Home ព័ត៌មានសំខាន់ៗ វឌ្ឍនភាព​វិ​វ...

វឌ្ឍនភាព​វិ​វត្ត​របស់​បណ្ណាល័យ សម្តេចម៉ែ សម្រាប់​ឆ្នាំ​២០២១

ដោយៈ​សោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា​/​ភ្នំពេញៈលោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រាជានុញ្ញាត​ក្រាបបង្គំ​ទូលថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ស្តីអំពី​វឌ្ឍនភាព​វិ​វត្ត​របស់​បណ្ណាល័យ សម្តេចម៉ែ សម្រាប់​ឆ្នាំ​២០២១​។​

បណ្ណាល័យ សម្តេចម៉ែ (រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ដើម្បី​ជា​កិច្ច​ចូលរួម​លើកស្ទួយ​តម្លៃ​សិល្បៈ និង​វប្បធម៌​ជាតិខ្មែរ​ដ៏​ថ្កើងថ្កាន លោក ឆាំង យុ​បានរៀបចំ​សម្តែង​សិល្បៈ​គ្រប់​ទម្រង់​ទាំង របាំ​ក្បាច់បុរាណ​ខ្មែរ (​ឬ​របាំ​ព្រះរាជ​ទ្រព្យ​) របាំ​សហ​សម័យ គំនូរ និង​តន្ត្រី​រៀងរាល់​៣​ខែម្តង​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​ដើម្បី​ឲ្យ បណ្ណាល័យ​សម្តេចម៉ែ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​គួរ​ជាទី​ចាប់អារម្មណ៍ ក៏ដូចជា​ការធ្វើការ​ផ្សព្វផ្សាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នូវ​ព្រះកិត្តិនាម និង​ភាព​សម្បូរបែប​នៃ​បណ្ណាល័យ​សម្តេចម៉ែ​។

​នៅ​ខែមករា ឆ្នាំ​២០២១ ក្រុម​សិល្បៈ​មួយក្រុម​ដឹកនាំ​ដោយ កញ្ញា សុខ ណា​លី​ស បានមក​ទស្សនកិច្ច​ប​ណ្ណា​ល័យ​សម្តេចម៉ែ​និង​ពិនិត្យមើល​ទីកន្លែង​សម្រាប់​ហ្វឹកហាត់​សម្តែង​សិល្បៈ​របាំ​ក្បាច់បុរាណ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​។​ក្រុម​សិល្បៈ​នឹង សម្តែង​សិល្បៈ​របាំ​ក្បាច់បុរាណ​ដើម្បី​អបអរ​ខួប​លើក​ទី​១១០ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​នៅ​បណ្ណាល័យ​សម្តេចម៉ែ​។ ភ្ញៀវ​ជាតិ​ដែលជា​លោកជំទាវ​ទូត ឯកអគ្គរាជទូត និង​រដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ត្រូវបាន​អញ្ជើញ​និង​យាង​មក​ចូលរួម ព្រឹត្តិការណ៍ និង​ទស្សនា​កម្មវិធី​សម្តែង​សិល្បៈ​នៅ​បណ្ណាល័យ សម្តេចម៉ែ​។​

​បណ្ណាល័យ សម្តេចម៉ែ បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ដាក់តាំង​ពិព័រណ៍​ព្រះ​ឆាយា​លក្ខណ៍​និង​ស្នាម​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​, កិច្ចការ​ស្រាវជ្រាវ​,​កិច្ចការ​ផ្សព្វផ្សាយ​និង​កិច្ច​ការបោះ​ពុ​ម្ភ​ផ្សាយ​រួម​ជាអាទិ៍​មាន​សៀវភៅ​ស្តីអំពី​ទំនាក់ទំនង​សម្តេច ព្រះ​នរោត្តម សីហនុ និង​នាយ​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ នៃ​ប្រទេស​ចិន​។​

​បណ្ណាល័យ​សម្តេចម៉ែ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ដែល​បាន​ខិតខំ ប្រឹងប្រែង​ដើម្បី​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ប្រទេសជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​បាន​សព្វ​ព្រះរាជ ហឫទ័យ​យាង​សម្ពោធ​បណ្ណាល័យ​សម្តេចម៉ែ នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ៤​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​បណ្ណាល័យ​សម្ដេចម៉ែ មាន​តម្កល់ទុក​សមុច្ច័យ​ជា​សៀវភៅ ប្រមាណ​ជាង ៣០០០​ក្បាល និង​ឯកសារ​ចំនួន​២៨០០​ប្រអប់ ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។ ឯកសារ​ដែល​តម្កល់​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​ក៏​រួមមាន​សៀវភៅ​ជាច្រើន​ទៀត ស្ដីអំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឯកសារ​ស្តីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​យ៉ាងហោចណាស់​១​លាន​៧​សែន ដែល​ស្រាវជ្រាវ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំកន្លងមក​។​

​បណ្ណាល័យ​សម្តេចម៉ែ​ថែមទាំង​មាន​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃទៀត​ដូចជា​រូបថត​ភាពយន្ត​និង​ខ្សែអាត់​សំឡេង​ជាច្រើន​ម៉ឺន​នាទី​របស់​ជនរងគ្រោះ​ក្នុងសម័យ​ប៉ុលពត​ដែល​ត្រូវបានធ្វើ​ឲ្យ​ទៅជា​ទម្រង់​ឌីជីថល​មានគុណ​ភាព​ខ្ពស់​ដើម្បី​ធានា​ដល់​ការអភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​។​

​ទោះបី​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត កូ​វីដ​១៩ នៅពេល​បច្ចុប្បន្ន​ក៏ដោយ ក៏​សកម្មភាព​អប់រំ របស់​បណ្ណាល័យ​សម្តេច​ម៉ែ​ដល់​ប្រជាជន​កម្ពុជា និង​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​តាមរយៈ​សិល្បៈ តន្ត្រី ខ្មែរ​ភាពយន្ត និង​ប្រវត្តិសាស្ត្រ នៅតែមាន​សកម្មភាព និង​បន្ត​ទៅមុខ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular