លោក ស សុខា ផ្តល់អំណោយជូនសិស្សពិការ នៅវិទ្យាល័យអប់រំពិសេសសៀមរាប

ដោយ: មុនីរ័ត្ន/ភ្នំពេញ:លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងក្រុមការងារក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃទី២៣ ខែមករា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ព្រមទាំងរៀបចំអាហារសាមគ្គីជូនសិស្សគថ្លង់ និងពិការភ្នែក នៅក្នុងវិទ្យាល័យអប់រំពិសេសសៀមរាប ។

ក្នុងឱកាសនោះ លោក ស សុខា និងភរិយា ក៏បាននាំយកអំណោយរបស់សប្បុរសជនក្លិបបាល់ទាត់វិសាខា រួមមាន អង្ករ ចំនួន ៣តោន ត្រីខកំប៉ុង ១០កេសធំ ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ មីម៉ាម៉ា ១០កេសធំ ទឹកក្រូច ២០កេស និងទឹកសុទ្ធ ចំនួន ១០កេស ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសសៀមរាប ដើម្បីចូលរួមសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ ។

លោក ស សុខា និងភរិយា ព្រមទាំងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗសិស្សគថ្លង់ និងពិការភ្នែក ក្នុងវិទ្យាល័យអប់រំពិសេស សៀមរាប ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ។

សូមបញ្ជាក់ថា វិទ្យាល័យអប់រំពិសេស សៀមរាប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហ្សាដឺហ្គោល ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានអគារ ១២ខ្នង មានបុគ្គលិក ៣៩នាក់ និងមានសិស្សគថ្លង់-ពិការភ្នែក សរុបចំនួន ១៨៤នាក់ ស្រី ៧០នាក់ ។ ក្នុងនោះសិស្សគថ្លង់ ១៤៩នាក់ ស្រី ៥៨នាក់ និងសិស្សពិការភ្នែក ៣៥នាក់ ស្រី ១២នាក់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular