Home ព័ត៌មានសំខាន់ៗ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​ហ្វឹកហ្វឺន បណ្តុះបណ្តាល​ជំនាញ អង្គរក្ស​ពិសេស ជំនា​ន់ទី​២៥ និង​បន្ត​បើក​វគ្គ​ជំនា​ន់ទី​២៦

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍ ផុត​លេខ​ផ្កាយ​មាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញ​អង្គរក្ស​ពិសេស ជំនា​ន់ទី​២៥ និង​បន្ត​បើក​វគ្គ​ជំនា​ន់ទី​២៦ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ កែទម្រង់​របស់ខ្លួន ហើយ​ក្នុងន័យនេះ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​ត្រូវ​ដំណើរការ ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ របស់​រាជរដ្ឋាភិបាល ឱ្យ​ទទួលបាន​ជោគជ័យ​។ ក្នុងនោះ កម្លាំង​ដែលមាន​ស្រាប់ និង​កម្លាំង​បំពេញបន្ថែម ត្រូវ​ទទួលបាន​នូវ ការហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព ឱ្យបាន​ជាប់​ជាប្រចាំ ហើយ​ចាំបាច់​ទាមទារ ឱ្យ​ការហ្វឹកហ្វឺន​ទាំងអស់ ត្រូវ​ផ្តោតលើ គុណភាព នៃ​បរិមាណ និង​ការផ្ទេរ​បទពិសោធន៍​។ ជាក់ស្តែង វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ បាន​ឆ្លើយតប​ចំពោះ សេចក្តីត្រូវការ ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព ជំនាញ​របស់​យោធិន ដើម្បី​ធានាបាន​នូវ​និរន្តរភាព នៃ​សមត្ថភាព ក្នុងការ​បំពេញភារកិច្ច ក្នុងពេល​ចំពោះមុខ និង​រយៈពេល​វែង របស់​កងយោធពល​ខេមរភូមិន្ទ គឺ​ការ​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ និង​ជាពិសេស ការបំពេញភារកិច្ច​ស្នូល របស់​អង្គភាព ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព ជូន​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​សូម​ឲ្យ​សិក្ខាកាម ដែល​ទទួលបាន​ការហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញ​អង្គរក្ស​ពិសេស បន្ត​ពង្រឹង​ភារកិច្ច​ស្នូល ក្នុងការ​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា និង​បន្ត​កិច្ចការពារ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព និង​ភាពសុខសាន្ត​របស់​ប្រជាជន ក៏ដូចជា ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឺងម៉ាត់ នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ជាមួយនឹង​ការខិតខំ​អប់រំ ហ្វឹកហ្វឺន​រៀនសូត្រ ប្រកបដោយ​ការតស៊ូ អត់ធ្មត់​ព្យាយាម រហូត​ក្លាយជា​កងទ័ព ដែលមាន​វិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសម ជា​កូនចៅ ពិតប្រាកដ​របស់​ប្រជាជន និង​ហ៊ាន​ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ និង​កោតសរសើរ ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ ដែល​ជោគជ័យ​នេះ គឺ​កើតចេញពី​ការហាត់​ពត់ លត់​ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍ ក្នុងការ​ពុះពារ​ជម្នះ នូវ​ឧបសគ្គ និង​ការលំបាក គ្រប់បែបយ៉ាង និង​ជា​មោទនភាព សម្រាប់​សិក្ខាកាម បញ្ចប់​វគ្គ​គ្រប់ៗ​រូប ហើយក៏​សង្ឃឹម យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់ នឹង​ប្រើប្រាស់​ចំណេះដឹង និង​ចំណេះធ្វើ ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅអនុវត្ត បំពេញ​រាល់​ភារកិច្ច នៅតាម​បណ្តា​កងឯកភាព ឱ្យទទួល​បាន ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង ក៏ដូចជា​សម្រាប់​ការកសាង និង​អភិវឌ្ឍន៍​ខ្លួនឯង ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង រាល់​ភារកិច្ច​របស់ កងយោធពល​ខេមរភូមិន្ទ ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular