ដោយ: ដេប៉ូ / ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជួបពិភាក្សាការងារជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងការគ្រប់គ្រងបរិស្ថាន។
ក្នុងជំនួបកិច្ចពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រវាងលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានធ្វើឡើងនាទីស្តីការក្រសួងបរិស្ថាន។
ក្នុងពិធីនេះលោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី នាពេលកន្លងមក។
ជាមួយគ្នានេះលោក Pablo Chiho Kang បានបញ្ជាក់ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី តាមរយៈសកម្មភាពអភិវឌ្ឍន៍នានាបន្តទៀត។
ក្នុងឱកាសនោះលោក សាយ សំអាល់ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាលើជំនួយបច្ចេកទេសលើការគ្រប់គ្រងបរិស្ថាន ជាពិសេសការរៀបចំទីក្រុងនិរន្តរភាព ដែលមានផែនការគ្រប់គ្រងលើអនាម័យបរិស្ថាន ការគ្រប់គ្រងសំរាម និងទឹកកខ្វក់ជាដើម៕