ដោយៈ ប.ខុន / ភ្នំពេញៈ ផ្ទៃដីស្រែ នៅសងខាងដងស្ទឹងក្រឡាញ់ (ស្រែងក្រោម) បានចាប់ផ្តើម មានពណ៌ខៀវស្រងាត់ នៅរដូវប្រាំង បន្ទាប់ពីសំណង់ ស្ទាក់ទឹកកាត់ស្ទឹងនេះ ត្រូវបានសាងសង់រួច ដោយក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមរដូវវស្សា ឆ្នាំ២០២០។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថាៈ សំណង់ ស្ទាក់ទឹក ដែលបានសាងសង់ កាត់ស្ទឹងក្រឡាញ់ (ស្ទឹងស្រែង) នៅប៉ែកខាងក្រោម ផ្លូវជាតិលេខ៦ បានធ្វើរួច និងកំពុងប្រើប្រាស់ នៅពេលនេះ យ៉ាងមានប្រសិទ្ធ ភាព ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ស្រូវប្រាំង និងទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ រស់នៅ និងបង្កបង្កើនផល នៅសងខាង ដងស្ទឹងនេះ។
អ្នកនាំពាក្យខាងលើ បានឱ្យដឹងទៀតថាៈ ជាច្រើនឆ្នាំមកហើយ បញ្ហាទឹក សម្រាប់ប្រើប្រាស់ និងទឹកបង្កបង្កើនផល នៅសងខាងដងស្ទឹងក្រឡាញ់នេះ ជួបការលំ បាកខ្លាំងណាស់ នៅរដូវប្រាំង ដោយសារស្ទឹងនេះ មានជម្រៅជ្រៅ អស់ភ្លៀង ទឹកហូរចូលទៅក្នុងបឹងទន្លេសាបអស់។
ការងារបង្កបង្កើនផល នៅតំបន់នេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ ជួបបញ្ហាប្រឈមចំនួនបី ជំនន់បឹងទន្លេសាប លិចខូចស្រូវវស្សា នៅឆ្នាំណា ទឹកធំ, ជំនន់ទឹក អាងត្រពាំងថ្ម នៅពេលមានភ្លៀងខ្លាំង ព្រោះស្ទឹងនេះ ផ្លូវដោះទឹក និងជំនន់ស្ទឹងស្រែង នៅចុងរដូវស្សា តែពេលអស់ជំនន់ ក៏អស់ទឹកពីក្នុងស្ទឹងដែរ។
លោក ចាន់ យុត្ថា បាននិយាយថាៈ ដោយសិក្សាឃើញ ពីការលំបាកបែបនេះរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចធ្វើការសិក្សា និងឈានដល់ធ្វើការសាងសង់ សំណង់ស្ទាក់ទឹកស្ទឹង ក្រឡាញ់ ទុកប្រើប្រាស់ នៅរដូវប្រាំង ដែលបានធ្វើ រួចកាលពីក្នុងរដូវវស្សា កន្លងទៅ ពេលនេះ មានទឹកសម្រាប់ ផ្គត់ផ្គង់ដល់ដីស្រែ ប្រមាណជា ២ ម៉ឺនហិកតា ដោយនៅក្នុងខេត្តសៀមរាប ៥.០០០ ហិកតា និងនៅខាងខេត្តបន្ទាយមានជ័យ ប្រមាណជា ១៥.០០០ ហិកតា។
សំណង់ស្ទាក់ទឹក កាត់ស្ទឹងនេះ លោក ចាន់ យុត្ថា បាននិយាយថា បានធ្វើរួច តែប្រព័ន្ធចែកចាយ មិនទាន់បានធ្វើនៅឡើយទេ គឺប្រើប្រាស់ប្រព័ន្ធចាស់ ឬអូរធម្ម ជាតិ មានស្រាប់ សម្រាប់បញ្ជូនទឹក ទៅដាក់ស្រូវប្រាំង នៅតាមសងខាងស្ទឹងនេះ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មី កម្ពុជាដឹង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថាៈ កាលពីមុន ការធ្វើស្រូវប្រាំង នៅតាម មាត់ស្ទឹងក្រឡាញ់ មានចំនួនតែពី ៤០០ ទៅ ៥០០ ហិកតាទេ តែឆ្នាំនេះ កសិករ ធ្វើបានដល់ជាង ២.០០០ ហិកតា នៅលើផ្ទៃដីប្រមាណជា ៥.០០០ ហិកតា បន្ទាប់ពីមានសំណង់ ស្ទាក់ទឹកស្ទឹង បានធ្វើរួច។
ប្រធានមន្ទីរខាងលើ បាននិយាយទៀតថាៈ សំណង់ស្ទាក់ទឹកនេះ បានផ្តល់ទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់ធ្វើស្រូវប្រាំង ដែលកាលពីមុន ជួប ការលំបាកខ្លាំងណាស់ បញ្ហាទឹកនៅតំបន់នេះ ដោយសាររដូវប្រាំង ទឹកហូរចូល ក្នុងបឹងទន្លេសាបអស់។ នៅម្ខាងនៃស្ទឹងនេះ ក្នុងខេត្តសៀមរាប មានដីស្រែ តែជាង ៥.០០០ ហិកតាទេ តែខាងខេត្តបន្ទាយមានជ័យ មានដល់ជាង មួយម៉ឺនហិកតា។ ផែនការធ្វើស្រូវប្រាំង នៅខេត្តសៀមរាប ឆ្នាំនេះ មានចំនួនប្រមាណជា ២២ ពាន់ហិកតា ដែលគិតមកដល់ថ្ងៃទី២៣ ខែមករា នេះ ធ្វើរួច ១០០ ភាគរយហើយ ដោយកន្លែងខ្លះ កំពុងច្រូតកាត់ និងកន្លែងខ្លះ នៅមានទឹកភ្ជួររាស់ សាបព្រោះ បន្តទៀត។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃនេះដែរថាៈ ដីស្រែ នៅជាប់ស្ទឹងក្រឡាញ់ ឆ្នាំ នេះ កសិករ បានធ្វើស្រូវប្រាំងពេញ ទាំងអស់ ចំនួនប្រមាណជា ១៥.០០០ ហិកតា បន្ទាប់ពីសំណង់ ស្ទាក់ទឹកស្ទឹងស្រែង បានធ្វើរួច។ នៅតំបន់នេះ មិនទាន់មាន ប្រព័ន្ធចែកចាយទឹកទេ តែកសិករ បានស្រុះស្រួលគ្នា ក្នុងការបូមទឹក ពីក្នុងស្ទឹង និងបញ្ជូនទៅកាន់ស្រែរៀងខ្លួន តាមរយៈអូរធម្មជាតិ និងប្រឡាយចាស់ ដែលមានតិចតួច នៅតំបន់នោះ។
លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ ស្រូវប្រាំង នៅតំបន់ ខាងលើនេះ មិនចោទបញ្ហាទឹកទេ ព្រោះនៅក្នុងស្ទឹង សល់ទឹកច្រើន និងបើអស់ មានប្រភព បញ្ជូន មកពីខេត្តឧត្តរមានជ័យ។ នៅក្នុងខេត្តបន្ទាយ មានជ័យ ឆ្នាំនេះ ផែនការធ្វើស្រូវប្រាំង ចំនួន ២២ ពាន់ហិកតា តែជាក់ស្តែង កសិករ ធ្វើបានជាង ៥ ម៉ឺនហិកតា ធ្វើឱ្យមានការប្រឈមនឹងបញ្ហាខ្វះទឹក នៅតំបន់មួយចំនួន នៅផ្នែកខាងលើ នៃស្រុកមង្គលបូរី។ បញ្ហាដណ្តើមទឹកគ្នា បានកើតមាន ពីពេលនេះទៅហើយ ។ ចំណែកឯអាងត្រពាំងថ្ម នៅពេលនេះ សល់ប្រមាណជា ១២០ លានម៉ែត្រគូប ស្មើប្រមាណជា ៨០ ភាគរយ នៃសមត្ថភាពទឹក ដែលបានស្តុកទុក ក្នុងអាង និងមិនបន្ទាន់មានការបញ្ជូន ចូលពីអាងស្រែង នៅឡើយទេ៕/V