ដោយ: ភ្នំដែក / ព្រះវិហារ: លោកទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឱ្យពលរដ្ឋ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រឆាំងដាច់ខាត ចំពោះជនណា ដែលមានបំណងចង់បំផ្លាញ សុខសន្តិភាពនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវនេះ ក្នុងឱកាសនាំយកអំណោយ របស់រាជរដ្ឋាភិបាល ទៅចែកជូនពលរដ្ឋក្រីក្រ ចំនួន ២០០ គ្រួសារ មកពីឃុំចំនួន ៤ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយើង បន្តអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លង ជំងឺកូវីដ-១៩៕/V