ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានហេតុការណ៍ជាច្រើន បានកើតឡើង។ ក្នុងនោះ បញ្ហាជំងឺកូវីដ១៩ នៅតែកើតឡើង គួរជាក្តីបារម្ភ តែមានអ្នកឆ្លងថ្មី និងក៏មានអ្នកជាសះស្បើយ ជាបន្តបន្ទាប់។ នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការទទួលបានវ៉ាក់សាំងរបស់ចិន ក្នុងជំហានដំបូង នៅខែកុម្ភៈ ហើយកម្ពុជា ក៏ស្វែងរក និងស្នើសុំវ៉ាក់សាំងកូវីដពីឥណ្ឌា រួមទាំងទិញបន្ថែមវ៉ាក់សាំងកូវីដពីចិន កូរ៉េ និងពីអង់គ្លេស ជាដើម។
កាលពីថ្ងៃទី១៨ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នើសុំជំនួយវ៉ាក់សាំងកូវីត១៩ ពីប្រទេសឥណ្ឌា ក្រោយរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនវ៉ាក់សាំងកូវីត១៩ ដល់កម្ពុជា ១លានដូស។ សម្តេចតេជោ បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាជាមួយលោកលោកស្រី ដាវី យានី អ៊ុតតាមខុប្រាហ្គេដ ( Devyani Uttamkhobragade ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា។
កាលពីថ្ងៃចន្ទ ទី១៨ ខែមករា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ពិធីប្រកាសយុទ្ធសាស្ត្រនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យដឹង កាលពីថ្ងៃទី១៩ ខែមករាថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងមុនចូលឆ្នាំចិន នាខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ បើតាមអ្នកនាំពាក្យ ជំហានដំបូងវ៉ាក់សាំងប្រមាណ ៣០ម៉ឺនដូស នឹងត្រូវដឹកជញ្ជូនមកមុខន គ្រាដែលវ៉ាក់សាំង ដែលនៅសេសសល់ផ្សេងទៀត គម្រប់ ១លានដូស ចិនសន្យានឹងប្រគល់ជូនកម្ពុជាបន្តបន្ទាប់នាពេលក្រោយទៀត។ នៅពេលវ៉ាក់សាំងកូវីត១៩របស់ចិន ត្រូវបានប្រគល់មកអោយកម្ពុជាជាផ្លូវការហើយ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងនេះ មុនគេ។ ដោយឡែក ប្រជាពលរដ្ឋទូទៅ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីត១៩នេះ ដូចគ្នាដែរ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពីហិង្សាលើស្ត្រី ត្រូវបានប្រកាសអនុវត្ត នៅថ្ងៃទី១៩ ខែមករា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេចក្រឡោម បានសង្កត់ធ្ងន់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរតួនាទីសំខាន់ណាស់ ក្នុងការបង្ការ និងទប់ស្កាត់ហិង្សាលើស្ត្រី។ ផែនការសកម្មភាពជាតិនេះ គឺជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន ប្រតិបត្តិករនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កាលពីថ្ងៃទី២០ ខែមករា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជានឹងស្នើសុំជំនួយវ៉ាក់សាំងកូវីត១៩បន្ថែម ពីប្រទេសរុស្ស៊ី បន្ទាប់ពីកម្ពុជា បានស្នើរួចរាល់ហើយ ទៅកាន់រដ្ឋាភិបាលឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ គិតមកត្រឹមថ្ងៃទី២០ ខែមករា កម្ពុជាទទួលបានការសន្យាផ្តល់ជំនួយវ៉ាក់សាំងកូវីត១៩ ពីប្រទេសចិនចំនួន ១លានដូស និងថវិកាសប្បុរជន ចូលតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាង ៥៧ លានដុល្លារសហរដ្ឋអាមេរិក បូកបន្ថែមនឹងថវិការាជរដ្ឋាភិបាល បានត្រៀមបម្រុងពី ១០០ ទៅ ២០០លានដុល្លារទៀត រួមទាំងជំនួយពីប្រទេសជាមិត្តរបស់កម្ពុជា សម្រាប់បញ្ជាទិញវ៉ាក់សាំងកូវីត១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត។
របាយការណ៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំ២០២០ បានបង្ហាញនៅក្នុងសប្តាហ៍នេះថា បើទោះបីស្ថានភាពកូវីដ ធ្វើឱ្យពិភពលោក បានបង្ហាញពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៏ដោយ ក៏មិនទាន់មានផលប៉ះពាល់ដល់ដំណើរការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត នៅកម្ពុជានៅឡើយទេ។ ក្នុងនោះ នៅឆ្នាំ២០២០ កន្លងមក មានកម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. កើនឡើងជាងឆ្នាំ២០១៩ ខណៈស្ត្រីកម្មការិនីសម្រាលបានកូនភ្លោះ ៣ មានចំនួន ១៣នាក់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់រោងចក្រក្រុមហ៊ុន សហគ្រាសទាំងអស់ ត្រូវរៀបចំបើកប្រាក់អតីតភាពឡើងវិញ បន្ទាប់ពីអាក់ខាន ដោយសារវិបត្តិកូវីត១៩ នាពេលកន្លងមក។
កាលពីព្រឹកថ្ងៃទី២២ ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតី សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មី និងវិទ្យាស្ថានតេជោ សាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ ហៅផ្លូវ ជា សុផារ៉ា។ អគារទីស្ដីការក្រសួងសាធារណការថ្មីនេះ ត្រូវបានផ្លាស់ប្តូរ មកពីទីតាំងចាស់ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ អគារថ្មីនេះ ចំណាយពេលសាងសង់ប្រមាណជិត ១ឆ្នាំ ដោយចាប់ផ្តើមបុកគ្រឹះសាងសង់ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់ កាលពីចុងឆ្នាំ២០២០ កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដងទៀត ជុំវិញការវិវត្តថ្មីៗនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលអាចនឹងត្រូវចាក់ជូនប្រជាពលរដ្ឋកម្ពុជា នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងពិចារណាបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ បន្ថែមពីចិន ពីកូរ៉េខាងត្បូង និងពីអង់គ្លេស។ នៅពេល ដែលវ៉ាក់សាំងរបស់ចិន ដែលជាជំនួយឥតសំណង មកដល់កម្ពុជា នៅខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលនៅព្រលានយន្តហោះ ហើយសម្តេច ជាមនុស្សទីមួយ ដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
មានកុមារកម្ពុជា ចំនួន ៨៧ នាក់ បានជាសះស្បើយពីជំងឺបេះដូងចំហ បន្ទាប់ពីបានធ្វើការវះកាត់ និងព្យាបាលនៅប្រទេសចិន កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ ដែលបានបង្ហាញក្នុងកម្មវិធីផ្សព្វផ្សាយចែករំលែកបទពិសោធន៍ការជួយកុមារកម្ពុជា ដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហ នៅប្រទេសចិន ដែលបានធ្វើឡើង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ទេព ងន អនុប្រធានទព្រឹទ្ធសភា។
និយាយពីកូវីដ១៩ នៅក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧នាក់ និងជាសះស្បើយ ១៨នាក់។ ក្នុងនោះ មានពលករខ្មែរ មកពីថៃ រកឃើញឆ្លងកូវីដ១៩ ក្នុងសប្តាហ៍នេះ មានចំនួន ១២នាក់ និងបានជាសះស្បើយ ចំនួន ១៨នាក់។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៦នាក់។ រីឯអ្នកជាសះស្បើយ មានចំនួន ៤០៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាល មានចំនួន ៥៣នាក់។
ក្នុងនោះ ពលករមកពីថៃ បានរកឃើញឆ្លងកូវីដ១៩ សរុបចំនួន ៨១នាក់ និងជាសះស្បើយ ៣៩នាក់។ នេះបើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១៕