រកឃើញ​ក្រុម​ខ្លាំង​ទាំង​៨​សម្រាប់​វគ្គ ៨​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ Hun Sen-Cup

1191
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup លើក​ទី​១២ ឆ្នាំ​២០១៨ បានបញ្ចប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ​។​

ទិដ្ឋភាព​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​

​ក្រុម​ខ្លាំង​ទាំង​៨ សម្រាប់​ឡើង​ប្រកួត​បន្ត​នោះ មាន​ក្រុម​ស៊ីម៉ាក់​អែ​ហ្វ​ស៊ី​, គិរីវង់​សុខ​សែន​ជ័យ​, សាលា​បាល់ទាត់​ជាតិ​បាទី​ក្រោម​អាយុ ១៨​ឆ្នាំ​, ខេត្តព្រៃវែង​, ខេត្តកំពត​, ខេត្តកោះកុង​, ខេត្តកំពង់ចាម និង​ខេត្តមណ្ឌលគិរី​។​

​ក្នុងចំណោម ៨​ប្រកួត កាលពី​ថ្ងៃទី​២៥​មេសា គឺមាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ ដែល​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង ៩០​នាទី ដោយ​លទ្ធផល​ស្មើគ្នា ០-០ គឺ​ជំនួប​រវាង​ក្រុម​ខេត្តកោះកុង និង​ខេត្ត​ត្បូងឃ្មុំ ប៉ុន្ដែ​លទ្ធផល​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដែលជា​ការកាត់ក្ដី​ចុងក្រោយ​នោះ ខេត្តកោះកុង​បានទទួល​ជ័យជម្នះ​លើ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ក្នុង​ទ្ធ​ផល ៤​ទល់​៣​។ ចំពោះ​លទ្ធផល ៧​ប្រកួត​ផ្សេងទៀត គឺ​ខេត្តមណ្ឌលគិរី ឈ្នះ​ខេត្ត​ប៉ៃលិន ៥​ទល់​២, ខេត្តព្រៃវែង ឈ្នះ​ខេត្តកំពង់ធំ ៥​ទល់​២, ខេត្តកំពង់ចាម ឈ្នះ​ខេត្តសៀមរាប ៣​ទល់​១, ខេត្តកំពត ឈ្នះ​ខេត្តបាត់ដំបង ៤​ទល់​០, ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ឈ្នះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣​ទល់​១, ក្រុម​ស៊ីម៉ាក់ ឈ្នះ​ខេត្ត​ព្រះសីហនុ ២​ទល់​០ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ លត់​ក្រុមយុវជន​ក្រសួងការពារជាតិ ៤​ទល់​០​។​

​សូមបញ្ជាក់ថា មុន​ឈានដល់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា នឹង​ចាប់ផ្ដើម​កម្មវិធី​ចាប់​គូប្រកួត​ម្ដងទៀត ជាមួយនឹង​រូបមន្ដ​ប្រកួត​ចាញ់​ធ្លាក់​ដដែល ពោលគឺ​ប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ ដើម្បី​ចម្រាញ់​រក​ក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ខេត្ត ឆ្នាំ​២០១៨៕

ទីតាំងផ្សាយពាណិជ្ជកម្ម