ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរសម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាង រថយន្តកុងតឺន័រ និងម៉ូតូ ហើយសមត្ថកិច្ច បានប្រាប់ថាៈ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ នៅឡើយទេ ។ ករណីនេះ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ១៩៤-១៩៥ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជិត ៩ យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ម៉ូតូម៉ាក SUZUKI NEX ពណ៌ក្រហម គ្មានស្លាកលេខមាន ទិសដៅ ចេញពីខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បានវ៉ាជែង មកខាងឆ្វេងដៃ រួចបុកចូលរថយន្ត ដឹកកុងតឺន័រ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6610 ទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់ឈ្មោះ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវរក សាច់ញាតិសពបុរស ដោយសារគ្រោះថ្នាក់ចរាចរណ៍ រីឯវត្ថុតាងរថយន្ត និងម៉ូតូ បានត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ។ ដោយឡែក អ្នកបើកបររថយន្ត (មិនទាន់ស្គាល់ឈ្មោះ) បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ៕/V-PC