ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ក្រសួង ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផលរបស់កសិករកម្ពុជា ។
លោកបានមានប្រសាសន៍នៅពេលចុះទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ចាម កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។
លោករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ៕