​អវត្តមាន​ផងដែរ​សម្រាប់​ការប្រកួត​ទល់​នឹង​គូប្រជែង Liverpool និង Tottenham នៅ​ខែ​ក្រោយ​ក៏​ដូចជា​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម Borussia Monchengladbach ក្នុង​ការប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុងក្រោយ Champions League នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​លោក​ហ្គាឌី​អូ​ឡា​និយាយថា “​វេជ្ជបណ្ឌិត​និយាយថា​យើង​នឹង​ពិនិត្យ​ឡើងវិញ​នូវ​ការស្កែន​ដែល​យើង​បានធ្វើ ហើយ​អវត្តមាន​កីឡាករ​នឹង​មាន​រយៈពេល​ពី ៤ ទៅ ៦ សប្តាហ៍​។ វា​ជា​ការ​វាយ​សំពង​ដ៏​ធំ​មួយ ប៉ុន្តែ​យើង​ត្រូវតែ​បន្ត​ដំណើរ​ទៅមុខ​។ ខ្ញុំ​មិន​និយាយ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​វា​សំខាន់​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​ជា​អកុសល​សម្រាប់​គាត់​និង​យើងទាំងអស់គ្នា គាត់​នឹង​នៅក្រៅ​ការប្រកួត​សម្រាប់​រយៈពេល​ដ៏​សំខាន់​នៃ​រដូវ​កាល​នេះ​។ យើង​ត្រូវ​រក​ដំណោះស្រាយ នៅពេលដែល​មនុស្ស​គ្រប់គ្នា​កំពុង​ជួប​ការលំបាក ហើយ​យើង​ត្រូវតែ​សម្រប​ខ្លួន​តាម​”​។​

Man City បាន​លេង ៦ ដង​រួចមកហើយ​ក្នុង​ខែ​នេះ​ហើយ​កាលវិភាគ​ប្រកួត​ដ៏​មមាញឹក​នេះ​មិន​បង្ហាញ​សញ្ញា​ធូរស្បើយ​ណាមួយ​ឡើយ ខណៈ​ដែល​ពួកគេ​ប្តេជ្ញាចិត្ត​លេង​ទាំង​ក្នុងស្រុក​និង​អឺរ៉ុប ព្រោះ​លោក​ហ្គាឌី​អូ​ឡា​ស្ទាក់ស្ទើរ​មិន​ចង់​បោះបង់​ចោល​ការប្រកួត​ដណ្តើមពាន​ណាមួយ​នោះឡើយ​។​

​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ​បាន​ធ្វើ​ការរិះគ​ន់​ជាថ្មី​ចំពោះ​បន្ទុក​ការងារ​ដែល​បាន​ដាក់​លើ​កីឡាករ​ក៏ដូចជារ​អ៊ូ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្លិប​នៅ​ក្របខ័ណ្ឌ Premier League ក្នុង​ការបដិសេធ​ការប្តូរ​កីឡាករ ៥ នាក់​ក្នុង​មួយ​ប្រកួត​។​

​លោក​ហ្គាឌី​អូ​ឡា​និយាយថា “​ការទាមទារ​ឱ្យ​ពួក​គេ​លេង ១១ ខែ​រៀងរាល់ ៣ ថ្ងៃ​ម្តង​គឺ​មិន​អាច​ទៅរួច​ទេ​។ មាន​កីឡាករ​របួស​ច្រើន​នាក់​នៅ​តាម​ក្លិប​ទាំងអស់​”​។​

“​យើង​ដឹង​ថា​វា​នឹង​កើតឡើង​។ យើង​ព្យាយាម​បញ្ចៀស​វា​។ យើង​មាន​ការព្យាបាល​វេជ្ជសាស្ត្រ​ច្រើនជាង​ពេលណាៗ​ទាំងអស់ និង​មាន​អ្នកឯកទេស​អាហារូបត្ថម្ភ​ល្អ​ជាង​មុន យើង​ព្យាយាម​ជួល​អ្នកឯកទេស​ខាង​ម៉ាស្សា​មក​ជួយ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​ដើម្បី​មើល​ថែ​កីឡាករ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​។ មើល​ចំនួន​ការ​ប្រកួត​និង​ការ​ប្រជែង​ទៅ​ចុះ ចុងបញ្ចប់​រាងកាយរ​បស់​កីឡាករ​ទាំងអស់​នឹង​និយាយថា គ្រប់គ្រាន់​ហើយ​”៕

លោក​ហ្គាឌី​អូ​ឡា​រិះគន់​កាលវិភាគ​មមាញឹក​របស់ Premier League

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular