ដោយៈវ៉ៃកូ/ខេត្តស្វាយរៀង: លោកនាយឧត្ដមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញ
ជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលមានទំហំ ៣២ម x ៧ម ដែល ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយចំណាយថវិកាសរុបប្រមាណជាង២៥ម៉ឺនដុល្លារ ក្នុងនោះសង់អគារ របង ប្រព័ន្ធលូ និងចាក់ដីបំពេញបន្ថែម។
ពិធីនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបទៀតផងដែរ។
ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុងបានកសាងឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ ទោះបីជួបវិបត្តិកូវីដ-១៩ ក៏ដោយ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកនេះ គឺធ្វើនៅលើទីតាំងដីថ្មី មានទំហំធំទូលាយជាងទីតាំងចាស់។ ចំណែកឯទីតាំងចាស់នឹងប្រគល់ជូនសាលាស្រុករមាសហែក នេះបើតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍៕