Home ព័ត៌មានជាតិ សង្គម អភិបាលខេត្តប៉...

អភិបាលខេត្តប៉ៃលិនណែនាំមន្ត្រីក្នុងអង្គភាព និងក្នុងមូលដ្ឋានមិនត្រូវធ្វើមន្ត្រីផ្លែល្វាបានតែអែបអប ការងារមិនធ្វើ

ដោយ: ភ្នំខៀវ / ប៉ៃលិន÷ អភិបាលខេត្តប៉ៃលិនបានណែនាំដល់មន្ត្រីតាមបណ្តាអង្គភាព និងក្នុងមូលដ្ឋានទាំងអស់មិនត្រូវធ្វើជាមន្ត្រីផ្លែល្វាចេះតែអែបអបយកចិត្តមេតែការងារមិនមានឆន្ទះធ្វើ។

ក្នុងពិធីចែកអំណោយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅថ្ងៃទី ២៤ ខែមករា នេះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងថាមន្រ្តីនៅតាមមន្ទីរ អង្គភាពនានា ក៏ដូចជាមន្ត្រីនៅក្នុងមូលដ្ឋានទាំងអស់មិនត្រូវជាមន្រ្តីផ្លែល្វា និងមន្រ្តីឡេមឡឺមនោះឡើយដោយចេះតែយកគួរ ធ្វើដូចជាប្រឹងប្រែងនៅចំពោះមុខមេកើយ ម៉្យាងទៀតចេះបានតែដើរហែហមយកមុខ យកមាត់ចំណែកការងារគ្មានឆន្ទ: មិនស្មោះត្រង់ ហើយធ្វើខុសមិនទទួលស្គាល់ទៅទម្លាក់កំហុសដាក់លើអ្នកដទៃ។

ឱកាសខាងលើនេះដែរលោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិនក៏នាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តុិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋតរៀងមក ពិសេសពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់ព្រំដែន។

ស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ២៥៩គ្រួសារនៅពេលនេះរួមមាន: អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីត១កញ្ចប់ក្នុងនោះមាន មុង ភួយ កន្ទេល ថវិកា ៥០.០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី  ហ៊ុនសែន។ ចំណែកឯប្រជាពលរដ្ឋរបួសពិការមួយចំនួនទៀតបានថវិកាឧបត្តម្ភចំនួន៥០.០០០រៀលបន្ថែមទៀតពីលោកអ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular