ប្រែសម្រួលៈវាសនា/ហុងកុង៖អ្នកក្រុងហុងកុងរាប់ពាន់នាក់ត្រូវបានហាមឃាត់មិនអោយចេញទៅណាកាលពីថ្ងៃសៅរ៍ទី២៣មករានៅក្នុងចំណាត់ការមិនដែលមានពីមុនមួយដើម្បីទប់កុំអោយផ្ទុះរាលដាលជំងឺកូវីដ១៩ ឬវីរុសកូរ៉ូណា នៅក្នុងទីក្រុង។
ហុងកុងបាននិងកំពុងប្រឈមដោះស្រាយការផ្ទុះជំងឺឆ្លងនេះនៅរលកថ្មីចាប់តាំងពីខែវិច្ឆិកាមកដោយអ្នកឆ្លងជាង៤.៣០០នាក់(ស្មើ៤០ភាគរយនៃការឆ្លងសរុបនៅក្នុងទីក្រុងនេះ)ត្រូវបានរកឃើញនៅក្នុងរយៈ២ខែមកនេះ។
ការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណានៅសង្កាត់ក្រីក្រយ៉ាវ ស៊ីមម៉ុង តំណាងអោយការឆ្លងពាក់កណ្តាលនៅមួយសប្តាហ៍មកនេះ។ការធ្វើតេស្តិ៍ទឹកស្អុយតាមលូក៏ត្រូវបានធ្វើឡើងដើម្បីតាមរកប្រភពចម្លង តែវាបង្កការព្រួយបារម្ភថា ប្រព័ន្ធបង្ហូរទឹកស្អុយស្តង់ដាទាបនិងការខ្វះចន្លោះសំរាប់ខ្យល់ចេញចូលអាចជួយបង្កអោយការឆ្លងវីរុសនៅកន្លែងនេះ។
អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា តំបន់មួយដែលមានអាគារ១៦នៅសង្កាត់យ៉ាវ ស៊ីមម៉ុងនឹងត្រូវបិទរហូតដល់អ្នករស់នៅក្នុងតំបន់នេះបានធ្វើតេស្តិ៍ចប់សព្វគ្រប់។ពួកគេនឹងមិនត្រូវអោយចាកចេញទៅណាទេមុនទទួលបានលទ្ធផលធ្វើតេស្តិ៍ដើម្បីទប់ស្កាត់ការចម្លងវីរុស៕
មន្ត្រីនិងបុគ្គលិកវេជ្ជសាស្ត្ររហុងកុង ក្នុងឈុតការពារវីរុសចុះទៅកាន់សង្កាត់មួយក្នុងក្រុងដើម្បីណែនាំប្រជាជននិងចាប់ផ្តើមធ្វើតេស្តិ៍ប្រជាជនមូលដ្ឋានកាលពីថ្ងៃសៅរ៍