ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ដោយសារតែទទួលបានកម្រិតស្តង់ដាអន្តរជាតិដំបូងគេ នៅកម្ពុជា នៃសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនអេមរុរាយស៍ (Amru Rice) ដែលជាក្រុមហ៊ុន ដ៏ធំមួយផលិតអង្ករនាំចេញទៅទីផ្សារអន្ដរជាតិនោះ ក្រុមហ៊ុនមួយនេះ កាន់តែទទួលបាន ភាពជឿជាក់បន្ថែម ខណៈដែល លោក ផាទ្រិក ម័ហ្វី ( W. Patrick Murply) ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា បានសន្សាថា និងជួយធ្វើយ៉ាងណា អោយក្រុមហ៊ុន អេមរុរាយស៍ បាននាំ ស្រូវ-អង្ករ ទៅកាន់ទីផ្សារអាមេរិក បន្ថែមទៀត។
អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោក សុង សារ៉ន បានអោយដឹងថា ក្រុមហ៊ុនលោក បានទទួលឥណទានពីធនាគារមួយ របស់សហរដ្ឋអាមេរិក ហើយបានដំឡើងប្រព័ន្ធ ឡសម្ងួត ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសនេះ ដើម្បីផលិតអង្ករតាម ស្ដង់ដាអន្ដរជាតិ។ លោកពន្យល់ថា តាមរយៈប្រព័ន្ធនេះគឺធានាបាននូវស្ដង់ដាគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ បង្កើនផលិតភាពក្នុងការផលិតនិងស្ដុកទុកហើយតម្លៃ នៃការផលិតមានកម្រិតទាប។ បច្ចេកវិទ្យានេះ ក៏ជាបច្ច័យមួយក្នុងការធ្វើឱ្យមានទំនុកចិត្តដល់ ប្រជាពលរដ្ឋសហរដ្ឋអាមេរិក លើការទិញអង្ករពីក្រុមហ៊ុនអេមរុរ៉ាយស៍។
លោកបានបន្ថែមថា «សហរដ្ឋអាមេរិកជាទីផ្សារមួយសំខាន់ ដូច្នេះយើងបំពាក់បច្ចេកវិទ្យា សហរដ្ឋអាមេរិក គឺធានាបានដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក អ្នកហូបមានទំនុកចិត្តលើ បច្ចេកវិទ្យាសហរដ្ឋអាមេរិកទាំងមូល ដូច្នេះយើងអាចនិយាយបានថាមិនចាំបាច់ផលិត នៅសហរដ្ឋអាមេរិកទេ ផលិតនៅកម្ពុជាយើងក៏ស្ដង់ដាដូចសហរដ្ឋអាមេរិកដែរដូច្នេះយើង នឹងពង្រីកទីផ្សាររបស់យើងកាន់តែទូលំទូលាយនាពេលខាងមុខ»។
លោក ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា បានមានប្រសាន៍ ថា សម្រាប់សហរដ្ឋអាមេរិក បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន អេមរុរាយស៍ ដែលជាក្រុមហ៊ុនដំបូងបំផុតដែល ទទួលបាន កំចី ពីធនាគារ មួយនៅក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើការជាមួយនឹងកសិករ ផលិតស្រូវ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទៅទីផ្សារក្រៅប្រទេស ។ លោកបានបន្តថា សម្រាប់ អេមរុរាយស៍ ជាក្រុមហ៊ុនមានប្រវត្តិជោគជ័យ ធ្វើការដៃគូជាមួយ ក្រុមហ៊ុនអន្តរជាតិ នេះជាអ្វីដែលលោកមានមោទនភាពចំពោះក្រុមហ៊ុន អេមរុរាយស៍។
លោកទូត បានចាត់ទុករោងចក្រនេះថា ជារោងចក្រដ៏ធំជាងគេនៅកម្ពុជា ក្នុងការផលិតអង្ករ តាមស្ដង់ដា និងគុណភាពនាំចេញទៅអន្ដរជាតិ។ លោកក៏បាន ប្រាប់បន្ថែមថា ស្ថានទូត សហរដ្ឋអាមេរិក រីករាយ និងពេញចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទីផ្សារនាំចេញឱ្យ កាន់តែទូលំទូលាយ។
សូមជម្រាបថា នៅឆ្នាំ២០២០ ថ្វីត្បិតកម្ពុជា ជួបវិបត្តិជំងឺកូវីដ និងរងគ្រោះទឹកជំនន់យ៉ាងណា ក្ដី តែការនាំចេញអង្ករបានចំនួន ៧០ម៉ឺនតោន ចំនួននេះ មានការកើនឡើងជាង១០ ភាគរយ៕/PC