អាជីវ​ករលក់​គុយទាវ​ជាង ៤០​រូប បានទទួល ឆ្នាំង​ស៊ុប​ថ្មី​ធ្វើ​ពី​ដែក​អី​ណុ​ក សុវត្ថិភាព​ក្នុងការ​ចំអិន​អាហារ​

ដោយៈ​សុផល​/​ភ្នំពេញៈអ្នក​ប្រកប​អាជីវកម្ម​លក់​គុយទាវ​មួយចំនួន​បាន​ប្រើ​ឆ្នាំង​ស៊ុប​ស្រុះ​គុយទាវ​ធ្វើ​ពី​លុយ​មី​ញ៉ូ​មចាស់ៗ​។​ឆ្នាំង​ស៊ុប​ប្រភេទ​នេះ​លុះដល់​ពេល​ក្តៅ​ខ្លាំង​វា​នឹង​រលាយ​ជា​អាលុយមីញ៉ូម​អ៊ី​ដ្រុ​ក​ស៊ីត​(Aluminum Hydroxide)​។​សារធាតុ​នេះ​ចំនួន​តិចតួច​ក៏​ពិតមែន​តែ វា​អាច​ឆ្លងតាម​កាត់​ចំណីអាហារ​របស់​មនុស្ស​ចូលក្នុង​រាងកាយ ហើយ​ជា​ក៏​ប្រភព​នៃ​ការប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​

​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​សុខភាព​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៤​មករា​នេះ​ក្លិប​Rotary(​ក្លិប​រ៉ូ​ត​ថា​រី ខេ​ប​ភី​ថ​ល ក្លិប​រ៉ូ​ត​ថា​រី សេន​ត្រល​និង​ក្លិប​រ៉ូ​ត​ថា​រី​ចតុមុខ​)​និង​ផ្សារ​ម៉ាក្រូ​បាន​សហការគ្នា​រៀបចំ​ព្រឹត្តិ ការណ៍​សប្បុរសធម៌​បរិច្ចាគ​ឆ្នាំង​ស៊ុប​ថ្មី​ដោយ​ឱ្យ​ហាង​លក់​គុយទាវ​ដែលមាន​ឆ្នាំង​ចាស់​មក​ប្តូរ​យក​ឆ្នាំង​ថ្មី​។​អាជីវ​ករលក់​គុយទាវជាង៤០​រូបបានទទួល​ឆ្នាំង​ស៊ុប​ថ្មី​ធ្វើ​ពី​ដែក​អី​ណុ​កដែលមាន​សុវត្ថិ ភាព​ក្នុងការ​ចំអិន​អាហារ​។

​ប្រធាន​ក្លិប​រ៉ូ​ត​ថា​រី​ខេ​ប​ភី​ថ​ល លោក ហុង ចុង​ចូ​វ បាន​លើកឡើងថា​៖​ឆ្នាំង​ចាស់ៗ​ឬ​ឆ្នាំង​អាលុយ មីញ៉ូម​ដែល​ត្រូវបាន​កំដៅ​នៅ សីតុណ្ហភាព​ខ្ពស់​នឹង​បង្ក​ជា​ជាតិគីមី​អាលុយមីញ៉ូម​អី​ដ្រូ​សែន​ដែល​បង្ក អន្តរាយ​ដល់​សុខភាព​រាងកាយ​មនុស្ស​និង​អាច​បណ្តាលឱ្យ​កើត​ជំងឺ​តម្រងនោម​និង​ជំងឺ​វង្វេង​។​ផ្អែកលើ​ការពិចារណា​ដ៏​ម៉ត់ចត់​និង​គិតគូរ​​អំពី​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រជាជន​កម្ពុជា  ​លោក​បាន​ផ្តួចផ្តើម​ការសហការ​គ្នារ​វាង​ផ្សារ​ម៉ាក្រូ​និង​ក្លិប​រូត​ថា​រី​ទាំងបី​ដើម្បី​ប្រារព្ធ​កម្មវិធី​ប្រគល់​ឆ្នាំង​ស៊ុប​ថ្មី​នេះ ដោយសង្ឃឹមថា​សកម្មភាព​នេះ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ស​ង្គ​ម​និង​សាធារណ​ជន​​ឱ្យ​យើង​បរិភោគ​ដោយ សុវត្ថិភាព​និង​អនាម័យ​។​

​អ្នកស្រី ឡេង ផល្លី ប្រធាន​ក្លិប​រ៉ូ​ត​ថា​រី​ចតុមុខ​បាន​និយាយថា​ប្រសិនបើ​អាជីវករ​ម្នាក់​ក្នុង​១​ហាង​លក់​គុយទាវ​បាន​១០០​ចាន​ក្នុង មួយថ្ងៃ​ហើយ​ហាង​ចំនួន​៤០​នឹង​លក់​គុយទាវ​បាន​ចំនួន​៤០០០​ចាន​ស្មើនឹង​ការជួយ​សង្គ្រោះ​អតិថិជន​៤.០០០​នាក់​ឱ្យ​ជៀស​ពី ជំងឺ​និង​អាច​បរិភោគ​ចំណីអាហារ​ដោយ​សុវត្ថិភាព​។​លោកស្រី​បាន​បន្តថា​៖​យើង​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​បែបនេះ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ធ្វើឱ្យ​ប្រជាជន​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​កាន់តែច្រើន​និង​ធ្វើឱ្យ​មនុស្ស​បរិភោគ​កាន់​តែមាន​សុខភាព​ល្អ​និង​មាន​សុវត្ថិភាព​។​

​អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​ម៉ាក្រូ​លោក ផាត់ ឆា​រ៉ា បាន​មានប្រសាសន៍ថា​៖​សកម្មភាព​បរិច្ចាគ​ឆ្នាំង​ស៊ុប​ដែក​អ៊ី​ណុ​ក​ថ្មី​នេះ​តែងតែបាន ប្រារព្ធ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ឆ្នាំង​ស៊ុប​ដែក​អាលុយមីញ៉ូម​ចាស់​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​។​ធាតុ​អាលុយមីញ៉ូម​ជា​សារធាតុ​បង្ក​មហន្តរាយ​និង​មាន​ឥទ្ធិពល​បង្ក​ជា​មហារីក​ថែម​ទៀតផង​។​ប្រសិនបើ​មនុស្ស​វ័យ​ចំណាស់​ទទួល​ទាន​​សារធាតុ​អាលុយមីញ៉ូម​ច្រើនពេក​ពួកគេ​ងាយ​នឹង​ទទួលរង​ពី​ជំងឺ​វង្វេងស្មារតី​និង​ពុក​ឆ្អឹង​។​លើស​ពីនេះ​ទៀត​អាលុយមីញ៉ូម​ក៏​អាច​កាត់បន្ថយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ របស់​រាងកាយ​និង​នាំមក​នូវ​គ្រោះថ្នាក់​ផ្សេងៗដល់​ជាលិកា​និង​សរីរាង្គ​ដូចជា​ខួរក្បាល ថ្លើម តំរងនោម បេះដូង​និង​ប្រព័ន្ធ​សរសៃប្រសាទ​។​

​គង់ និមល តំណាង​សមាជិក​ក្លិប​រ៉ូ​ត​ថា​រី​សេន​ត្រល​ក៏បាន​ថ្លែង​ផងដែរ​ថា​ក្លឹប​រ៉ូ​ត​ថា​រី​នៅ​រាជធានី​ភ្នំពេញ​កំពុង​ស្វែងរក​ជំនួយ​ផ្សេងៗ បន្ថែម​ជាច្រើន​ដើម្បី​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​រងគ្រោះ​និង​ផល​លំបាក​ក្នុងសង្គម​។​រ៉ូ​ត​ថា​រីនឹង​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​បង្កើតឱ្យមាន​សុខភាព​ល្អ​និង​ជីវិត​ប្រសើរឡើង​។​

​ក្លឹប Rotary គឺជា​សមាគម សប្បុរសធម៌​ប្រចាំ​តំបន់​នីមួយៗ​ដែល​ត្រូវបាន​បង្កើតឡើង​ស្របតាម​ច្បាប់​របស់​ក្លិប រ៉ូ​ត​ថា​រី អន្តរជាតិ ក្នុង​គោលបំណង​លើកកម្ពស់​ផ្លាស់ប្ដូរ​មនុស្ស​ឱ្យមាន​វិជ្ជាជីវៈ​ខ្ពស់​និង​ផ្តល់​សេវា​សង្គម​។​ក្លិប​រ៉ូ​ត​ថា​រី​ដំបូងបង្អស់​លើ​ពិភពលោក​ត្រូវបាន​បង្កើតឡើង​ដោយ Paul Harris នៅ​ទីក្រុង​ឈី​កា​ហ្គោ រដ្ឋ​អ៊ុ​លីណ​យ សហរដ្ឋអាមេរិកនៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​១៩០៥៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular