ប្រែសម្រួល : កញ្ញាដាលីស ៖ ហ្វ្រែង ឡាំផាត ជឿជាក់ថាគាត់មានស្មារតីប្រយុទ្ធដើម្បីជួយក្រុមកំពុងអភិវឌ្ឍខ្លួន Chelsea រកផ្លូវចាកចេញពីការធ្លាក់ចុះដុនដាបក្នុងក្របខ័ណ្ឌ Premier League ។
គ្រូបង្វឹកក្រុមតោខៀវ Chelsea ដែលកំពុងរងសម្ពាធធ្ងន់ធ្ងររូបនេះជឿជាក់ថា ការតស៊ូឆ្លងកាត់ទម្រង់លេងដ៏អន់របស់ពួកគេអាចមកពីការបង្កើតក្រុមដែលមានកីឡាករវ័យក្មេងច្រើនពេក។
Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Luton ក្នុងការប្រកួត FA Cup ជុំទី ៤ នៅឯកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យនេះ ដោយគ្រូបង្វឹកឡាំផាតទំនងជានឹងដាក់ឈុតធំគីឡូធ្ងន់ដើម្បីទាញទម្រង់លេងមកវិញ។
ក្រុមតោខៀវ ដែលកាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យខ្សែការពារវ័យក្មេង ហ្វីកាយ៉ូ តូម៉ូរី ចូលរួមជាមួយ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង បានចាញ់ ៥ ដងក្នុងចំណោម ៨ ប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League ជាហេតុធ្វើឱ្យឡាំផាតត្រូវប្រឹងប្រែងខ្លាំងដើម្បីសង្គ្រោះការងាររបស់គាត់។
ហើយឥឡូវនេះបុរសអាយុ ៤២ ឆ្នាំរូបនេះបានសន្យាថានឹងរកវិធីត្រួសត្រាយផ្លូវសម្រាប់គាត់និង Chelsea ចាកចេញពីបញ្ហា។
ឡាំផាតនិយាយថា “ខ្ញុំជាអ្នកប្រយុទ្ធជាដរាប។ នេះជារបៀបដែលខ្ញុំអាចបង្កើតអាជីពជាកីឡាករចេញពីបាល់ទាត់។ ដូច្នេះនៅពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំអាចអង្គុយវិភាគក្នុងប្រព័ន្ធផ្សព្វផ្សាយឬចាកចេញពីបាល់ទាត់យ៉ាងងាយស្រួល ហើយខ្ញុំមិនចាំបាច់ត្រឡប់ចូលមកវិញទេ”។
ឡាំផាតបន្តថា “ខ្ញុំត្រឡប់មកវិញជាមួយមហិច្ឆតាចង់បានជោគជ័យ ហើយខ្ញុំមិនស្ទាក់ស្ទើរនឹងត្រឡប់មកវិញទេ ខ្ញុំដឹងថានឹងមានគ្រាដ៏លំបាក នឹងមានរឿងដែលអ្នកមិនអាចត្រួតត្រាបានដូចដែលអ្នកធ្វើជាកីឡាករ។ ខ្ញុំស្រឡាញ់ការងារជាគ្រូបង្វឹក ហើយខ្ញុំពិតជាពេញចិត្តបំផុតដែលពេលជួបគ្រាលំបាកបែបនេះ អ្នកនឹងប្រឹងរកវិធីចាកចេញពីវា”៕
ឡាំផាតពេញចិត្តនឹងសម្ពាធជាគ្រូបង្វឹកនិងប្តេជ្ញារកវិធីចាកចេញពីការលំបាកឱ្យបាន