ប្រែសម្រួលៈវាសនា/ដេត្រយ៖ មាននរណាម្នាក់នៅរដ្ឋមីស៊ីហ្គឹន បានទិញសន្លឹកឆ្នោតត្រូវរង្វាន់មហាសេដ្ឋី Mega Millions តំលៃ១,០៥ពាន់លានដុល្លារ ។វាជារង្វាន់ធំបំផុតក្នុងប្រវត្តិសាស្ត្រឆ្នោតអាម៉េរិក។
សន្លឹកឆ្នោតដែលត្រូវរង្វាន់ធំនេះ មានលេខ4, 26, 42, 50 និង 60 ជាមួយនឹងគ្រាប់បាល់ចុងក្រោយលេខ24 ។វាត្រូវបានគេលក់នៅហាងលក់គ្រឿងទេសមួយនៅជាយក្រុងដេត្រយ។
រ៉ាឆែល ហឺស អ្នកនាំពាក្យក្រុមហ៊ុនលក់គ្រឿងទេសបាននិយាយថា « មាននរណាម្នាក់នៅមីស៊ីហ្គឹន ភ្ញាក់ឡើងជាមួយនឹងដំណឹងផ្លាស់ប្តូរជីវិតនៅព្រឹកនេះ ។ក្រុមហ៊ុនKroger Michiganអបអរមហាសេដ្ឋីថ្មី»។
សូមបញ្ជាក់ថា រង្វាន់កំពូល Mega Millions បានកើនឡើងចាប់តាំងពីថ្ងៃ១៥កញ្ញាឆ្នាំមុន នៅពេលសន្លឹកឆ្នោតរង្វាន់ធំត្រូវបានគេលក់នៅរដ្ឋ វីស្កុនស៊ីន។ឥឡូវរង្វាន់ចាប់ផ្តើមរបស់ឆ្នោតនេះមានតំលៃ២០លានដុល្លារហើតតំលៃរបស់វាចេះតែកើនបន្តបន្ទាប់បើមិនមានអ្នកឈ្នះ។
សូមបញ្ជាក់ថា ការចេញលេខឆ្នោតរង្វាន់ជាង១ពាន់លានដុល្លារកាលពីយប់ថ្ងៃសុក្រ បានកើតឡើងតែ២ថ្ងៃក្រោយសន្លឹកឆ្នោតPowerballមួយលក់នៅរដ្ឋ មែរីលែន ត្រូវរង្វាន់៧៣១,១លានដុល្លារ។
ក្រុមហ៊ុនឆ្នោតMichigan Lottery បាននិយាយថា អ្នកឈ្នះឆ្នោតរង្វាន់ធំនេះ អាចមានជំរើស២ គឺយកប្រាក់រង្វាន់ប្រចាំឆ្នាំចំនួន៣០ដង ឬប្រាក់ដុលចំនួន៥៥៧លានដុល្លារក្រោយកាត់ពន្ធរួច តែកន្លងមកភាគច្រើនបំផុតជ្រើសយកប្រាក់ដុលភ្លាមៗ។
ឱកាសឈ្នះឆ្នោតរង្វាន់ធំនេះ គឺ១ក្នុងចំណោម៣០២,៥លាន ។ឆ្នោតនេះលេងនៅ៤៥រដ្ឋរបស់អាម៉េរិក រួមទាំងរដ្ឋធានីវ៉ាស៊ីនតោន និងកោះវៀជីន អាយលែនរបស់អាម៉េរិក៕
ឆ្នោតរង្វាន់ធំត្រូវបានគេលក់នៅហាងលក់គ្រឿងទេសមួយនៅជាយក្រុងដេត្រយហើយអ្នកទិញវាក្លាយជាសេដ្ឋីភ្លាមនៅព្រឹកថ្ងៃសៅរ៍