ប្រែសម្រួលៈវាសនា/មូស្គូ៖ ប៉ូលិសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានចាប់ខ្លួនអ្នកប្រឆាំងតវ៉ាប្រមាណ៣.០០០នាក់នៅក្នុងការតវ៉ាប្រឆាំងទូទាំងប្រទេស ដើម្បីអោយដោះលែងមេដឹកនាំប្រឆាំង អាឡេស៊ី ណាវ៉ានីដែលជាគូសត្រូវធំបំផុតរបស់វិមានក្រឹមឡាំង។
ការតវ៉ាប្រឆាំងនៅទីក្រុងជាច្រើនក្នុងសីតុណ្ហភាពចុះដល់ដក៥០អង្សាសេ បញ្ជាក់អំពីថាតើណាវ៉ានី បានបង្កើតឥទ្ធិពលកំរិតណា ហួសពីមជ្ឈដ្ឋាននយោបាយនិងវប្បធម៌នៅក្រុងមូស្គូនិង សេន ភីធឺស្បឺក។
នៅក្រុងមូស្គូ បាតុករប្រមាណ១៥.០០០នាក់បានជួបជុំនៅក្នុងនៅម្តុំទីលានពូស្គីន នៅកណ្តាលទីក្រុង ដោយពួកគេបានប៉ះទង្គិចជាមួយប៉ូលិស ហើយបាតុករត្រូវបានប៉ូលិសចាប់ខ្លួននាំយកទៅកាន់រថយន្តដែលរង់ចាំស្រាប់។ខ្លះត្រូវប៉ូលិសវាយនឹងដំបងថែមទៀត។
បាតុករប៉ះជាមួយប៉ូលិសក្នុងអំឡុងការតវ៉ាប្រឆាំងនឹងការចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង អាឡេស៊ី ណាវ៉ានីកាលពីថ្ងៃ២៣មករានៅក្រុងសេន ផេធឺស្បឺក
នៅមូស្គូ ប៉ូលិសរុស្ស៊ីចាប់ខ្លួនបាតុកររាប់រយនាក់ដែលចេញមកតវ៉ាទាមទារតាមដងផ្លូវក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យកាលពីថ្ងៃសៅរ៍
OVD-Info ដែលជាក្រុមតាមដានបាតុកម្មនេះបាននិយាយថា មនុស្ស១.១៦៧នាក់ត្រូវបានចាប់ខ្លួននៅមូស្គូនិងជាង៤៦០នាក់នៅសេន ភីតធឺស្បឺក។សរុប មនុស្ស៣.០៦៨នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប្រមាណ៩០។
ណាវ៉ានី ដែលជាសត្រូវផុតលេខរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៧មករានៅក្រុងមូស្គូ នៅពេលលោកវិលពីអាឡឺម៉ង់ក្រោយការព្យាបាលការពុលសារធាតុសសៃប្រសាទដែលលោកបន្ទោសលើវិមានក្រឹមឡាំង។
អាជ្ញាធររុស្ស៊ីបាននិយាយថា ការស្នាក់នៅរបស់លោកនៅអាឡឺម៉ង់បានរំលោភលក្ខខណ្ឌនៃការព្យួរទោសចំពោះទោសឧក្រិដ្ឋមួយនៅឆ្នាំ២០១៤។
ក្រោយត្រូវបានបង្ក្រាបដោយប៉ូលិស ពួកអ្នកគាំទ្រលោកណាវ៉ានីអំពាវនាវធ្វើការតវ៉ាប្រឆាំងសាជាថ្មីនៅចុងសប្តាហ៍ខាងមុខ៕