ដោយ ៖ ភ្នំស្វាយ/បន្ទាយមានជ័យ: បន្ទាប់ពីប្តូរឈ្មោះពីសាកលវិទ្យាល័យមានជ័យ មកជាសាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យនៅទិសពាយ័ព្យនៃប្រទេស មួយនេះបាននឹងកំពុងបន្តកែទម្រង់ផ្ទៃក្នុង ដើម្បីពង្រឹងសមត្ថភាពដល់និស្សិត ។
លោក ជ័យ សារិន ប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យនេះ ផ្តួចផ្តើមកសាងឡើងដោយលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ក្នុងឆ្នាំ២០០៧ ដែលបានដើរតួនាទីជា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលស្រាវជ្រាវនិងផលិតធនធានមនុស្ស ។ ហើយនៅក្នុងរយៈ ពេល ១៣ឆ្នាំ មកនេះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយនេះបានផលិតធនធនមនុស្សកម្រិត បរិញ្ញាប័ត្រជាន់ខ្ពស់ បរិញ្ញប័ត្រ និងបរិញ្ញារង លើ១៤ជំនាញ នៅតាមមហាវិទ្យាល័យ៥ ។
ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលនិងការសិក្សារបស់និស្សិតដែលឆ្លើយតបនឹងតម្រូវការទីផ្សារនាបច្ចុប្បន្ននិងទៅអនាគត ១ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យនេះ បានដាក់ចេញនូវកម្មវិធីកែទម្រង់៦ចំនុច ដែលរួមមាន ការពង្រឹងអភិបាលកិច្ច, ការគ្រប់គ្រង ថវិកានិងហិរញ្ញវត្ថុ, ការគ្រប់គ្រងបុគ្គលិកនិង ទ្រព្យសម្បត្តិរដ្ឋ, ការកែលម្អបរិស្ថាន ការកែ លម្អសេវានិស្សិត, និងការកែលម្អកម្មវិធីសិក្សានិងការស្រាវជ្រាវ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរំលឹកក្នុងប្រធានបទនៃបទបង្ហាញថា គន្លឹះនៃភាពជោគជ័យក្នុងជីវិតការសិក្សាសំខាន់បំផុត គឺការតស៊ូ និងព្យាយាមសិក្សា ស្រាវជ្រាវបន្ថែម” ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យបានថ្លែងថា វគ្គបណ្តុះបណ្តាលនានា បើទោះជាមានការ សិក្សាមានរយៈខ្លី ឫវែងតែវាបានផ្តល់គុណប្រយោជន៍ច្រើនដល់និស្សិតទាំងឡាយយកទៅ ឆ្លុះបញ្ចាំង និងស្រង់យកទៅពង្រីកបន្ថែមលើការខិតខំរៀនសូត្រ ឬតម្រង់ទិសបណ្តើៗមុន នឹងបញ្ចប់ការសិក្សា ហើយស្វែងរកការងារធ្វើ ។
លោក ស សុខា បានបន្តថា នៅក្នុងនៅសាកលវិទ្យាល័យជាតិមានជ័យនេះបាន និងកំពុង ធ្វើការបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បងហើយនិងបានខិតខំអប់រំនិស្សិតដោយយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍន៍ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាននិងពិភពលោកផងដែរ។
លោកបានខិតខំប្រឹងប្រែងរៀនសូត្រយកអស់កម្លាំងកាយចិត្តដើម្បីប្រែក្លាយជាធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បងដែលប្រទេសជាតិត្រូវការចាំចាច់៕/PC