ឆ្នាំជូត
រាសីស្រុតចុះ។អ្នកកើត ឆ្នាំ កណ្តុរ នៅថ្ងៃនេះ លោកអ្នក ធ្វើអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទើស និងមានរឿងរាវកំប៉ិកកំប៉ុកមកយាយីចិត្តផង។ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ចរចា បណ្តាក់ទុនឬធ្វើកិច្ចសន្យាអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ការរស់នៅមានភាពសុខដុម និងកំពុងស្រុះស្រួលក្នុងគ្រួសារផង។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិន ដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងបើគិតរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកប្រកបការងារអ្វីត្រូវសន្សឹមៗហើយមិនត្រូវធ្វើកិច្ចការងារអ្វីសំខាន់ពេកដែរពីព្រោះថាឧបសគ្គនៅរារាំងមុខខ្លះៗនាំជួបផលលំបាកក្នុងការរែកពន់។ទោះបីយ៉ាងណាការបំពេញការងារអ្វីក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែសបានទេត្រូវប្រយ័ត្នប្រយែងហើយព្យាយាមឱ្យខ្លាំងទើបហុចផ្លែផ្កាដូចជាទីពេញចិត្តទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ដោយមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកឡើង បើពុំនោះនាំតែរឿងរាវដាក់ខ្លួនប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតែថយក្រោយវិញក៏ឆាប់រហ័សណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារឬដំណើការបញ្ហាទាក់ទងនឹងប្រាក់កាសផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារធំដុំឬកិច្ចការងារសំខាន់អ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីតែងមានបញ្ហានាពេលក្រោយនាំពិបាកទប់ទល់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើវិញតែអ្នកជួញជិតមានការខ្សត់ខ្សោយបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់ទៅរួច។ការធ្វើដំណើរឆ្ងាយជិតមិនសូវសុវត្តិភាពប៉ុន្មានទេពិសេសបញ្ហាចរាចរតែម្តង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកជួបរឿងប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងយកឈ្នះតែរៀងខ្លួន៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកបើសម្រេចចិត្តអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់និងបញ្ហានឹងកើតឡើងនាពេលក្រោយនោះក៏ច្រើនដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ដោយឡែកការរស់នៅឱ្យប្រយ័ត្នជម្លោះវិវាទតែម្តង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី ពុំសូវមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំស្វា គប្បីប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចពីព្រោះថាងាយកើតនូវរោគជំងឺទាំងចាស់ទាំងថ្មីយាយីច្រើនចំពោះមុខ។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវមកដេកសោកស្តាយនៅឯផ្ទះវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងកិច្ចការងារឬធ្វើអ្វីមួយពីព្រោះថាផលតែងហុចនាពេលក្រោយវិញគ្រាន់ជាទីទុកចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំច
រាសីស្រុតចុះ។នាពេលនេះការងារមានលិចមានងើបឯអារម្មណ៍មានសប្បាយចិត្តនិងកើតបញ្ហាមួហ្មងក៏ច្រើនហេតុនេះគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អទេ ហើយពិសេសឱ្យប្រយ័ត្នគ្រោះមានជម្លោះវិវាទណាមួយកើតឡើងរកនឹកស្មានមិនដល់។ចំពោះការប្រកបការងារក្រុមហ៊ុនឯកជនមានការសៅហ្មងបន្តិចហើយលោកអ្នកអាចជួបរឿងធ្វើច្រើនខុសច្រើនទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕