ចុះ​ពិនិត្យ​ការសង់​ផ្លូវ​ក្រាល​កៅស៊ូ​ចម្ងាយ​២៨​គីឡូម៉ែត្រ​ត​ភ្ជាប់​រវាង​ភ្នំ​ហាន់ជ័យ និង​ផ្លូវជាតិ​លេខ​៧១C(​សេ​)​ស្រុក​ស្ទឹងត្រង់​

ដោយ​: គង់​ហេង​/ កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​បាននិងកំពុង​សាងសង់ ដោយ​នាយកដ្ឋាន​វិស្វកម្ម​របស់​ក្រសួងការពារជាតិ​ចម្ងាយ ២៨​គីឡូម៉ែត្រ ត​ភ្ជាប់​រវាងផ្លូវ​រមណីយដ្ឋាន​ភ្នំ​ជ័យ ស្រុក​កំពង់សៀម និង​ផ្លូវជាតិ​លេខ ៧១ C ស្រុក​ស្ទឹងត្រង់​នៅ​ថ្ងៃទី ២៣ មករា​។​

​លោក អ៊ឹង វិសុទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម​ដែល​អមដំណើរ​ប្រតិភូ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២៤ មករា​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​បណ្តោយ​ប្រវែង​ប្រមាណ ២៨​គីឡូម៉ែត្រ និង​ទទឹង ប្រាំមួយ​ម៉ែត្រ​ប្រភេទ​DBST(​ឌី​ប៊ី​អេស​ធី​) កម្រាស់​ពីរ​ជាន់​។ សង់​ចាប់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម ឆ្លងកាត់​ទឹកដី​ឃុំ​ទួល​ព្រះ​ឃ្លាំង និង​ឃុំ​សូ​ភាស ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ ៧១ C ស្រុក​ស្ទឹងត្រង់​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា គម្រោង​ផ្លូវ​នេះ​ជា​ថវិកា​ពហុ​ឆ្នាំ​ជំពូក​២១ របស់​នាយក ដ្ឋា​ន​ផ្លូវលំ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម របស់​ក្រសួងការពារជាតិ ចាប់​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ខាង​លោក​នៅ​ពុំទាន់​ដឹង​លទ្ធផល​សម្រេច​ជា​ភាគរយ នៃ​ការសាងសង់​ផ្លូវ​ប្រវែង ២៨​គីឡូម៉ែត្រ​នេះ​ទេ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ២៣ មករា​ដដែល​នេះ​ក្រៅពី​ចុះ​ពិនិត្យ​ការសង់​ផ្លូវ​ខាងលើ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី បាន​ចុះ​ពិនិត្យ​សកម្មភាព​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់ និង​ចិញ្ចឹម​ត្រី​នៅ​ស្រុក​កំពង់សៀម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular