Home ព័ត៌មានសំខាន់ៗ ទាហាន​​អាម៉េរ...

ទាហាន​​អាម៉េរិក​ជិត​២០០​នាក់​ឆ្លងកូវី​ដ​១៩ ក្នុងអំឡុង​ពិធី​ចូលកាន់​តំណែង​របស់​បៃ​ដិន​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី ចូ បៃ​ដិន ទាហាន​មក​ពី​កង​ឆ្មាំ​ជាតិ​អាម៉េរិក​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ស៊ី​ឌី បន្ទាប់​​ពី​កើត​មាន​កុបកម្ម​លុកលុយ​វិមាន​កា​ពី​តូ​ល​កាលពី​ថ្ងៃ​០៦​មករា​ពី​សំណាក់​ពួក​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​

​យោងតាម​ប្រភព​ព័ត៌មាន ទាហាន​ឆ្មាំ​ជាតិ​ជិត​២០០​នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ទីនោះ​ត្រូវ​បាន​ពិនិត្យ​វិជ្ជ​មានកូ​វីដ​១៩ ក្រោយ​ពី​វិល​មក​កាន់​បន្ទាយ​វិញ ជាហេតុ​នាំ​អោយ​មាន​ការ​ភ័យខ្លាច​ថា​អាច​​មាន​ទាហាន​ក្នុង​ក្រុម​នេះ​ជា​ច្រើន​ទៀត​ឆ្លង​ឬ​ចម្លង​ទៅកាន់​អ្នកដទៃ​។​

​ដោយយោង​តាម​មន្ត្រី​យោធា​ដែល​ដឹង​រឿង​នេះ កាសែត​the Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា នៅមុន​ការបញ្ជូន​ទៅកាន់​វិមាន​កា​ពី​តូ​ល ទាហាន​ទាំងនោះ​ត្រូវ​បាន​ពិនិត្យ​សុខភា​​ពរក​វីរុស​កូរ៉ូណា​អស់ហើយ តែ​មិន​បាន​ទាំងអស់​គ្នា​ទេ​។​

​ដូច្នេះ​ទាហាន​ផ្ទុក​វីរុស​ណា​ម្នាក់​អាច​ចម្លង​ទៅកាន់​សហសេវិក​របស់​គេ​រាប់សិប​រាប់រយ​នាក់​ទៀត​ដោយ​សារ​ពួកគេ​ត្រូវ​បង្ខំ​អោយ​សម្រាក​លើ​កម្រាល​ឥដ្ឋ​ក្នុង​អាគារ​សភា​ឬ​ក្នុង​បន្ទប់​រួមគ្នា​។​

​សារព័ត៌មាន​Politico បាន​រាយការណ៍​ថា ស្ថានការណ៍​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ទាហាន​ត្រូវ​បាន​ប្រាប់​អោយ​ចាកចេញ​ពី​បរិវេណ​វិមាន​កា​ពី​តូ​ល​និង​ចូលទៅ​ក្នុង​រោង​រថយន្ត​​មួយ​នៅក្បែរនោះ​។​ទាហាន​កង​ឆ្មាំ​ជាតិ​៥.០០០​នាក់​ត្រូវបាន​បញ្ជា​អោយទៅ​កាន់​កន្លែងជួសជុល​និងចតរថយន្ត​មួយ​ដែល​មាន​បន្ទប់ទឹក​តែ​មួយ​។​

​រូបភាព​បានបង្ហាញ​ទាហាន​នៅ​បញ្ជៀ​ត​គ្នា​នៅ​កន្លែងចត​រថយន្ត និង​មិន​បាន​ពាក់​ម៉ាស់គ្រប់គ្នា​ដើម្បី​ការពារ​ទល់នឹង​វីរុស​កូរ៉ូណា​ទេ​។​

កំហឹងសាធារណជនកំពុងផ្ទុះឡើងបន្ទាប់ពីមានការបង្ហាញរូបភាពទាហានកងឆ្មាំអាម៉េរិកត្រូវបង្ខំអោយសម្រាកក្នុងកន្លែងចតរថយន្តរួមគ្នា ដោយមិនមានវិធានការការពារវីរុសកូរូណា

​របាយការណ៍​ស្តីពី​ទាហាន​ឆ្លងកូវី​ដ​១៩​នេះ កើតឡើង​ចំពេល​ប្រធានាធិបតី​ថ្មី​របស់​អាម៉េរិក​លោកបៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការស្លាប់​ដោយកូវី​ដ​១៩​នៅ​អាម៉េរិក​អាច​នឹង​ឡើង​ដល់​៦០០.០០០​នាក់​។​

​ក្នុង​សន្និសីទកាសែត​មួយ លោក​បាន​និយាយថា​« វីរុស​កំពុង​ផ្ទុះឡើង យើង​មាន​អ្នក​ស្លាប់​ដោយសារ​វា​ជាង​៤០០.០០០​នាក់​ហើយ​។​រំពឹងថា​នឹង​កើន​ដល់​ជាង​៦០០.០០០​នាក់ នៅពេល​គ្រួសារ​ជាច្រើន​នឹង​ជួប​​ការអត់ឃ្លាន ប្រជាជន​ប្រឈម​នឹង​ការបណ្តេញចេញ ភាព​អត់​ការងារ​នឹង​កើនឡើង​ជា​ថ្មី​។ យើង​ត្រូវធ្វើ​សកម្មភាព​»​។​

​លោកបៃ​ដិន បាន​និយាយ​ដូច្នេះ​ក្រោយពី​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​អោយ​ចាត់​វិធានការ​ដោះស្រាយ​វិបត្តិ​ស្បៀង​អាហារ​ដែល​កំពុង​ប៉ះពាល់​ពលរដ្ឋ​អាម៉េរិក​រាប់លាន​នាក់​៕

​ទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ​ជាង​២៥.០០០​នាក់ មកពី​៥០​រដ្ឋ​ត្រូវបាន​បញ្ជូន​ចូល​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ដើម្បី​ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី តែ​សុខុមាលភាព​របស់​​ពួកគេ​មិន​ត្រូវបាន​យកចិត្តទុកដាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular