ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖សហរដ្ឋអាម៉េរិកបានបញ្ជាក់អះអាងឡើងវិញអំពីការគាំទ្រកោះតៃវ៉ាន់ក្រោយចិនបញ្ជូនយន្តហោះទៅជិតកោះសេរីមួយនេះនៅក្នុងអ្វីដែលទំនងជាចង់ធ្វើតេស្តិ៍រដ្ឋាភិបាលអាម៉េរិកថ្មី។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក៨គ្រឿងនិងយន្តហោះប្រយុទ្ធ៤គ្រឿងរបស់ចិន បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសៅរ៍ និងកងកម្លាំងអាកាសតៃវ៉ាន់បានបញ្ជាអោយកម្លាំងកាំជ្រួចតាមដានការហោះចូលនេះ។
ក្រសួងការបរទេសអាម៉េរិកក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា វា«កត់សំគាល់ការព្រួយបារម្ភអំពីទំរង់នៃការប៉ុនប៉ងជាបន្តរបស់ចិនដើម្បីបំភិតបំភ័យអ្នកជិតខាង រួមមានតៃវ៉ាន់»។
អ្នកនាំពាក្យ នេត ប្រាយស៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា « យើងទទូចអោយរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចរបស់ខ្លួនលើតៃវ៉ាន់ ហើយជំនួសមកវិញចូលរួមចរចាដោយមានន័យជាមួយតំណាងជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់»។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ និងធានាការពារកោះនេះពីការគំរាមរបស់ចិន ក្នុងពេលជាមួយគ្នាក៏គាំទ្រដំណោះស្រាយដោយសន្តិវិធីមួយអំពីបញ្ហារវាងភាគីទាំងពីរ។
នៅមិនទាន់មានចម្លើយតបពីចិនយ៉ាងណាទេនៅថ្ងៃអាទិត្យនេះ។
ក្រសួងយោធាតៃវ៉ាន់ បាននិយាយថា ចិនកាលពីថ្ងៃសៅរ៍បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក៨គ្រឿងដែលអាចផ្ទុកក្បាលគ្រាប់នុយគ្លេអ៊ែរ និងយន្តហោះប្រដេញ៤គ្រឿង ចូលក្នុងដែនអាកាសរបស់ខ្លួននៅភាគនិរតីនៃកោះ តែចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដូច្នេះការហោះរបស់យន្តហោះឬបើកនាវាជិតកោះនេះវាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ៕
រូបភាពបញ្ចេញដោយក្រសួងយោធាតៃវ៉ាន់ បង្ហាញយន្តហោះទម្លាក់គ្រាប់H-6របស់ចិនហោះជិតតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ២០២០