ដោយ: សាវរក្ស / ភ្នំពេញ: លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់អតីតយុទ្ឋជនជាមន្ត្រីនគរបាល ដែលចូលនិវត្តន៍ ចំនួន២៣គ្រួសារ។
ថ្លែងក្នុងពិធីសំណេះសំណាល លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អំណោយបន្តិចបន្តួចនេះ គឺជាទឹកចិត្ត និងជាការយកចិត្តទុកដាក់ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់អតីតយុទ្ធជន បើគ្មានអតីតយុទ្ធជន ក៏ប្រហែលជាគ្មានថ្ងៃនេះដែរ ដែលកន្លងមក បានចូលរួមជួយអោយយើងបានសេចក្តីសុខ សុវត្ថិភាព។
ក្រៅពីការផ្តាំផ្ញើសួរសុខទុក្ខ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមអោយបងប្អូន អតីតយុទ្ធជន ថែរក្សាសុខភាពអោយបានល្អ ក្នុងនោះដែរចូលរួមថែរក្សាបរិស្ថាន ជុំវិញ ដោយត្រូវវេចខ្ចប់ សំរាម អោយបានត្រឹមត្រូវ និងសូមសំណូមពរ ដល់អតីតយុទ្ធជន ប្រសិនក្នុងមូលដ្ឋាន មានបញ្ហាអសន្តិសុខ គឺរាយការណ៍មកលោកផ្ទាល់ លោកចាត់កំលាំងចុះអន្តរាគមន៍ ភ្លាមៗ អោយទាន់ពេលវេលា ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងបរិបទសម័យជំងឺកូវីដ១៩ លោកអធិការក៏សូមអោយ ចូលរួមថែរក្សាអនាម័យ ដោយពាក់ម៉ាស់ បាញ់អាល់កុល លាងដៃជាមួយជៀល ឬ សាប៊ូ អោយបានទៀងទាត់។
អំណោយរបស់លោកស្នងការ ស ថេត ដែលផ្តល់ជូនមន្ត្រីនគរបាលចូលនិវត្តន៍ តាមរយៈលោក ហ៊ាង ថារ៉េត នាពេលនេះ រួមមាន ៖ ថវិកា ចំនួន ៥ម៉ឺនរៀល, អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ឋ ១កេស, ទឹកផ្លែឈើ ១កេស, មី ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕