ដោយ: ប.ជ័យ / បន្ទាយមានជ័យ: យុវជន២នាក់ បើកម៉ូតូល្បឿនលឿនដល់ផ្លូវកោង ជ្រុលទៅបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវក្រាលកៅស៊ូ ពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានឲ្យដឹងថា ម៉ូតូនោះមានម៉ាកហុងដាឌ្រីម ពណ៌ ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1H-1303 បើកដោយឈ្មោះ រឿង រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះ គល់ ផានី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុនោះ អ្នកបើកម៉ូតូបើកពីលិចទៅកើតក្នុងល្បឿនលឿន។ លុះដល់ចំណុចផ្លូវកោងខ្លាំង ក៏យកចង្កូតមិនទាន់ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកនីសាន់ ប្រភេទដឹកទំនិញពណ៌បៃតង ពាក់ផ្លាកលេខ បាត់ដំបង 2A-7217 ចំពីមុខពេញទំហឹង។ គឺបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។ ចំណែកអ្នករួមដំណើររងរបួសធ្ងន់៕