ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៣ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយមន្ត្រីក្រោមឱវាទ និង លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្ត្រីជំនាញបានអញ្ជើញមកពិនិត្យ កសិដ្ឋានចិញ្ចឹមត្រី របស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ភិរម្យ បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦.០០០-១០.០០០ ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧.០០០តោននៅក្នុងមួយឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។
ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ភិរម្យ ប្រកាន់ យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញ សេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។
លោកបានបន្តថា បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារ ក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។
ឆ្លៀតយកឱកាសនេះ ចេញពីកសិដ្ឋានលោក ភិរម្យ លោករដ្ឋមន្ត្រីបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តរក្សា និងខិតខំពង្រឹង ពង្រីកមុខរបរនេះបន្ថែម ទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេស ឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជាបើអាចរៀបចំ កន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បី ទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែង កែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់បន្ថយហានីភ័យ ដោយសារបរិមាណផលិតលើសពីតម្រូវការ។
លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការ នឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍ រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្រប តាមស្តង់ដាទីផ្សារបញ្ជា ទិញនាពេលអនាគត៕/PC