រឿង “​កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​អ៊ូ​ហាន​” យកមក​បញ្ចាំង នៅ​កម្ពុជា មុនគេ ក្នុង​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​ខ្មែរ ដ៏​ឆ្នើម លើក​ទី​៥”

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ខ្សែភាពយន្ត រឿង “​កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​អ៊ូ​ហាន​” ត្រូវបាន​យកមក​បញ្ចាំង ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍ “​ដំណើរ​ភាព យន្ត​ចល័ត ចិន​-​ខ្មែរ​ដ៏​ឆ្នើម លើក​ទី​៥” បាន​ប្រារព្ធ​ធ្វើឡើង នៅ​សាល​មហោស្រព​ចតុម្មុខ រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ចិន ប្រចាំ​នៅ​កម្ពុជា តំណាង ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ខ្មែរ​ចិន ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ជាច្រើនរូប​ទៀត​។
​ ​
​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា បានលើកឡើង​ថាៈ ៤​ឆ្នាំកន្លងមក ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​កម្ពុជា​ដ៏​ឆ្នើម​» ទទួលបាន​នូវ​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពី បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដោយបាន​ចូលរួម ទស្សនា​យ៉ាងច្រើន​កុះករ រាល់​ការដាក់​បញ្ចាំង ភាពយន្ត​ចិន​-​ខ្មែរ នៅតាម​តំបន់​នានា ក្នុង​រាជធានី ខេត្ត ក្រុង នីមួយៗ​។​

​លោកស្រី បាន​បន្ដថាៈ អ្វីដែល​អាច​ទាក់ទាញ ឱ្យ​ប្រជាជន​ខ្មែរ និយម​ទស្សនា​ខ្សែភាពយន្ត ចិន ក៏​ព្រោះតែ​ប្រទេស​ទាំងពីរ មាន​ចំណងមិត្តភាព ជាច្រើន ជំនាន់​មកហើយ រីឯ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ និង​ផ្នត់គំនិត​ទៀតសោត ក៏មាន​លក្ខណៈ ប្រហាក់ប្រហែល គ្នា​។ នេះ​ជា​មូលហេតុ ធ្វើឱ្យ​ខ្សែភាពយន្ត ក៏ដូចជា សិល្បៈ និង​វប្បធម៌​របស់​ចិន​បាន​ឆក់ យក​ដួងចិត្ត របស់​ប្រជាជន​ខ្មែរ ឱ្យចូល​ចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង​។​

​លោកស្រី បាន​បន្ដថាៈ ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​- កម្ពុជា​ដ៏​ឆ្នើម​» នេះ​ជា​ស្ពាន ដែល​បាន​ភ្ជាប់ រវាង​ប្រជាជន​ទាំងពីរ និង​ធ្វើឱ្យ​ចំណងមិត្តភាព រវាង​កម្ពុជា និង​ចិន​កាន់តែ ស៊ីជម្រៅ ថែម​មួយកម្រិត​ទៀត​។ ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​កម្ពុជា ដ៏​ឆ្នើម លើក​ទី​៥» លើក​នេះ នឹង​នាំមក​នូវ ខ្សែភាពយន្ត ដ៏​ឆ្នើម ដែល​រួមមាន​ខ្សែភាពយន្ត​ខ្មែរ និង​ខ្សែភាពយន្ត​ចិន បញ្ចូល​សម្លេង ជា​ភាសា​ខ្មែរ ដូចជា​រឿង​កំណត់ត្រា​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩ នៅ​អ៊ូ​ហាន​, អ្នកក្លាហាន​ដំបង​បិសាច​, ក្ដី​ស្រមៃ​យុវជន​ចិន វគ្គ​២ និង​ម្ចាស់ របាំងមុខ ជាដើម​។​

​លោក Wang Wentian បាន​ថ្លែង​សុន្ទរកថា លើកឡើងថាៈ ការផ្លាស់ប្ដូរ​វប្បធម៌ និង​សិល្បៈ រវាង​ចិន​និង​កម្ពុជា បាន​បង្កើតជា​ស្ពាន​ទំនាក់ទំនង និង​ចំណងមិត្តភាព ដ៏​អស្ចារ្យ សម្រាប់ ប្រជាជន ទាំងពីរ​ប្រទេស​។ បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ កំពុងតែ​ជំរុញ​យ៉ាងសកម្ម ក្នុង​ការកសាង សហគមន៍​ជោគវាសនា​រួមគ្នា ហើយ​ការផ្លាស់ប្ដូរ​វប្បធម៌​ចិន និង​កម្ពុជា បាន​ស្វាគមន៍ ជាមួយ​ឱកាស នៃ​ការអភិវឌ្ឍ ដ៏​មានតម្លៃ​បំផុត​។​

​ព្រឹត្តិការណ៍ ”​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​កម្ពុជា​ដ៏​ឆ្នើម​”​នេះ ត្រូវបាន​ក្លាយជា​គម្រោង សកម្មភាព​មួយ សម្រាប់​ការលើកកម្ពស់ កិច្ច​ផ្សារភ្ជាប់​ដួងចិត្ត នៃ​ប្រជាជន ទាំងពីរ ហើយក៏​ទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​បងប្អូន​ប្រជាជន​កម្ពុជា​នៅតាម​បណ្ដា ខេត្ត និង​តំបន់​នីមួយៗ នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ ហើយ​នេះ គឺជា​លើក​ទី​៥ ហើយ នៃ​ព្រឹត្តិការណ៍​ដំណើរ ភាពយន្ត​ចល័ត ចិន​-​កម្ពុជា​ដ៏​ឆ្នើម ដោយ​សង្ឃឹមថា ខ្សែភាពយន្ត ដែល​នឹង​ចាក់​បញ្ចាំង​នេះ មិន​ត្រឹមតែ​ជំរុញ ការស្វែងយល់ អំពី​វប្បធម៌​ចិន ជូន​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​លើកកម្ពស់​វប្បធម៌ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន កម្ពុជា ឱ្យ​កាន់តែ​សម្បូរបែប ដែល​ស្ថិតនៅក្រោម ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ព្រឹត្តិការណ៍ ”​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​កម្ពុជា​ដ៏​ឆ្នើម លើក​ទី​៥” លើក​នេះ នឹង​នាំមក​នូវ ខ្សែភាពយន្ត​ដ៏​ឆ្នើម ដែល​រួមមាន​ខ្សែភាពយន្ត​ខ្មែរ និង​ខ្សែភាពយន្ត​ចិន បញ្ចូល​សម្លេង ជា​ភាសា​ខ្មែរ ដូចជា​រឿង “​កំណត់ត្រា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​អ៊ូ​ហាន​” “​អ្នកក្លាហាន ដំបង​បិសាច​” “​ក្ដី​ស្រមៃ​យុវជន​ចិន​វគ្គ​២” និង “​ម្ចាស់​របាំងមុខ​” ជាដើម​។ ក្រោយពី​ចាក់​បញ្ចាំង លើកដំបូង​រួច ខ្សែភាពយន្ត​ទាំងនេះ នឹងត្រូវ​យកទៅ​ចាក់​បញ្ចាំង នៅតាម​សាលារៀន ទីប្រជុំជន និង​បន្ទាយ​កងទ័ព ជាដើម នៅតាម​បណ្ដា​រាជធានី ខេត្ត និង​ក្រុង​នានា ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។​

​គួរបញ្ជាក់​ផងដែរ​ថាៈ ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៥” នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ និង​ទទួល​រៀបចំ ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា ដែល​បង្កើតឡើង នៅ​កម្ពុជា​ដោយ​អគ្គ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន រួម​ជាមួយនឹង​ក្រុមហ៊ុន ភាពយន្ត​ចិន​គ្រុប​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular