ដោយៈ គ្រញូង / បាត់ដំបងៈ ពលករខ្មែរម្នាក់ បានស្លាប់ យ៉ាងអាណោចអធម ដោយជនដៃដល់ ជាពលករខ្មែរ បានកាប់ ១ ពូថៅ ត្រូវចំកញ្ចឹង ក ក្រោយពេលផឹកស៊ី ទាស់សំដីគ្នា។ ហេតុការណ៍នៃអំពើឃាតកម្មនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ នៃក្រុមហ៊ុន សេនសាន់សេត អ៊ិនដាតទ្រី ចាំកាត់ លេខ ១៤២/២៦ ស្ថិតក្នុងភូមិ២ ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុរី ប្រទេសថៃ ។ នេះបើតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចប្រចាំ នៅព្រំដែនកម្ពុជា ដោយយោងសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចថៃ ។
ប្រភពព័ត៌មាន ពីអាជ្ញាធរមានសមត្ថកិច្ចដដែល បានឱ្យដឹងថា សាក្សីសំខាន់ម្នាក់ ដែលស្ថិតនៅក្នុង ហេតុការណ៍នោះ គឺឈ្មោះ ណាត់ (ជាជនជាតិថៃ) បានរៀបរាប់ប្រាប់ សមត្ថកិច្ចថៃថាៈ នៅមុនពេលកើតហេតុ គឺខ្លួនបានទទួលទូរស័ព្ទ ពីឈ្មោះ ភុត ជា (ឃាតក) បានហៅខ្លួនអោយមកនិយាយគ្នា រឿងការងារបន្តិច ប៉ុន្តែពេលដែលខ្លួន មកដល់ គឺឃើញពួកគេ កំពុងផឹកស្រវឹងទៅហើយ ដោយម្នាក់ទៀត ឈ្មោះ យូ ណា (ជនរងគ្រោះ) គឺពួកគេទាំងពីរនាក់ ជាពលករខ្មែរ ធ្វើការជាមួយគ្នា ប្រហែល ៥ ឆ្នាំមកហើយ។
សាក្សីដដែលនេះ បានបន្តថាៈ នៅពេលនោះ ខ្លួនក៏បានផឹកស្រា ស (ឡៅខាវ ៤០ ដឺក្រេ) អស់មួយកែវ ដោយមិនដឹងថា គេទាស់គ្នារឿងអ្វី ព្រោះខ្លួនមិនចេះ ស្តាប់ខ្មែរ ទើបខ្លួន ក៏បានងើបដើរចេញ ដល់មាត់ទ្វារបន្ទប់ ស្រាប់តែឮសូរ ដូចគេកាប់ឆ្អឹងគោ ព្រមទាំងបានឮ សម្លេងស្រែក ខ្លួនក៏ងាកមកមើល ឃើញឈ្មោះ ភុត ជា ឈរកាន់ពូថៅ យក្សយ៉ាងធំ ប្រឡាក់ឈាម ។ រីឯឈ្មោះ យូ ណា បានដួលដេក នៅលើគ្រែនោះ បាត់ទៅ ហើយ ទើបខ្លួនបានស្រែកឃាត់ ស្របពេលដែល អ្នកស្នាក់នៅ ជាប់បន្ទប់ ក៏បានចូលមកមើល ទើបឈ្មោះ ភុត ជា ស្ទុះមកវាយមួយពូថៅ ចំដើមទ្រូងខ្លួន ហើយជាន់លើទ្រូង ពេលខ្លួនដួល ទើបជនសង្ស័យ រត់គេចខ្លួន បាត់ស្រមោល។
សមត្ថកិច្ចតម្រួតស្រុកបានប៊ឹង បានបញ្ជាក់ថាៈ បញ្ហានេះ គឺបណ្តាលមកពីការស្រវឹង ហើយបង្កើតជាទំនាស់ពាក្យសម្តី ទើបឈានដល់ការកាប់សម្លាប់បែបនេះ។ បច្ចុប្បន្ន តម្រួតស្រុកបានប៊ឹង កំពុងដាក់កម្លាំង តាមចាប់ខ្លួនឃាតក ដើម្បីយកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕/V