Home ព័ត៌មានអន្តរជាតិ រដ្ឋ​មន្ត្រី​...

រដ្ឋ​មន្ត្រី​សុខាភិបាល​ស្រី​លង្ការ​ដែល​ជឿ​លើ​មន្តអាគម​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា ឥឡូវ​កើតកូ​វីដ​១៩

ប្រែ​សម្រួលៈ​វាសនា​/​កូឡុំបូ​៖​រដ្ឋ​មន្ត្រី​សុខាភិបាល​ស្រីលង្ការ ដែល​បាន​គាំទ្រ​អំពើ​អាប​ធ្មប់​និង​មន្តអាគម​ជា​សាធារណៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ដែន​កោះនេះ ឥឡូវ​ត្រូវបាន​ធ្វើតេស្តិ៍​​វិជ្ជ​មានកូ​វីដ​១៩​ហើយ​នឹង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃ​សៅរ៍៍​ទី​២៣​មករា​។​

​លោកស្រី ប៉ា​វី​ថ្រា វ៉ាន​នៀ​រ៉ាជី បាន​អនុវត្ត​និង​គាំទ្រ​អោយមាន​ការប្រើ​មន្តអាគម​និង​ក្រោយមក​បាន​បង្ហាញ​ទឹក​ឃ្មុំ​និង​ប្រេងចន្ទន៍​គ្រឹ​ស្នា​ផលិតឡើង​ដោយ​គ្រូមន្តអាគម​ម្នាក់ ដែល​បាន​អះអាងថា វា​អាច​​ជួយ​ការពារ​ទល់នឹង​វីរុស​កូរ៉ូណា​។​

​ទោះជា​យ៉ាងណា ក្រុមគ្រូពេទ្យ​នៅ​ក្នុងប្រទេស​នេះ​បាន​និយាយថា មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​បញ្ជាក់ថា ទឹក​ស៊ី​រ៉ូម​ផ្អែម​នេះ​អាច​ព្យាបាល​កូវី​ដ​១៩​បានទេ​។ កាលពី​ខែ​មុន​មនុស្ស​រាប់ពាន់​នាក់​បាន​​ពពាក់ពពូន​ទាំង​បំពាន​បំរាម​ហាម​ជួបជុំ​មនុស្ស​នៅ​ទី​សាធារណៈ​ដើម្បី​ទៅ​ទទួល​ទឹក​ថ្នាំ​មន្តអាគម​នេះ​។​

​សមាជិកគ្រួសារ​អ្នកនយោបាយ​ម្នាក់​ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​បន្ទាប់ពី​បាន​ផឹកទឹក​មន្ត​នេះ​មក​។​

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន លោកស្រី​រដ្ឋមន្ត្រី​ក៏​បាន​ចាក់​ទឹកមន្ត​ម្យ៉ាង​ចូល​ក្នុង​ទន្លេ​មួយ បន្ទាប់ពី​បុរស​អះអាងថា​ជា​ព្រះ​ម្នាក់​បាន​ប្រាប់​លោក​ស្រី​ថា​វា​នឹង​បញ្ចប់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា ស្រី​លង្ការ​ដែល​មាន​ប្រជាពលរដ្ឋ​២១​លាន​នាក់ កាលពី​ថ្ងៃ​សុក្រ​ទី​២២​មករា​បាន​អនុម័ត​ប្រើ​ក្នុង​គ្រាអាសន្ន​វ៉ាក់សាំង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស​និង​ស៊ុយអែត នៅ​ពេល​តែ​ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​លោកស្រី​វ៉ាន​នៀ​រ៉ាជី​ពិនិត្យ​ឃើញ​វីរុស​កូរ៉ូណា​។​

​ស្រីលង្ការ​កំពុង​ជួប​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា ដោយ​ចំនួន​ឆ្លង​កើន​ដល់​៥៧.០០០​នាក់ និង​២៧៨​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

​វ៉ាន​នៀ​រ៉ាជី ត្រូវ​បាន​ពិនិត្យឃើញ​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​សុក្រ និង​កំពុង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular